ខេត្តកណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាលបានរៀបចំកែលម្អក្រុងឲ្យមានសោភ័ណភាពស្រស់ត្រកាលគួរជាទីគយគន់ ដើម្បី ត្រៀមប្រារព្ធពិធីបុណ្យទន្លេលើកទី៤ រយៈពេលបីថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់១១ មីនានេះ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍។ មកដល់ថ្ងៃនេះ គេសង្កេតឃើញអាជ្ញាធរខេត្ត និងក្រសួង ពាក់ពន្ធ័នានា កំពុងមមាញឹករៀបវចំទីកន្លែងប្រារព្ធពិធីនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ។ ចំណែកនៅតាមតាមដងផ្លូវ នានាមានរៀបចំបំពាក់អំពូលភ្លើងថ្មីបន្ថែម និងអំពូលភ្លើងនៅលើដើមឈើជាច្រើនទៀត។ ជាមួយគ្នានេះដែរបដាធំៗ មានសសេរអក្សរ ស្វាគមន៍បុណ្យទន្លេជាច្រើនក៏បានលើកកាត់ទទឹងផ្លូវជាច្រើនកន្លែងផងដែរ។ ចំណែកស្តង់តាំងពិព័រ លក់ផលិតផលនានារាប់រយស្តង់ បានកំពុងសាងសង់ផងដែរ។ ជុំវិញការរៀបចំពិធីបុណ្យទន្លេនេះ អ្នកយកព័ត៌មាន បាន សួរទៅលោក ជួប សុភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល តែលោកប្រាប់ថា រឿងរៀបចំចាត់តែងបុណ្យទន្លេនេះ ទៅ សួរនៅក្រសួងទៅលោកមិនអាចប្រាប់បានទេ។
បើទោះបែបណាក្ដីគេដឹងថា ក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ពិធីបុណ្យទន្លនៅខេត្តកណ្ដាល មានកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងកម្លាំងសន្តិសុខសរុបចំនួន ១.៤៣២នាក់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពិធីរយៈពេលបីថ្ងៃនេះ។ ចំណែកលោក អភិបាលខេត្កកណ្តាល បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យទន្លេ កាលពីពេលកន្លងទៅនេះថា រដ្ឋបាលខេត្តបានត្រៀមខ្លួនជាស្រេចដើម្បីទទួលពិធីបុណ្យទន្លេលើកទី៤ ដែលប្រព្រឹត្តនៅថ្ងៃទី៩ដល់១១ មីនា ២០១៨ ខាងមុខនេះ។ ខេត្តបានរៀបចំជួសជុលកែលម្អសួនច្បារ ពហុកីឡាដ្ឋាន រៀបចំបំពាក់បន្ថែមភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមចិញ្ចើមផ្លូវ ឱ្យកាន់តែមានសណ្តាប់ធ្នាប់សោភ័ណភាពល្អ ព្រមទាំងស្លាកផ្សព្វផ្សាយអំពីពិធីបុណ្យ ទន្លេឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែទូលំទូលាយ។ លោកបានបន្តថា ក្នុងនោះបានត្រៀមស្លាក និងបដាផ្សព្វផ្សាយចំនួន៥០០ក្នុងនោះបញ្ឈរចំនួន៣០០ និងផ្តេកចំនួន២០០។ ស្តង់ពិព័រទេសចរណ៍ផលិតផលខ្មែរ មហោស្រពម្ហូបអាហារ និងភេសជ្ជៈចំនួន៧០០ ក្នុងនោះសម្រាប់អាជីករក្នុងស្រុកចំនួន៥០០ និងស្តង់បរទេសចំនួន២០០។
ក្រៅពីនោះក៏មានកម្មវិធីកម្សាន្តដូចជា ការរត់ប្រណាំងកម្សាន្ត ការប្រកួតកីឡាបាល់ទាត់ បាល់ទះ ប្រដាល់ ចំបាប់ខ្មែរ ប្រកួតកីឡាអុកចត្រង្គ ប្រណាំងកង់ ប្រណាំងទូកង និងហែលទឹកឆ្លងទន្លេ ក្រៅពីនោះ ក៏មានកម្មវិធីសម្តែងសិល្បៈ និងប្រគុំតន្ត្រី ជូនប្រជាពលរដ្ឋទស្សនាកម្សាន្តផងដែរ។ លោកបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានបង្កើតព្រឹត្តិការណ៍បុណ្យទន្លេឡើង ដើម្បី ទាក់ទាញនូវចំណាប់អារម្មណ៍លើទំនៀមទម្លាប់ ប្រពៃណីវប្បធម៌របស់ខ្មែរយើង និងក៏ជាការដឹងគុណដល់ព្រះម៉ែគង្គាដែលបាននាំមកនូវការរស់នៅរបស់ប្រជារាស្ត្រ ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងអញ្ជើញចូលរួមឱ្យបានច្រើនកុះករ និងរួមគ្នាថែរក្សាបរិស្ថានបរិស្ថានអនាម័យឱ្យបានល្អ។
បន្ថែមទៀតដែលដើម្បីបង្កើនការប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋដែលទៅចូលរួមលេងកំសាន្ដ នាឱកាសបុណ្យទន្លេ នៅខេត្តកណ្ដាលនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទពិសេស៦ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍មុខសញ្ញាផ្សេងៗ ទាក់ទងនឹងករណីចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង។ ប្រជាពលរដ្ឋទាំងអស់អាចទំនាក់ទំនងទៅកាន់នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៦ខ្សែ រួមមាន៖ 117, 740, 741, 742, 743 និង 744៕ សូមអរគុណ!