៧ចំណុចគួរដឹង ដើម្បីដើរលេងបាងកកឲ្យបានសប្បាយ!

0
1150

ខ្ញុំបានទៅលេងបាងកកលើកដំបូងកាលពីប៉ុន្មានខែមុន។ ក្នុងអត្ថបទនេះ មិននិយាយពីដើរលេងនៅឯណា ហើយចំណាយលុយប៉ុន្មានទេ តែខ្ញុំនឹងនិយាយពីការត្រៀមខ្លួនសម្រាប់ដំណើរកំសាន្តនៅបាងកកបន្តិចសិន។ ខ្ញុំគិតថា ចំណុចសំខាន់ៗដែលខ្ញុំនឹងរៀបរាប់ អាចអនុវត្តបានមិនត្រឹមតែការទៅដើរលេងនៅបាងកកទេ ប៉ុន្តែក៏អាចយកទៅប្រើការ ក្នុងពេលរៀបចំដំណើរកំសាន្តទៅកាន់ប្រទេសផ្សេងៗក៏ដូចជាដំណើរកំសាន្តក្នុងប្រទេសផងដែរ។ តោះ! មកមើលចំណុចដែលខ្ញុំកត់ត្រាទុកខាងក្រោមនេះ៖

១. ស្បែកជើង៖ ស្បែកជើងជាគ្រឿងប្រយុទ្ធសំខាន់ក្នុងពេលដើរលេង ហើយជាអ្វីដែលយើងត្រូវរៀបចំមុនគេ មុនពេលឡើងយន្តហោះ។ ស្រមៃថា បើកំពុងតែដើរលេងស្រាប់តែដាច់ស្បែកជើង ឬស្រាប់តែឈឺជើងដោយសារពាក់ស្បែកជើងមិនស្រួល តើវាធ្វើឲ្យការដើរកំសាន្តរអាក់រអួលប៉ុណ្ណាទៅ? ដូច្នេះហើយទើបយើងត្រូវរើសស្បែកជើងដែលងាយស្រួលពាក់។ តាមយោបល់ខ្ញុំ ខ្ញុំសូមណែនាំឲ្យមានស្បែកជើង២គូ ដូចជាស្បែកជើងប៉ាត់តាដែលស្រួលដើរ ព្រោះវាជួយឲ្យដើរបានលឿន មិនរអិល និងស្បែកជើងផ្ទាត់ ព្រោះយើងអាចនឹងត្រូវការប្រើពេលដែលជើងរបស់យើងនឿយហត់ក្នុងការពាក់ស្បែកជើងបិទជិត ហើយធ្វើដំណើររយៈពេលយូរ។
២. គ្រឿងការពារកម្តៅ៖ ខ្ញុំចង់និយាយដល់ក្រែមការពារកំដៅថ្ងៃ មួក ផ្លិត ឬកូនកង្ហារ។ នៅខែក្តៅឬខែត្រជាក់ក៏ដោយ ក្រែមការពារកម្តៅថ្ងៃពិតជាសំខាន់ ក្នុងការការពារស្បែក។ គ្រឿងទាំងអស់នេះ ខ្ញុំគិតថាគួរតែដាក់ជាប់នៅក្នុងកាបូប កុំដាក់នៅក្នុងវ៉ាលិស គោលបំណងគឺដើម្បីយកប្រើងាយស្រួលនិងទាន់ពេលវេលា។ យើងពិបាកនឹងទាយទុកណាស់ថា តើនៅកន្លែងណាដែលយើងអាចចូលអង្គុយក្នុងកន្លែងម្លប់ ឬពេលណាដែលយើងនឹងឈប់សម្រាកនៅក្នុងហាងកាហ្វេត្រជាក់ៗ។ ដូច្នេះចូរលាបក្រែមការពារកម្តៅថ្ងៃឲ្យរួចស្រេច ត្រៀមមួក ផ្លិត ដើម្បីដោះទ័លពេលក្តៅ និងដើម្បីថែរក្សាសម្រស់ផង។
៣. រឿងលុយកាក់៖ មែនហើយ! ទៅលេងស្រុកគេត្រូវចាយលុយគេ។ យើងដឹងហើយថាប្រទេសថៃ ចាយលុយបាត ដែលមានទាំងក្រដាសប្រាក់ និងកាក់ផង។ ដូច្នេះយើងគួរតែដូរលុយពីប្រទេសយើងទៅឲ្យហើយ ដើម្បីទុកចាយពេលទៅដល់ស្រុកគេ។ ហើយពិសេសនោះ គឺគួរតែមានកូនកាបូបដាក់កាក់មួយក៏ល្អដែរ ដើម្បីទុកកាក់ដែលគេអាប់ឲ្យពេលទិញរបស់ឲ្យមានសណ្តាប់ធ្នាប់និងមិនជ្រុះបាត់។
