ក្រុមហ៊ុនចិនមួយគ្រោងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា

0
578

ភ្នំពេញៈ ក្រុមហ៊ុនចិន Shandong Wangeng Energy Technology Co., LTD គ្រោងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គីសនី នៅកម្ពុជា។
តំណាងក្រុមហ៊ុន បានបង្ហាញពីគម្រោងនេះ ទៅកាន់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

តំណាងក្រុមហ៊ុន បានជម្រាបជូនលោករដ្ឋមន្រ្តី អំពីគោលដៅ និងលទ្ធភាពរបស់ក្រុមហ៊ុន ដែលអាចបង្កើតថាមពលអគ្គីសនីដើរដោយថាមពលនុយគ្លេអ៊ែរ និងការបង្កើតថាមពលអគ្គីសនីដោយការកែច្នៃសំណល់ថាមពលអគ្គីសនីដោយកង្ហារខ្យល់ ថាមពលអគ្គីសនីដោយជីវឧស្ម័ន ថាមពលអគ្គីសនីដោយជីវម៉ាស់ ក៏ដូចជាការកសាងបណ្តាញអគ្គីសនី។

ទន្ទឹមនឹងនេះ ភាគីក្រុមហ៊ុន ក៏បានលើកឡើងផងដែរអំពីការដុតសំរាម ដោយប្រើបច្ចេកវិទ្យាក្នុងការកែច្នៃធនធាន ដែលមានការគិតគូពីបរិស្ថាន និងអាចមានលទ្ធភាពបន្ថយឈានដល់ចំនុចសូន្យ ចំពោះផលប៉ះពាល់ឧស្ម័ន បញ្ចេញចោលទៅបរិយាកាស។

យ៉ាងណាមិញ ក្រសួងបរិស្ថាន មិនទាន់សម្រេចយ៉ាងណាឡើយ ចំពោះសំណើនេះដោយទុកពេលធ្វើការសិក្សាឱ្យបានលម្អិតជាមុនសិន៕