កុលាលភាជន៍សម័យអង្គរ ១ ត្រូវបានប្រទះឃើញនៅបរិវេណប្រាសាទតាកែវ

0
1228
មន្ត្រីអាជ្ញាធរជាតិអប្សរា ប្រគល់កុលាលភាជន៍សម័យអង្គរចំនួនមួយ ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

សៀមរាប៖  លោក ហៃ ហ៊ត បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០១៩ រូបលោក និង កញ្ញា ឆេង វុចនា ដែលជាបុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា បានយកកុលាលភាជន៍បុរាណចំនួនមួយ ដែលកុលាលភាជន៍នេះ នៅមានរូបរាងល្អនៅឡើយ លើកលែងតែផ្នែកមាត់ខាងលើបែកដោយសារត្រូវនឹងផ្លែចបពេលជីកដី មកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីសម្អាតនិងជួសជុលតាមបច្ចេកទេសបុរាណវិទ្យាមុននឹងប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ – អង្គរ រក្សាទុក បន្ទាប់ពីបានប្រទះឃើញនៅបរិវេណស្ថានីយ៍បណ្តុះកូនឈើប្រាសាទតាកែវ ក្នុងពេលក្រុមការងារជីកដីក្នុងជម្រៅ២តឹក ដើម្បីយកអាចមន៍ដីទៅបណ្តុះកូនឈើ កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ។

កុលាលភាជន៍សម័យអង្គរ ត្រូវបានប្រទះឃើញនៅបរិវេណស្ថានីយ៍បណ្តុះកូនឈើប្រាសាទតាកែវ

លោក ហ៊ត បានឱ្យដឹងទៀតថា ដោយសារលោកជាបុគ្គលិកបម្រើការនៅអាជ្ញាធរជាតិអប្សរា បានដឹងព័ត៌មានខ្លះៗនៃការគ្រប់គ្រងបុរាណវត្ថុ លោកក៏ពិភាក្សាជាមួយក្រុមការងារនិងបានឯកភាពប្រគល់ភាជន៍នេះជូនអាជ្ញាធរជាតិអប្សរា ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋមួយរូប សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរដែលបានប្រទះឃើញរាល់បុរាណវត្ថុនៅទីណាក៏ដោយ សូមជួយគ្នាថែរក្សា និងប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក ដែលអាចធានាបាននូវសុវត្ថិភាព និងសម្រាប់ដាក់តាំងនៅសារមន្ទីរ ជូនដល់ប្រជាជនខ្មែរ ក៏ដូចជាសាធារណៈជនបានស្គាល់នូវស្នាដៃបុព្វបុរសខ្មែរពីសម័យមុន ។

កុលាលភាជន៍សម័យអង្គរ ត្រូវបានប្រទះឃើញនៅបរិវេណស្ថានីយ៍បណ្តុះកូនឈើប្រាសាទតាកែវ

អ្នកស្រី សឹង ស្រីទូច បុគ្គលិកមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ជំនាញផ្នែកកុលាលភាជន៍ បានបញ្ជាក់ពីអត្តសញ្ញាណនៃវត្ថុបុរាណថា ជាកុលាលភាជន៍ខ្មែរ កម្ពស់១៥​សង់ទីម៉ែត្រ ទំហំ១៦សង់ទីម៉ែត្រ លម្អដោយក្បាច់ឆ្នូតគូៗ មានស្រទាប់រលោងពណ៌ត្នោត មកពីឡទ័ពជ័យ ផលិតនៅចន្លោះ​សតវត្សទី១១ដល់ទី១៣ក្នុងសម័យអង្គ ហើយក្រោយពីទទួលកុលាលភាជន៍ អ្នកជំនាញនឹងយកទៅលាងសម្អាត ដកជាតិអំបិល និងជួសជុលវាឱ្យបានល្អ មុននឹងប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីតាំងពិព័រណ៍ ៕

អត្ថបទ និង រូបភាព ៖ លោក អ៊ិន សីហរិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

មន្ទីរព័ត៌មានខេត្តសៀមរាប