ខេត្តឧត្តរមានជ័យ៖ កសិករគំរូ រស់នៅភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ដែលដាំបន្លែតាមការ បង្ហាត់បង្រៀនជំនាញពីមន្ត្រីកសិកម្មខេត្ត និងអង្គការនានានោះក្នុងមួយ រដូវអាចរកចំណូលបានជា មធ្យមជាង៣០ លានរៀល។
លោក ង៉ែត សាវឿន ជាកសិករ គំរូបានឱ្យដឹងថា ដោយទទួលបានការបណ្តុះបណ្តាលជំនាញពី មន្ត្រីកសិកម្ម ខេត្តឧត្តរមានជ័យ និងអង្គការក្រៅ រដ្ឋាភិបាលមួយចំនួននោះបានធ្វើឱ្យគ្រួសាររបស់គាត់ ដាំបន្លែទទួលបាន ទិន្នផលខ្ពស់ខុសប្លែកពីការដាំតាម ទម្លាប់ចាស់ពីមុនមក។ ក្នុងមួយរដូវចាប់ ពីច្រូតស្រូវវស្សារួចពីខែធ្នូដល់ខែ ឧសភារៀងរាល់ឆ្នាំគ្រួសាររបស់គាត់ ដែលមានផ្ទៃដីមួយហិកតានោះ គឺអាច ដាំបន្លែឆ្លាស់វេនគ្នាបានជាច្រើន ប្រភេទ។ លោកបន្តថាបច្ចេកទេសដាំដុះដែលមន្ត្រីកសិកម្ម ក៏ដូចជាអង្គការមួយ ចំនួនបានជួយបណ្តុះបណ្តាលនោះគឺ មានវិធីសំខាន់ៗដូចជា ការប្រើប្រាស់ ក្រណាត់ថង់ប្លាស្ទិកគ្របពីលើរងដំណាំ, របៀបប្រើប្រាស់ប្រព័ន្ធទុយោតំណក់ទឹកស្រោចដំណាំ, របៀបប្រើប្រាស់ទុយោ បាញ់ទឹក ការប្រើប្រាស់ថ្នាំសម្លាប់សត្វ ល្អិត, ការប្រើប្រាស់ជីធម្មជាតិនិងវិធី សាស្ត្រផ្សេងៗ ជាច្រើនទៀត។ ធ្វើតាមបច្ចេកទេសទំនើបនេះអ្នកដាំអាចកាត់បន្ថយការចំណាយកម្លាំង ពលកម្មរបស់ មនុស្សបានច្រើនណាស់។ជាក់ស្តែង ដូចជាសព្វថ្ងៃនេះ យើងមិនបាច់រែក ទឹកស្រោច និងមិនបាច់ជម្រះស្មៅនៅលើរងដំណាំជាដើម។
លោក សាវឿន បានឱ្យដឹង ថា ចំពោះបន្លែដែលរូបគាត់ក៏ដូចជាអ្នក ភូមិដាំ នៅទីនេះគឺមានដូចជា ស្ពៃក្តោប, ស្ពៃក្រញាញ់, ស្ពៃចង្កិះ, ខាត់ណាដើម, ខាត់ណាផ្កា, សាឡាត់, តាសក់, ប៉េងប៉ោះ និងបន្លែរួមផ្សំផ្សេងៗ ជាច្រើនទៀត។ ការដាំទាំងនោះ គឺត្រូវ ប្តូរវេនគ្នា មានន័យថា ដំបូងយើងដាំ បន្លែនេះ ក្រោយមកយើងដាំបន្លែ ប្រភេទនោះម្តង។ ធ្វើដូច្នេះគឺកុំឱ្យកើត មានមេរោគស៊ីបំផ្លាញដំណាំ របស់យើង ដែលដាំប្រភេទបន្លែដដែលៗ។
កសិករគំរូបានបញ្ជាក់ថាបច្ចុប្បន្ន ពេលដាំបានហើយ បន្លែទាំងអស់នោះគឺ អ្នកដាំមិនលំបាកក្នុងការ យកទៅលក់ទេ គឺមានប្រជាពលរដ្ឋនិងឈ្មួញកណ្តាល មកប្រមូលទិញដល់កន្លែងដាំតែម្តង។ ជាក់ស្តែង បន្លែសំខាន់ៗដូចជាស្ពៃក្តោប មួយគីឡូក្រាមថ្លៃប្រាំពាន់រៀល,ស្ពៃចង្កិះ ពីរពាន់រៀល និងខាត់ណា ផ្កាមួយគីឡូ ថ្លៃបួនពាន់រៀល។ប៉ុន្តែបើនៅដើមរដូវ វិញបន្លែទាំងនោះគឺលក់បានថ្លៃខ្ពស់ជាង នេះ ព្រោះមានតម្រូវការច្រើន។
