អំបុកកំពង់ធំត្រូវបានដាក់អោយប្រើប្រាស់ម៉ាកសម្គាល់ជាផ្លូវការ

0
206

កំពង់ធំ៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូង និងកម្មវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលរបស់ “ក្រុមអ្នកផលិតអំបុកកំពង់ធំ” នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

បន្ទាប់ពីលោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានឡើងរាយការណ៍សង្ខេបអំពីដំណើរការនៃការ រៀបចំ«ក្រុមអ្នកផលិតអំបុកកំពង់ធំ» ព្រមទាំងប្រាប់ពី គោលបំណងចងក្រងរៀបចំបង្កើតម៉ាកសមូសភាពអំបុករួចមក។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ ថ្លែងអំណរគុណដល់រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដែលមានគំនិតផ្តួចផ្តើម ចុះបញ្ជីនូវម៉ាកសមូហភាព “អំបុកកំពង់ធំ” ហើយអំបុកកំពង់ធំ ចាប់ផ្ដើមមានឈ្មោះល្បីល្បាញទូទាំងប្រទេស គឺនៅថ្ងៃ ៩ វិច្ឆិកា ២០១៩ អំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា ការបង្កើតម៉ាក ឬនិមិត្តសញ្ញានៃអំបុកកំពង់ធំនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ និងសូមធ្វើការផ្តាំផ្ញើរដល់ពុកម៉ែបងប្អូនដែលជាអ្នកផលិតអំបុកនៅក្នុងខេត្តកំពង់ធំទាំងអស់ សូមរក្សាអនាម័យ ការស្លៀកពាក់ឲ្យបានសមរម្យ ត្រូវធ្វើការរើសពូជស្រូវ ការរក្សាគុណភាពអំបុកឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះអំបុកកំពង់ធំឲ្យបានយូរអង្វែង។ លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូន សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ ជិះរថយន្តត្រូវពាក់ខ្សែក្រវាត់ និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយសូមចាត់ទុកថារឿងនេះគឺជារឿងរបស់យើងទាំងអស់គ្នា ព្រមទាំងរក្សាអនាម័យទុកដាក់សំរាមឲ្យបានត្រឹមត្រូវមិនត្រូវបោះសំរាមចោលនៅតាមទីសាធារណៈឡើយ។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមអ្នកផលិតអំបុកកំពង់ធំ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អំបុកកំពង់ធំ” អត្ថន័យនៃរូបសញ្ញាម៉ាកសមូហភាព “អំបុកកំពង់ធំ” និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និង សវនករ “ក្រុមអ្នកផលិតអំបុកកំពង់ធំ” ដែលមានរហូតដល់ ៩៧គ្រួសារ ស្ថិតនៅឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ អ្នកផ្គត់ផ្គង់ស្រវដល់ក្រុមអ្នកផលិតអំបុក. ០២គ្រួសារ ដែលមកពី០៥ភូមិគឺភូមិសំពៅមាស-ភូមិសាន់គរ_ភូមិក្បិល -ភូមិក្រសាំង (ក ) -ភូមិក្រសាំង ( ខ ) និង សវនករ ចំនួន១២នាក់ ស្រីចំនួន ០៨នាក់ ។

ជាចុងក្រោយ ឯកឧត្តម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបន្ថែមទៀតថា អំបុកកំពង់ធំ មានរសជាតិឆ្ងាញ់ ហើយយើងអាចយកធ្វើជាអាហារសម្រន់ អាចរក្សាទុកបានយូរផងដែរ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