អន្លង់​ខៀវ ភ្ញៀវទេសចរ​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក

0
1457

ខេត្តកំពត៖ ហ៊ុមព័ទ្ធ​ដោយ​ព្រៃឈើ ដែល​ជា​ផ្នែក​តូច​មួយ​នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ ល្បាក់​ទឹក​ហូរ ជ្រែក​ដុំថ្ម​តូច​ធំ​តាម​ជ្រលង​ដង​អូរ មក​ដល់​ត្រង់​ចំណុច​មួយ​មាន​លក្ខណៈ​ជា​អាង ស្ទើរ​រាង​មូល មុន​នឹង​ធ្លាក់​ទៅ​ខាង​ក្រោម​គឺជា​កន្លែង​អំណោយ​ផល​ដល់​ទេសចរ ប្រាថ្នា​ហែល​ទឹក​លេង នែប​និត្យ​ជាមួយ​នឹង​ធម្មជាតិ​ដ៏​ស្រស់​បំព្រង។

អាងទឹក​ធម្មជាតិ ដ៏​ថ្លាយង់ ពណ៌​ខៀវ​ស្រងាត់ និង​ត្រជាក់​ស្រេង​នេះ គឺ​ទឹកធ្លាក់ អន្លង់​ខៀវ ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ព្រែកត្នោត ឬ​អន្លង់​ធំ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្ត​កំពត ឆ្ពោះ​ទៅ​កាន់ វាលរេញ ក្នុង​ចម្ងាយ​ប្រមាណ​ជិត ៣០ គីឡូម៉ែត្រ។

ភ្ញៀវទេសចរ ត្រូវ​មក​ដល់​សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត ឬ អន្លង់​ធំ នេះ​សិន មុន​នឹង​បន្ត​ធ្វើ​ដំណើរ​ឡើង​ភ្នំ កាត់​ព្រៃ​លើ​ផ្លូវ​មាន​ថ្ម​រដិប​រដុប​បន្តិច​ប្រមាណ​ជា ១៥ នាទី ទើប​បាន​ទៅ​ដល់​ទីឋាន​រមនា​នោះ។

ប្រភព​ : ភ្នំពេញប៉ុស្តិ៍