រាជធានីភ្នំពេញ ៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ ពិព័រណ៍កុមារលើកទី៥ ដែលរៀបចំឡើងដោយ ក្រុមហ៊ុនអនុស្សា នឹងចាប់ផ្ដើមឡើង រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយក្នុងឆ្នាំនេះផងដែរ ក៏មានការរំពឹងទុកថា នឹងមានអ្នកចូលរួមកើនឡើងលើសពីឆ្នាំមុន។
ពិព័រណ៍កុមារ និងគ្រួសារនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនអនុស្សា ដែលជាពិព័រណ៍តាំង បង្ហាញផលិតផលកុមារដ៏ធំជាង គេនៅកម្ពុជា។ គោលបំណងក្នុងការបង្កើតពិព័ណ៍នេះឡើង ដើម្បីបង្កើនភាពវៃឆ្លាតដល់កុមារ ឲ្យមានភាពក្លាហាន ភាពប៉ិនប្រសប់ ជាពិសេសបង្កើតឱកាសឲ្យប្អូនៗ បញ្ចេញនូវសមត្ថភាព និងបង្ហាញទេពកោសល្យ របស់ពួកគេ និងកំណត់ពីភាពវ័យឆ្លាត។
នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា លោក សេង ពិសិដ្ឋ បានថ្លែងឲ្យដឹងថា «ពិព័រណ៌កុមារលើកទី៥នេះ នឹងរៀបចំការឲ្យមានការ ប្រកួតរវាងកុមារ និងកុមារដើម្បីបង្ហាញពីសមត្ថភាព ភាពក្លាហានរបស់ពួកគេ ដោយការប្រកួតប្រជែងនោះរួមមាន ការប្រកួតរាំ, ច្រៀង, គូររូប, ផាត់ពណ៌រូបភាព, សូត្រកំណាព្យ ប្រកបអក្សរ, សសេរតាមអាន, គិតលេខ, ប្រកួតដើរម៉ូដជាដើម ហើយក្នុងការប្រកួត ប្រជែងនោះ ក៏នឹងមានរង្វាន់លើកទឹកចិត្តជាច្រើនផងដែរ»។
លោកបានបញ្ជាក់ទៀតថា ក្រៅពីនេះឪពុកម្តាយ នឹងទទួលបានការប្រឹក្សា អំពីការអប់រំបុត្រធីតាសាលារៀនជាតិ និងអន្តរជាតិ យល់ដឹងពីសេវាបំរុងហិរញ្ញាវត្ថុ ស្វែងយល់ពីផលិតផលិតកុមារដែលមានគុណភាព និងទិញទំនិញបញ្ចុះតម្លៃ សម្រាប់កុមារ និងគ្រួសារពីម៉ាកល្បីៗជាង២០០ប្រ៊េនថែមទៀត។
សូមជម្រាបផងដែរថា ពិព័រណ៌កុមារលើកទី៥ ក៏មានការ ចូលរួមឧបត្ថម្ភធំដោយ ក្រុមហ៊ុនធានារ៉ាប់រង prudential និងសាលាអន្តរជាតិ SCIAផងដែរ៕