ក្រោយពលរដ្ឋត្អូញត្អែររឿងប្រមូលសំរាមយឺតយ៉ាវ អាជ្ញាធរក្រុងខេមរភូមិន្ទ ដកក្រុមហ៊ុនចាស់ដាក់ថ្មី

0
740

កោះកុង:ក្រោយពីរងការរិះគន់របស់ប្រជាពលរដ្ឋពីយន្តការប្រមូលសំរាមយឺតយ៉ាវ របស់ក្រុមហ៊ុន ទឹម រិនរតនៈ ជាង១សប្តាហ៍មកនេះ រសៀលថ្ងៃទី២៧ សីហា លោកអភិបាលក្រុងខេមរភូមិន្ទ អះអាងថា លោកជ្រើសរើសបានដៃគូក្រុមហ៊ុនថ្មីជំនួសក្រុមហ៊ុនចាស់ ដោយមិនអនុញ្ញាតឲ្យមានការ អសកម្មភាពរឿងចុះប្រមូល និងដឹកជញ្ជូនសំរាមតាមផ្លូវខ្នងផ្ទះយកទៅចាក់ចោលនៅទីលានទៀតទេ។

អាចនឹងគ្មានការរិះគន់របស់ប្រជាពលរដ្ឋទៀតឡើយជុំបញ្ហាប្រមូលសំរាមក្នុងក្រុងខេមភូមិន្ទ ដោយ អាជ្ញាធររកបានក្រុមហ៊ុនថ្មីហើយ ដែលមានឈ្មោះ អ វ៉ាយ ផ្រាយ អរ (RY Prior) ដើម្បីបង្កើនការពង្រឹងសេវាកម្មប្រមូល ឬដឹកជញ្ចូនកាកសំណង់សំរាមអោយបានស្អាតល្អ មុននឹងយកទៅបោះចោលនៅឯទីលានចាក់សំរាមចម្ងាយ៦គីឡូម៉ែត្រពីទីរួមខេត្ត។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងខេត្តថា ដើមហេតុដែលក្រុមហ៊ុនចាស់មានការយឺតយ៉ាងប្រមូល និងដឹកជញ្ជូនសំរាម ក៏ព្រោះតែក្រុមហ៊ុនគ្មានកម្មករ-រថយន្តគ្រប់គ្រាន់ អាកាសធាតុភ្លៀងខ្លាំងជាជាប់ៗគ្នា។ ដោយឡែកទៀតនោះ គឺផ្លូវចូលទៅកាន់ទីលានចាក់សំរាមមានជុងហុកល្បាប់ដីផុកជ្រៅលំបាកធ្វើដំណើរជាដើម។

លោក ឈេង សុវណ្ណដា សង្កត់ធ្ងន់ថា ៖ «គិតមកដល់ម៉ោងនេះ យើងទទួលបានដៃគូក្រុមហ៊ុនប្រមូលសំរាមថ្មីហើយ និងសូមអោយប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធឃ្លាំមើលទាំងអស់គ្នាអំពីយន្តការប្រមូលសំរាមរបស់ក្រុមហ៊ុន។ ព្រោះយើងមានកិច្ចសន្យាច្បាស់លាស់ណាស់ បើគាត់មិនធ្វើតាមកិច្ចសន្យាកំណត់រួមទេ ខ្ញុំនឹងផាកពិន័យគាត់១០០លានរៀល»។

ទន្ទឹមនោះដែរ អភិបាលក្រុងខេមរភូមិន្ទ ក៏ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ចាំបាច់ត្រូវសហការជាមួយអាជ្ញាធរវិញថា ចូលរួមបង់ថ្លៃសេវាដឹកជញ្ជូនសំរាមតាមបរិមាណបញ្ចេញសំណល់សំរាមតាមផ្ទះនីមួយៗ និងបញ្ឈប់បោះចោលកាកសំណល់សំរាមគ្មានសណ្តាប់ធ្នាប់តទៅទៀត។ បើពុំដូច្នេះទេ គ្រប់គ្រងសំរាមមិនអាចប្រព្រឹត្តដោយភាពល្អប្រសើរទេ ហើយថែមទាំងរងការផាកពិន័យផងដែរ។