៤. កុំភ្លេចប៊ិច៖ ឆ្ងល់មែនទេថាទៅដើរលេងសោះ យកប៊ិចទៅធ្វើអី? ដំណើររឿងគឺថា យើងនឹងត្រូវបំពេញបែបបទបន្តិចបន្តួចមុនពេលចុះពីយន្តហោះ ឬពេលចុះដល់ព្រលានយន្តហោះ។ អ្នកបំរើលើយន្តហោះនឹងប្រគល់ប័ណ្ណដែលត្រូវបំពេញមកឲ្យយើង ប៉ុន្តែគេមិនឲ្យប៊ិចទេ។ ខ្ញុំធ្លាប់ឃើញអ្នកជិះយន្តហោះជាមួយខ្ញុំ អត់មានប៊ិច ហើយថែមទាំងអង្គុយមួយជួរម្នាក់ឯងទៀត មើលទៅពិបាកមិនដឹងខ្ចីប៊ិចអ្នកណា។ ដូច្នេះទើបខ្ញុំគិតថា មានប៊ិចមួយដើមជាប់ខ្លួនក៏មិនធ្ងន់អីណាស់ណា ប្រសើរជាងអត់។
៥. ប័ណ្ណអន្តោប្រវេសន៍៖ ខ្ញុំគិតថា បើមានប័ណ្ណនេះ ២សន្លឹក ក៏ល្អម្យ៉ាង ប៉ុន្តែកុំយករបស់គេច្រើនពេក។ បទពិសោធន៍អ្នកធ្លាប់ធ្វើដំណើរដំបូងៗ ប្រហែលជាអាចបំពេញប័ណ្ណព័ត៌មាននេះខុស ហើយចង់ដូរថ្មី ដូច្នេះបើមានមួយសន្លឹកទៀតក៏ល្អ។ បទពិសោធន៍របស់ខ្ញុំមួយទៀត គឺធ្វើបាត់ប័ណ្ណអន្តោប្រវេសន៍នេះ ពេលត្រលប់មកស្រុកវិញ។ នៅពេលដែលយន្តហោះកៀកនឹងដល់ម៉ោង ហើយការតម្រង់ជួរដ៏វែង ការត្រលប់ទៅក្រោយវិញដើម្បីយកប័ណ្ណនេះមកបំពេញមិនមែនជារឿងងាយទេ។ សំណាងល្អ ដែលខ្ញុំមានប័ណ្ណនេះមួយសន្លឹកទៀតនៅក្នុងកាតាប ហើយអាចយកមកបំពេញឡើងវិញភ្លាមៗ ដោយមិនចំណាយពេលយូរ។
៦. គ្រឿងចៀសវង្វេង៖ សម័យនេះគ្រឿងចៀសវង្វេងគឺទូរសព្ទដែលមានអ៊ិនធឺណេត និងផែនទី។ ប៉ុន្តែដើម្បីមានអ៊ិនធឺណេត យើងត្រូវទិញស៊ីមកាតរបស់ថៃជាមុនសិន។ ខ្ញុំចង់ណែនាំឲ្យទិញនៅព្រលានយន្តហោះ ប៉ុន្តែកុំទិញនៅលើយន្តហោះ ព្រោះវាមានតម្លៃថ្លៃ។ ស៊ីមកាតដែលទិញនៅលើយន្តហោះ មានតម្លៃ ១០ដុល្លារ ប៉ុន្តែនៅក្នុងព្រលានមានលក់តម្លៃប្រហាក់ប្រហែល ៣ដុល្លារក៏មាន។ អ៊ិនធឺណេតនៅប្រទេសថៃ គ្មានបញ្ហា មានសេវាល្អ ដូច្នេះយើងគ្រាន់តែ ដោនឡូត កម្មវិធីផែនទី ដូចជា Google Map ដាក់ក្នុងទូរសព្ទ យើងនឹងអាចប្រើប្រាស់បានភ្លាមៗ។
៧. មធ្យោបាយធ្វើដំណើរ៖ នៅបាងកក មានតាក់ស៊ី តុកៗ ម៉ូតូឌុប រថយន្តក្រុង រថភ្លើងលើអាកាសនិងក្រោមដី និងទូក។ យើងត្រូវដឹងថា យើងនឹងត្រូវប្រើប្រាស់មធ្យោបាយធ្វើដំណើរមួយណា ដែលងាយស្រួលសម្រាប់យើង។ បទពិសោធន៍ខ្ញុំ គឺខ្ញុំបានដឹងរួចហើយថាខ្ញុំនឹងធ្វើដំណើរតាមរថយន្តក្រុងនិងរថភ្លើងលើអាកាស។ ប៉ុន្តែខ្ញុំក៏បានត្រៀមជិះតាក់ស៊ី និងតុកៗផងដែរ ដូច្នេះទើបខ្ញុំដោនឡូត កម្មវិធី Grab និង Uber ទុក ព្រោះខ្ញុំឆែកឃើញថានៅបាងកក មានសេវាកម្មតាក់ស៊ីទាំងពីរនេះ។ ធ្វើដូចនេះ ដើម្បីបង្ការពេលណា ដែលខ្ញុំប្តូរចិត្តចង់ជិះតាក់ស៊ីភ្លាមៗជាដើម៕
ចុះអ្នកវិញ តើបានរៀបចំអ្វីខ្លះដែរ?