អតីតនិស្សិតកសិកម្មចំការដូង មានគម្រោងផ្គត់ផ្គង់បន្លែធម្មជាតិទូទាំងប្រទេសកម្ពុជា

0
1419

យុវជន ភុន រតនា ​និស្សិត​​បញ្ចប់​ការ​សិក្សា​ ជំនាញ​វិទ្យា​សាស្រ្ដ​កសិកម្ម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង មានគម្រោងដាំបន្លែធម្មជាតិ ចែកចាយ​ទូទាំងប្រទេសកម្ពុជា និងនាំចេញទៅក្រៅប្រទេស។

យោងតាមបទសម្ភាសន៍ ជាមួយពាណិជ្ជកម្ម កម្ពុជា យុវជន ភុនរតនា បានបង្ហើបប្រាប់ឲ្យដឹងថា៖ រូបលោកបានចំណាយ​ពេល​ជាង ៣ ឆ្នាំ​ ​សិក្សាស្រាវជ្រាវ​ពីបច្ចេក​ទេស​ដាំ​បន្លែ​ផ្សេងៗ​ បញ្ចូលគ្នា​ ដើម្បី​ដាំ​បាន​​បន្លែ​ធម្មជាតិ​ឲ្យ​ទទួល​បាន​លទ្ធផល​​ល្អ ទិន្នផលខ្ពស់​ និង​ចំណាយ​ទុន​តិច។

យុវជនរូបនេះបានគូសបញ្ជាក់ផងដែរថា៖ ការដាំ​បន្លែ​តាម​បែប​បច្ចេក​ទេស​នេះ គឺ​ដាំដោយ​ប្រើ​ចំហាយ​ទឹក ​យក​គ្រាប់​ដំណាំ ​ដាក់​ក្នុង​កំប៉ុង ​ឬ ​ដាក់​តាម​រង ​លើធ្នើរ​ដោយ​ថែទាំ​សម្ពាធ​សីតុណ្ហភាព ​ពន្លឺ ​និង​ខ្យល់​ចេញ​ចូល​។​ ​បច្ចេកទេស​ដាំ​បន្លែ​ធម្មជាតិ ​ដែល​រូប​គេ​បាន​ស្រាវជ្រាវ​ឃើញ​នេះ ​គឺ​គេ​បាន​ប្រមូល​ចំណុល​ល្អៗ ​ពីការ​ដាំដុះ​បន្លែ ​តាម​បែប​វិទ្យាសាស្រ្ដ ​មាន​ការ​ដាំ​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ពន្លឺ LED ការ​គ្រប់គ្រង​សីតុណ្ហភាព​ និង​ការ​គ្រប់​គ្រង​ខ្យល់​ចេញ​ចូល​នៅ​ក្នុង​កសិដ្ឋាន​ដំណាំ​ផងដែរ។

យុវជន រតនា ​បន្ត​ថា៖ ​ការ​ដាំបន្លែ​ធម្មជាតិ​ដោយ​ប្រើ​បច្ចេកទេស​នេះ ​គេ​បាន​ធ្វើ​ជោគជ័យ​តាំង​ពី​នៅ​សិក្សា​មហា​វិទ្យា​ល័យ ​ដោយ​បាន​បង្កើត​ក្រុម​និស្សិត​រៀន​ជា​មួយគ្នា​ ធ្វើ​ការ​ងារ​ដំឡើង​កសិដ្ឋាន​បន្លែ​ធម្មជាតិ​ធនតូច ​និង​មធ្យម ​នៅ​តាម​ផ្ទះ​ឲ្យប្រជា​ពលរដ្ឋ​នៅ​ភ្នំពេញ​ ដែល​មាន​ជីវភាព​ធូរធា​មួយ​ចំនួន​មិន​ចង់​បរិភោគ​បន្លែគីមី​។

យុវជន ​ភុន រតនា គឺ​ជា​ប្រធាន​បច្ចេកទេស​នៃ​កសិដ្ឋាន​ Neat Farm ​នៅ​ខេត្ដ​សៀមរាប ​ដែល​ជា​កសិដ្ឋាន​ផលិត​បន្លែធម្ម​ជាតិ​មួយ​ កំពុង​ផ្គត់ផ្គង់​ទីផ្សារ​បន្លែ​ធម្មជាតិ​នៅ​ទូទាំង​ខេត្ដ​សៀម​រាប​​។ ក្នុងមួយ​ខែៗ ​កសិដ្ឋាន​នេះ​ផលិត​ចេញ​បន្លែ​រហូត​ដល់ ​១ តោន​ ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​នៅ​ទីនោះ​ ប៉ុន្តែការផ្គត់ផ្គង់នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ចំពោះ​តម្រូវ​ការ​ក្នុង​ទីផ្សារ​នៅ​ខេត្ដ​សៀម​​រាប​នៅ​ឡើយ​ទេ។

បច្ចុប្បន្ន យុវជន ភុន រតនា បានត្រលប់មកកាន់រាជធានីភ្នំពេញវិញហើយ ដើម្បីដំណើរការគម្រោងដែលជាក្តីស្រមៃធំរបស់ខ្លួន គឺការផ្គត់ផ្តង់បន្លែធម្មជាតិ​គ្មានជាតិគីមីឲ្យបាន ១០០ភាគរយ នៅទូទាំងប្រទេសកម្ពុជា។ គម្រោងនេះទៀតសោត គ្រោងនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ពេលដែល​ទទួលបានប្រាក់វិនិយោគគ្រប់គ្រាន់ ហើយទីតាំង​សក្កានុពល​ដែលយុវជននេះ មើលឃើញមានពីរ​កន្លែង ​គឺ​នៅ​ភ្នំឱរ៉ាល ​និង​នៅ​ភ្នំបូកគោ ​ដែល​មាន​សម្ពាធ​ទាប​ ត្រជាក់​ខ្លាំង​ អាកាស​ធាតុ​ល្អ ​អំណោយ​ផល​ដល់​ការដាំដុះ​បន្លែ​ធម្មជាតិ​គ្រប់​ប្រភេទ។

យុវជនរូបនេះ ជឿជាក់យ៉ាងមុតមាំថា៖ ប្រសិនបើគម្រោងនេះពិតជាអាចដំណើរការបានពិតមែន ចំណាយត្រឹមតែ២ឆ្នាំប៉ុណ្ណោះ កម្ពុជានឹងលែងមានបន្លែ​នាំចូលពីប្រទេសជិតខាងទៀតហើយ។ ជាងនេះទៅទៀត កម្ពុជា​អាចចាប់ផ្តើមការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​វិញបាន​ថែម​ទៀតផង៕