ភាពរំភើបរីករាយ និងការទន្ទឹងរង់ចាំរបស់សិស្សានុសិស្ស បុគ្គលិកការងារ មាតាបិតារបស់សិស្ស និងពីសំណាក់មហាជន កំពុងមានសន្ទុះយ៉ាងខ្លាំង ដោយសារពួកគេនឹងបានជួបជាមួយនឹងតារាល្បីៗដែលពួកគេស្រលាញ់ពេញចិត្ត ទស្សនាការសម្តែងពីសំណាក់ក្រុមរាំរបាំប្រពៃណីខ្មែរ និងធ្វើដំណើរទៅកាន់បណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្នុងកម្មវិធីសប្បុរសធម៌ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែររបស់សាលា អេស៊ីអ៊ី ដែលធ្វើនឹងឡើងនៅថ្ងៃអាទិត្យទី ៨ ខែ មេសា ឆ្នាំ ២០១៨ នៅសាលា ACE ទីតាំងទួលគោក។
ក្រោមការរៀបចំរបស់គណៈកម្មការសង្គមរបស់អាយឌីភី និង អេស៊ីអ៊ី និងចូលរួមដឹកនាំដោយអគ្គរាជទូតសុឆន្ទៈសិស្ស និងបុគ្គលិករបស់សាលាអេស៊ីអ៊ីទាំងអស់ កម្មវិធីសប្បុរសធម៌ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរនេះត្រូវបានប្រារព្ធឡើងរយៈពេលកន្លះថ្ងៃ ក្នុងគោលបំណងរកមូលនិធិជូនទៅដល់សហគមន៏ដែលខ្វះខាត។
កំពូលតារាចំរៀងល្បីៗ និងតារាចំរៀងនិពន្ធស្នាដៃដើម បានស្ម័គ្រចិត្តចូលរួមសម្ដែងក្នុងកម្មវិធីសប្បុរសធម៌ដ៏មហោឡារិកនេះ ហើយដែលរំពឹងទុកថានឹងមានអ្នកចូលរួមកម្មវិធីប្រមាណជាង ២០០០នាក់។ តារាចំរៀងល្បីៗ រួមមាន៖ Adda, Niki Niki, Sam Rocker, Kan Pich, The Mustache, Hin Lida, the Tomorrow Band, EDM ជាមួយ DJ RXTHY និង DJ Benzz និងតារាមានទេពកោសល្យជាច្រើនរូបទៀត។
លោកស្រី ជា ចិន្តាមុនី ប្រធានគណៈកម្មាធិការសង្គម IDP-ACE បានមានប្រសាសន៍ថា “វានឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលសិស្សសាលាអេស៊ីអ៊ី ទាំងអស់ មាតាបិតា បុគ្គលិក មិត្តភក្ដិ និងក្រុមគ្រួសារ របស់ពួកគេមកចូលរួមដើម្បីអបអរឆ្នាំថ្មីប្រពៃណីខ្មែរសម្រាប់កម្មវិធីសប្បុរសធម៌” ចៀន មុន្នីនាថ ឯកអគ្គរដ្ឋទូតសុឆន្ទៈសិស្សរបស់សាលាអេស៊ីអ៊ីដែលផ្តួចផ្តើមកម្មវិធីនេះម្នាក់បានមានមតិថា: “វានឹងមានលក្ខណពិសេសសម្រាប់គ្រប់គ្នាដែលមកចូលរួមកម្មវិធីនេះ”។
ព្រឹត្ដិការណ៏នេះនឹងបង្ហាញពីវប្បធម៌នៃការចែករំលែក និងលើកស្ទួយល្បែងប្រជាប្រិយនិងក្បាច់រាំប្រជាប្រិយរបស់ខ្មែរយើង។ គួរកត់សម្គាល់ផងដែរថា នឹងមានការតុបតែងបន្ទប់ចំនួន ៦ ដែលតំណាងឲ្យបណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍ថាពួកគេបានធ្វើដំណើរជុំវិញប្រទេសដោយមិនចាំបាច់ជិះទ្បានទ្បើយ។ លើសពីនេះទៅទៀត នឹងមានការតាំងពិពណ៌ស្ដង់ជាច្រើនរួមមានស្តង់មកពីស្ថាប័នដែលបានឧបត្ថម្ភកម្មវិធី ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈនិងវត្ថុអនុស្សោរីយ៏ដើម្បីជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌នេះ!
លោក ម៉ៅ ស្រេង នាយក អាយ ឌី ភី និង អេ ស៊ី អ៊ី ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ “យើងរងចាំស្វាគមន៍អ្នករាល់គ្នាដើម្បីចូលរួមកម្មវិធីសប្បុរសធម៌រៃអង្គាស និងការប្រារព្ធពិធីចូលឆ្នាំខ្មែរក្នុងឆ្នាំនេះ។ យើងមានក្ដីសោមនស្សយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិករបស់យើង ឯកអគ្គរដ្ឋទូតសុឆន្ទៈសិស្សនិងគ្រួសាររបស់ពួកគេនៅក្នុងការរៀបចំ និងគាំទ្រកម្មវិធីសប្បុរសធម៌ដ៏មានសារសំខាន់នេះ។”
ក្រុមហ៊ុននិងស្ថាប័នដែលចូលរួមឧបត្ថម្ភកម្មវិធីនេះរួមមាន៖ IDP Education ជា Diamond Sponsor OPPO ជា Silver Sponsor, Holmesglen, Three6 , United Knowledge ជា Bronze Sponsors, MyTEB , Click Printing, Baby Care, Family Printing និង Advertising ជា In-kind Sponsors និងចូលរួមគាំទ្រដោយសាលា ACE ផ្ទាល់។
សំបុត្រចូលរួមកម្មវិធីមានលក់នៅគ្រប់ទីតាំងសាលា ACE ទាំងអស់នៅភ្នំពេញ (ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង និងទីតាំងទួលគោក)។
សំបុត្រចូលរួមមួយតម្លៃតែ ២៤ ០០០រៀល ប៉ុណ្ណោះ (ទទួលបានក្រម៉ាដ៏ស្រស់ស្អាតមួយ)
ថវិការដែលទទួលបានពីកម្មវិធីនឹងយកទៅបរិច្ចាកដល់សហគមន៍ដែលមានតម្រូវការចាំបាច់និងខ្វះខាត៕