
បាត់ដំបង: លោក ងាវ ប៊ុនយាង អភិបាលស្រុកសំពៅលូននៃខេត្តបាត់ដំបងកាលពីម្សិលមិញបានកំពុងធ្វើរបាយការណ៍ទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តដើម្បីបញ្ជូនមន្ត្រីជំនាញមកពិនិត្យតំបន់ទួល ១ កន្លែងដែលមានបណ្ដុំថ្មបុរាណ ដែលពលរដ្ឋអ្នកឃ្វាលគោរកឃើញហើយអះអាងថា ជា «ប្រាសាទនាងគង្ហីង»។
លោក ប៊ុនយាង បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិស្ពានយោលបាននាំគ្នាចូលព្រៃដើរឃ្វាលគោ ក្របីរបស់គេ បានប្រទះឃើញបណ្ដុំថ្មបុរាណមួយកន្លែងលើទីទួលដែលមានទំហំប្រមាណជាង ៥០ ម៉ែត្រការ៉េ នៅក្នុងព្រៃជ្រៅ នៅចំណុចទំនប់តាប៉ិន ក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយពួកគេនាំគ្នាហៅថា ប្រាសាទបុរាណ ព្រមទាំងដាក់ឈ្មោះថា «ប្រាសាទនាងគង្ហីង»។
លោក ប៊ុនយាង ថ្លែងថា៖ «ថ្មហ្នឹង ខ្ញុំអត់ទាន់អាចវាយតម្លៃជាប្រាសាទ ១០០ ភាគរយបានទេ ព្រោះបើយើងសង្កេតជាក់ស្ដែង គឺវាមានលក្ខណៈជាដុំថ្មបុរាណ ហើយវាមានក្បាច់ផ្នត់ៗដូចរូបចម្លាក់ ចាំមើលខ្ញុំដាក់របាយការណ៍ទៅមន្ទីរ ហើយឲ្យមន្ទីរគេបញ្ជូនមន្រ្តីជំនាញមកពិនិត្យជាក់ស្ដែង និងស្រាវជ្រាវឲ្យច្បាស់លាស់សិន ខ្ញុំអត់ទាន់ហ៊ានសន្និដ្ឋានទេ»។
លោកថ្លែងថា ទីតាំងកន្លែងនោះ វាគ្រាន់តែជាលក្ខណៈព្រៃរបោះធម្មតា ប៉ុន្ដែវានៅឆ្ងាយពីផ្ទះអ្នកភូមិ ហើយពលរដ្ឋតែងតែនាំគ្នាឃ្វាលគោ ក្របីរបស់ពួកគេនៅក្បែរៗនោះ តែនៅទីតាំងនោះគេមិនដែលទៅដល់ទេ ទើបតែប៉ុន្មានថ្ងៃមុនពួកគេចូលទៅដល់ហើយក៏បានប្រទះឃើញតែម្ដង។
លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង កាលពីម្សិលមិញបានអះអាងថា គ្រោងនឹងបញ្ជូនក្រុមមន្រ្តីជំនាញពីមន្ទីរចុះទៅពិនិត្យ។
លោកស្រី ថ្លែងថា៖ «ខ្ញុំអត់ទាន់ដឹងដែរ ចាំខ្ញុំសួរខាងមន្រ្តីស្រុកសិន ហើយនឹងបញ្ជូនមន្រ្តីទៅពិនិត្យជាក់ស្ដែងតែម្ដង»។ លោក ឌុយ ឌឿន មេឃុំជ្រៃសីមា កាលពីម្សិលមិញមិនអាចទាក់ទងបានទេ៕