ឆ្នេរអង្កោលនឹងក្លាយឆ្នេរទេសចរណ៍សាធារណៈដ៏ទាក់ទាញមួយនាថ្ងៃខាងមុខ ក្រៅពីឆ្នេរកែប

0
227

កែប៖ ឆ្នេរអង្កោល គឺជាឆ្នេរទី២របស់ខេត្តកែប ដែលមានប្រវែងជិត៣ពាន់ម៉ែត្រ មានទីតាំងស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាឆ្នេរដែលមានវែងជាងគេ បើធៀបជាមួយឆ្នេរកែបដែលភ្ញៀវទេសចរណ៍តែងមកលេងរាល់ថ្ងៃ មានប្រវែងត្រឹមតែជាង៤០០ម៉ែត្រតែប៉ុណ្ណោះ។ ឆ្នេរនេះគឺជាឆ្នេរយុទ្ធសាស្រ្តមួយ របស់រដ្ឋបាលខេត្តកែប ដែលនឹងអភិវឌ្ឍន៍ទីនេះទៅជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ហើយដាក់ទៅជាឆ្នេរសាធារណៈ សម្រាប់ភ្ញៀវទេសចរណ៍ មកលេងកំសាន្តដោយសេរី។

ទាំងទីតាំងភូមិសាស្រ្ត និងសក្តានុពលពោលគឺឆ្នេរអង្កោលមានសព្វយ៉ាង ដើមដូងរាប់រយដើម ដែលអ្នកភូមិបានដាំ បានឈរត្រៀមត្រាជាជួរមានកម្ពស់ខ្ពស់សន្លឹម ដែលជួយបង្កើនសម្រស់នៅប្របមាត់ឆ្នេរ ចំណែកខ្សាច់នៃឆ្នេរនេះ គឺជាខ្សាច់ធម្មជាតិ មានពណ៌ត្នោត គួបផ្សុំជាមួយទឹកសមុទ្រមានពណ៌ថ្លា បានធ្វើអោយឆ្នេរនេះប្រៀបបីដូចជាកូនក្រមុំកំពុងឡើងខ្លួន ដែលគ្រាន់តែស្អិតស្អាតបន្តិចយើងនឹងអាចមើលឃើញពីសម្រស់ដ៏ស្រស់ត្រកាលជាក់ជាមិនខាន។

អភិបាលខេត្តកែប ឯកឧត្តម្ភ សោម ពិសិដ្ឋ បានផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារ CNC ប្រចាំខេត្តកែប យ៉ាងដូចនេះថា ឆ្នេរអង្កោលគឺជាឆ្នេរសក្តានុពលមួយ ហើយក៏ជាឆ្នេរយុទ្ធសាស្រ្តមួយស្ថិតក្នុងផែនការមេរបស់ថ្នាក់ខេត្ត ក្នុងគម្រោងអភិវឌ្ឍន៍បន្ថែមនូវតំបន់អេកូទេសចរណ៍ របស់ខេត្តកែប តែសព្វថ្ងៃឆ្នេរនេះ នៅជួបបញ្ហាចម្បងមួយដែលយើងកំពុងរកវិធីដោះស្រាយគឺ ការពង្រាយដោយស្មៅសមុទ្រ ដែលមកទើរលើមាត់ឆ្នេរនេះ ធ្វើអោយបរិស្ថានទីនោះមើលទៅមិនទាន់មានភាពរៀបរយនៅឡើយ

គួបញ្ជាក់ថា ក្រៅពីអភិវឌ្ឍន៍ឆ្នេរអង្កោលអោយក្លាយទៅជាឆ្នេរកំសាន្តសាធារណៈ រដ្ឋបាលខេត្តកែប ក៏កំពុងដាក់កោះទន្សាយទៅជាកោះដែលត្រូវអភិវឌ្ឍន៍ទៅជាតំបន់អេកូទេសចរណ៍ក្រោមសមុទ្រផងដែរ ដោយនឹងរៀបចំអោយមានការចុះមុជទឹកមើល ផ្កាថ្ម មើលជីវចម្រុះក្រោមសមុទ្រជាដើម។ ទីតាំងទាំងពីរនេះ មានចម្ងាយមិនឆ្ងាយប៉ុន្មានពីគ្នានោះឡើយ បើយើងធ្វើដំណើរតាមរយៈទូកអ្នកនេសាទ ប្រើពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ យើងនិងអាចទៅដល់ជាក់ជាមិនខាន៕

អត្ថបទ រូបភាព៖ ង៉ុង សាន់