ជាង១សប្តាហ៍មកនេះ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមភូមិន្ទស្ទើរតែគ្រប់សង្កាត់ បាននាំគ្នារិះគន់អាជ្ញាធរ និងក្រុមហ៊ុន ទឹម រិនរតនៈ យ៉ាងខ្លាំងអំពីភាពយឺតយ៉ាវចុះប្រមូល និងដឹកជញ្ចូនសំរាមយកទៅចាក់ចោល ដោយទុកអោយធំក្លិនស្អុយរលួយតាមដងផ្លូវ និងមុខផ្ទះ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ សុខភាព និងបាត់បង់សោភ័ណ្ឌភាពទីក្រុង។

ចំណែកលោក មឿន បូរិន ប្រធានក្រុមហ៊ុន អ វ៉ាយ ផ្រាយ អរ (RY Prior) ដែលទទួលសិទ្ធិប្រមូល និងដឹកជញ្ជូនកាកសំរាមក្នុងក្រុងខេរមភូមិន្ទរយៈពេល៥ឆ្នាំ បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្តើមដំណើរការអនុវត្តចុះប្រមូលសំរាមគ្រប់លំនៅដ្ឋានពលរដ្ឋទាំងអស់ចាប់ពីថ្ងៃទី១ ខែកញ្ញា ២០១៨នេះតទៅ លើកលែងតែភូមិ៤ ជាដែនសមត្ថកិច្ចសហគមន៍។

ក្រុមហ៊ុនលោកមានរថយន្តចំនួន៦គ្រឿង និងបុគ្គលិកកម្មករចំនួន៣០នាក់ បានដាក់វេនចុះប្រមូលសំរាមក្នុង១ថ្ងៃចំនួន៣វេន ក្នុងនោះទី១ ម៉ោង៣ជិតភ្លឺម្តង ទី២ ម៉ោង១២រសៀលម្តង និងទី៣ ម៉ោង៨យប់ម្តងទៀត។

ជំហានដំបូងនឹងអនុវត្តការងារ លោកផ្តើមផ្សព្វផ្សាយអប់រំដល់ពលរដ្ឋពីរបៀបរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មុននឹងបុគ្គលិកចុះទៅយកសំរាមតាមមុខផ្ទះ។ សម្រាប់ផ្លូវច្រកតូចៗរថយន្តមិនអាចចូលយកបាន គឺក្រុមហ៊ុនមានរទេះចំនួន១០គ្រឿងរង់ចាំទទួលកាកសំរាមពីពលរដ្ឋ។

លោក ទឹម រិន អតីតប្រធានក្រុមហ៊ុនប្រមូលសំរាម ទឹម រិនរតនៈ ប្រចាំក្នុងខេត្តកោះកុង លើកឡើងថា លោកខាតបង់ថវិកាច្រើនក្នុង១ខែៗ ព្រោះតែពលរដ្ឋ មិនចូលរួមបង់ថ្លៃសេវាយកសំរាម ចំណាយលើបុគ្គលិកកម្មករ ដោយពួកគាត់និយាយដាក់បន្ទុកតែក្រុមហ៊ុន និងអាជ្ញាធរ។

លោក ទឹម រិន បន្តថា ជាក់ស្តែង ក្នុងចំណោមពលរដ្ឋជាង១២០០គ្រួសារ ក្នុងភូមិ៤ សង្កាត់ដងទង់ និងភូមិ២ សង្កាត់ស្ទឹងវែង គឺមានតែ
៣ទៅ៥គ្រួសារប៉ុណ្ណោះបានបង់ថ្លៃសេវា បើធៀបនឹងសង្កាត់ដ៏ទៃ។ ហើយតម្លៃសេវាដឹកជញ្ជូនសំរាមកំណត់ទៅទំហំបរិមាណបញ្ចេញចោលសំរាមតាមផ្ទះ។ តែទោះយ៉ាងណា លោកទទួលស្គាល់ពីភាពខ្វះចន្លោះរថយន្ត និងកម្មករចុះប្រមូលសំរាម ដែលនាំឱ្យសាធារណជនរិះគន់។

កន្លងទៅ ទីរួមខេត្តកោះកុង មានរថយន្តដឹកជញ្ជូនសំរាមតែ៣គ្រឿង និងបុគ្គលិកកម្មករប្រមូលតែជាង១៤នាក់ប៉ុណ្ណោះ ដែលនាំឱ្យមានកកស្ទះចុះប្រមូលសំរាមតាមលំនៅដ្ឋានជូនប្រជាពលរដ្ឋ។ ជាធម្មតា ក្នុង១ថ្ងៃៗ សំរាមប្រមាណ២០ទៅ៣០តោន ដែលត្រូវដឹកជញ្ជូនយកទៅចាក់ចោលទីលានសំរាមទំហំ៤ហិចតា៕