ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពល នៃប្រទេសកម្ពុជាកំពុងមានការរីកលូតលាស់ខ្លាំងកើនឡើង ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យសហរដ្ឋអាមេរិក មានបំណង់ចង់សហប្រតិបត្តិការ ជាមួយកម្ពុជាលើវិស័យកសិកម្ម។ ជាពិសេសអាចឈានដល់ការនាំចូលនាំផ្លែប៉ោម, ទឹកដោះគោ, និងផ្លែឈៀរី មកកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់ នៅរសៀលម្សិលមិញនេះ រវាងសម្តេចតេជោ ហ៊ុន សែន និងលោក ដូក អ៊ីរីកសិន (Doug Ericksen) សមាជិកព្រឹទ្ធសភា របស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាការងារ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះដែរ លោក Doug Ericksen បានមានប្រសាសន៍ថា កម្ពុជាសព្វថ្ងៃ បាននឹងកំពុងរីកចម្រើនទៅមុខ គួរឱ្យកោតសរសើរ ក្នុងនោះរួមទាំងកំណើនសេដ្ឋកិច្ចកម្ពុជា កំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ជាពិសេស កម្ពុជាជាប្រទេសល្អ ដូចនេះសហរដ្ឋអាមេរិក ចង់ឱ្យមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយរដ្ឋវ៉ាស៊ីនតោន អាចនាំចូលនាំផ្លែប៉ោម, ទឹកដោះគោ, និងផ្លែឈៀរី មកកម្ពុជា។ រីឯកម្ពុជាអាចនាំចេញ អង្ករ និងកសិផលផ្សេងទៀតទៅកាន់រដ្ឋវ៉ាស៊ីនតោនវិញផងដែរ។
លោក Doug Ericksen បានបញ្ជាក់ជូនសម្តេចថា ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក គឺមិនមែនជាសត្រូវទេ ហើយសហរដ្ឋអាមេរិក ក៏មិនមែនជាសត្រូវរបស់កម្ពុជាដែរ។ ដូចនេះ មិនចាំបាច់ឱ្យមានស្ថានភាពតានតឹងរវាងប្រទេសទាំងពីរឡើយ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសទាំងពីរគ្មានហេតុផលអ្វីដែលធ្វើជាសម្រូវជាមួយគ្នានោះទេ។ ជាក់ស្តែងប្រទេសទាំងពីរបានធ្វើការជាមួយគ្នាចាប់តាំងពី ឆ្នាំ១៩៦៥ មកម៉្លេះ ដូចនេះប្រទេសទាំងពីរនឹងបន្តកិច្ចការជាមួយគ្នាបន្ថែមទៀត ដើម្បីឱ្យមិត្តភាព និងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានជួយកម្ពុជាកន្លងមក ព្រមទាំងផ្តល់អាហារូបករណ៌ដល់និស្សិតកម្ពុជាបានទៅសិក្សានៅអាមេរិកផងដែរ៕