ផ្លូវឡូរីមួយខ្សែក្នុង​ស្រុក​បាណន់​ដាក់ដំណើរ​ការ​ជាផ្លូវ​ការ​ដំបូង​បង្អស់​នៅ​កម្ពុជាដើម្បី​បម្រើ​វិស័យ​ទេសចរណ៍ ​

0
1392

បាត់ដំបង៖ ផ្លូវឡូរីមួយខ្សែ ដែលនៅជាប់ជើងភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបាន សម្ពោធដាក់ឲ្យដំណើរជាផ្លូវការ ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការ សាង​សង់ឡើងរវាងអាជ្ញាធរខេត្ត និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ ។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរផ្លូវនេះ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ផ្លូវឡូរីនេះមានប្រវែងជាង ៣គីឡូម៉ែត្រ ដែលសាងសង់ឡើងក្នុងគោលបំណងឲ្យភ្ញៀវទេសចរ ជិះឡូរីលេងកម្សាន្ត និង ទស្សនាតំបន់ទេសចរណ៍សម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ និងមើលតំបន់កសិទេសចរណ៍  នៅ ជុំវិញភ្នំបាណន់ ។

លោកបន្តថា “តម្លៃនៃការជិះឡូរីនេះ គឺភ្ញៀវខ្មែរ (មនុស្សចាស់) តម្លៃ១០ ០០០រៀល សម្រាប់ភ្ញៀវអន្តរជាតិតម្លៃ ២០ ០០០រៀល ហើយជាគោលដៅបន្ត យើងនឹងសាងសង់ផ្លូវនេះ ឲ្យដល់ភ្នំសំពៅ ដែលគិតជារយៈចម្ងាយប្រមាណជាង ១៦គីឡូម៉ែត្រ” ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា នេះជារូបភាព តូចដំបូងគេ ដែលក្នុងផែនការគោលរបស់ខេត្តទាំងមូលមានច្រើន សម្រាប់អភិវឌ្ឍន៍ជុំវិញភ្នំ បាណន់នេះ ដោយរដ្ឋបាលខេត្តមានប្លង់គោលហើយ គឺបានអនុញ្ញាតឲ្យដៃគូអភិវឌ្ឍន៍សហការ ជាមួយ អាជ្ញា​ធរ​ស្រុកបោះទុន ដើម្បីបម្រើសេវាវិស័យទេសចរណ៍នេះ ។

លោកអភិបាលខេត្តបានបន្តទៀតថា “អីចឹងបើវិស័យទេសចរណ៍នេះវាដំណើរការ បាន ដែលយើងរំពឹងទុក គឺថាបាណន់នេះ គឺជាស្រុកដែលសំណាងជាងគេ ដែលមានទិសដៅទេស ចរណ៍មកច្រើនជាងគេ ហើយប្រជាពលរដ្ឋមានសំណាងទទួលបានផល ដោយសារការរីក ចម្រើន​នៃ​វិស័យ​ទេសចរណ៍នេះឯង” ។

នៅឆ្នាំ២០១៧ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានទៅកម្សាន្ត នៅខេត្តបាត់ដំបងមានចំនួន ៦១៨ ១៣៩នាក់ កើនឡើង ១.៣៦ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៦ ដែល​ក្នុង​នោះ​ភ្ញៀវ​បារាំង​ជាប់​លេខ១ អាមេរិកលេខ២ និងថៃលេខ៣ ៕

អត្ថបទ៖ រិទ្ធិ