ឆ្នេរអង្កោល ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តកែប

0
1385

កែបៈ ឆ្នេរអង្កោល ដែលមានទីតាំងស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បច្ចុប្បន្នបាន នឹងកំពុងក្លាយជាគោលដៅទេសចរណ៍មួយដ៏មានសោភ័ណភាព និងការទាក់ទាញដល់ ក្រុមអ្នកទេសចរ មិនអាចមើលរំលងបានឡើយ។ នេះបើតាមការចុះផ្សាយរបស់ AKP កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

លោក ប៉ុក ទាង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា បច្ចុប្បន្នឆ្នេរអង្កោល ត្រូវបានក្រុមអ្នកទេសចរ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីក្រុមការងារបានបំផុសដល់ប្រជាពលរដ្ឋនៅតំបន់នោះ ឱ្យយកចិត្តទុកដាក់លើផ្នែកបរិស្ថាន ពិសេសការធ្វើអនាម័យជាប្រចាំ។ ប្រជាពលរដ្ឋមានការយល់ដឹងលើកត្តាអនាម័យជាចម្បង ទើបសំរាម និងកាកសំណល់ ផ្សេងៗត្រូវបានប្រមូលទុកដាក់យ៉ាងត្រឹមត្រូវ។

លោកបានបន្ដថា ឆ្នេរអង្កោលពិតជាគោលដៅទេសចរណ៍មួយប្រកបដោយទេសភាពទាក់ទាញបំផុតដែលយើងមិនអាចមើលរំលង ហើយលោកសង្ឃឹមថា នៅពេលផ្លូវប្របមាត់សមុទ្រ ឆ្ពោះទៅកាន់ឆ្នេរអង្កោលស្ថាបនាបានរួចរាល់ ភ្ញៀវច្បាស់ជាសម្រុកទៅលំហែកម្សាន្តនៅទីនោះភ្លូកទឹកភ្លូកដីជាក់ជាមិនខាន។
សូមបញ្ជាក់ផងដែរថា ដើម្បីទៅកាន់រមណីយដ្ឋានឆ្នេរអង្កោល គឺអ្នកទេសចរអាចធ្វើដំណើរតាមផ្លូវមួយខ្សែចេញពីឆ្នេរកែប ប្របតាមឆ្នេរសមុទ្រប្រវែងប្រមាណ ជិត១០គីឡូម៉ែត្រ។

បច្ចុប្បន្នផ្លូវនេះ ត្រូវបានអាជ្ញាធរខេត្ដស្ថាបនាជិតរួចរាល់ ដោយនៅសល់ប្រមាណមួយគីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងតភ្ជាប់ទៅដល់ឆ្នេរអង្កោលហើយ៕