ទន្ទឹមនេះលោក ង៉ែត សាវឿន ក៏បានអំពាវនាវដល់កសិករដទៃត្រូវ បោះបង់ការដាំបន្លែតាមទម្លាប់ចាស់ ហើយងាកមកអនុវត្តន៍តាមបច្ចេកទេស របស់មន្ត្រីកសិកម្ម និងអង្គការមួយ ចំនួនវិញ ដើម្បីទទួលបាន ទិន្នផលច្រើន។
លោកផាន ផាត ប្រធានភូមិអូរឫស្សី បានឱ្យដឹងថា នៅភូមិនេះ មានពលរដ្ឋ ចំនួន ៥៤គ្រួសារ។ បន្ទាប់ពីប្រមូលផល ស្រូវរួចពួកគាត់ស្ទើរតែទាំងអស់បាន នាំគ្នាដាំបន្លែ។ក្រៅពីគ្រួសារលោក ង៉ែត សាវឿន ជាកសិករគំរូនោះ គ្រួសារនីមួយៗអាចដាំបន្លែក្នុងមួយ រដូវលក់បានពីប្រាំទៅជាង ១០លាន រៀលតាមដីតិចឬច្រើន។ចំណូលទាំង នោះអាចធ្វើឱ្យប្រជាពលរដ្ឋភាគច្រើន ណាស់មិនបាច់ធ្វើ ចំណាកស្រុកទៅ រកការងារធ្វើនៅប្រទេសក្រៅនោះទេ។
លោកសូត្រ ស៊ីសុខឃាង ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យបានឱ្យ ដឹងថា លោក ង៉ែត សាវឿន គឺជាកសិករគំរូម្នាក់ក្នុង ចំណោមបីនាក់នៅខេត្ត ដែលត្រូវបាន ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានជ្រើសរើសជាកសិករគំរូនៅឆ្នាំ ២០១៦-២០១៧។ កសិករគំរូទាំងនោះ ទទួលបានរង្វាន់គោយន្តកន្ត្រៃម្នាក់មួយ គ្រឿងរួមជាមួយនឹងថវិកាចំនួនពីរ លានរៀល។ កសិករឆ្នើម ទាំងបីនាក់ នោះក៏ធ្លាប់បានបញ្ជូនឱ្យទៅរៀនសូត្រ ពីជំនាញនិងដកស្រង់យកបទពិសោធន៍ អំពីការដាំបន្លែនៅឯប្រទេសកូរ៉េខាង ត្បូងក្នុងរយៈពេលកន្លងមកផងដែរ។
លោកប្រធានមន្ទីរកសិកម្មខេត្តបាន បន្ថែមថា កន្លងទៅមន្ទីរកសិកម្មមិនត្រឹម តែបានចុះជួយបង្រៀន ដល់អ្នកដាំបន្លែ ជាង៥០គ្រួសារនៅភូមិអូរឫស្សីប៉ុណ្ណោះទេ។ ប៉ុន្តែក៏បានចុះជួយបង្ហាត់បង្រៀន ផ្តល់នូវបច្ចេកទេសដល់អ្នកដាំបន្លែនៅ ទូទាំងខេត្តដែលមានទាំងអស់ ចំនួន ៥០ក្រុម។ នៅក្នុងការ ជួយនោះ គឺបានចុះដោយផ្ទាល់ដើម្បីផ្តល់នូវជំនាញដល់ ប្រជាកសិករ ដែលជាអ្នកដាំបន្លែសាក ល្បង, អ្នកដាំពាក់កណ្តាលអាជីពនិងអ្នក ដាំអាជីពដែលមានផ្ទៃដីធំចាប់ពីមួយ ទៅពីរហិកតា។ ការធ្វើដូចនេះគឺក្នុង គោលបំណងជំរុញនិងលើកកម្ពស់ ផលិតផលកសិកម្មនៅក្នុងស្រុកឱ្យបានច្រើន។
លោក សូត្រ ស៊ីសុខឃាង ក៏បាន អំពាវនាវផងដែរដល់អ្នកដាំបន្លែ ទាំង អស់ ពិសេសអ្នករស់នៅក្នុងខេត្ត ឧត្តរមានជ័យបើចង់បានជំនួយបច្ចេកទេសពីការដាំបន្លែគ្រប់ប្រភេទឱ្យទទួល បានទិន្នផលខ្ពស់នោះ សូមទាក់ទងជា មួយមន្ត្រីកសិកម្មខេត្តឧត្តរមានជ័យ។ មន្ត្រីជំនាញនឹងចុះទៅជួយបង្ហាត់បង្ហាញ ដល់បងប្អូនដោយផ្ទាល់៕
ប្រភព : រស្មីកម្ពុជា