ឧត្តរមានជ័យ ៖ នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការជាមួយមន្ត្រី មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៨ ឧសភា ២០១៨ នេះ បានចាប់ផ្តើមជួសជុល ស្ពានបុរាណមួយកន្លែង នៅដំណាក់កាលទី៤ បន្ត ស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្ពានបុរាណ ដែលត្រូវជួសជុលនោះ មានឈ្មោះថា ស្ពានទ័ព ឬអ្នកស្រុកខ្លះ ហៅថា ស្ពានអូរជីក។ ស្ពាននេះ បានកសាងឡើង នៅក្នុងចន្លោះចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ នាសម័យអង្គរ។ ស្ពាននេះ មានបណ្តោយប្រវែង ១៥១ ម៉ែត្រ, ទទឹងប្រវែង ១៦,៨០ ម៉ែត្រ និងមានកម្ពស់ គិតពីបាតក្រោម ប្រវែង ១០ ម៉ែត្រ។
លោកប្រធានមន្ទីរវប្បធម៌ខេត្ត បានឱ្យដឹងបន្តទៀតថា គោលបំណងសំខាន់ នៃការជួសជុលស្ពានបុរាណនេះ គឺដោយសារតែតួស្ពានទាំងមូល មានសភាពចាស់ទ្រុឌទ្រោម។ លើសពីនេះទៅទៀត គឺដើម្បីអភិរក្សសំណង់បុរាណ ឲ្យបានគង់វង្ស និងសម្រាប់បម្រើ ឲ្យវិស័យទេសចរណ៍ ផ្ទុយទៅវិញ គឺមិនមែនជួសជុល ដើម្បីសម្រាប់ធ្វើដំណើរ ឆ្លងកាត់ទៅមកនោះទេ។ ហើយនៅខេត្តឧត្តរមានជ័យ និងត្រូវធ្វើការជុសជុលឡើងវិញដែរ ដូចជា ប្រាសាទចាន ស្ថិតនៅស្រុកបន្ទាយអំពិល និងប្រាសាទមួយចំនួនទៀត នៅក្នុងខេត្តនេះ។
លោកស្រី ជាម ផល្លី មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានការដ្ឋាន ជួសជុលស្ពានបុរាណនោះ បានឲ្យដឹងថា ការជួលជុលស្ពានបុរាណ នៅខេត្តឧត្តរមានជ័យនេះ គឺត្រូវចំណាយ រយ:ពេល ៦ ខែ។
លោកស្រី បានបន្តថា ស្ពានទ័ពនេះ ក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ បានចាប់ផ្តើមអភិរក្ស និងជុសជុលមាន បី ដំណាក់កាលមកហើយ ដោយដំណាក់កាលទី១ នៅឆ្នាំ២០១៥ បានជុសជុលតួស្ពាន នៅផ្នែកខាងលិច ដំណាក់កាលទីពី និងទីបី នៅក្នុងឆ្នាំ២០១៦ ជុសជុល នៅផ្នែកខាងកើត រួមសសរស្ពាន និងរៀបចំតួខ្លួននាគ ដាក់តាំងលើស្ពានផងដែរ។ ហើយនៅដំណាក់កាលទី៤ នេះ លោកស្រី បញ្ជាក់ថា នឹងធ្វើការជួសជុល កន្លែងទ្រុឌទ្រោមដទៃទៀត នៃស្ពាននេះ ហើយការជុសជុលបន្តនេះ គឺត្រូវប្រើប្រាស់ កញ្ចប់ថវិកា របស់ជាតិដែរ។
លោក ហុង យឿន ក៍បានឲ្យដឹងផងដែរថា ខេត្តឧត្តរមានជ័យ មានស្ថានីយបុរាណ សរុបចំនួន ២៦៧ កន្លែង។ ស្ថានីបុរាណទាំងនោះ មានដូចជា ទួលប្រាសាទ, ទួលបុរាណ, គោក ឬភូមិបុរាណ, ស្ថានីយយកថ្ម ព្រមទាំងស្រះបុរាណ។ គិតមកដល់ឆ្នាំ២០១៨ នេះ សំណង់បុរាណទាំងនោះ គឺបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌជាតិ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួចរាល់អស់ហើយ៕