ក្រសួងរកឃើញសត្វស្លាប៤០ប្រភេទនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្ដតាកែវ

0
780

ភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨–មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តតាកែវ បានសហការជា មួយកម្លាំងចម្រុះ និងអ្នកជំនាញ នៃអង្គការ សត្វព្រៃBirdLife បានចុះសិក្សាពីសត្វស្លាបនៅក្នុងតំបន់ ការពារទេសភាព បឹងព្រែក ល្ពៅដោយបានរកឃើញសត្វចំនួន៤០ប្រភេទដែលមាន ចំនួន៣.៣១៤ ក្បាល។

នេះបើតាមការ ចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ ក្រសួងបរិស្ថាន បានលើកឡើងថា សត្វទាំងនោះរួមមានពពិចខ្មៅចុងខ្នងស កុកក្រោង តូច-មធ្យម ចាបដង្កូវចិញ្ចើមស និង អន្ទេបខ្មៅជាដើម ការចុះជំរឿននេះ គឺដើម្បីសិក្សាពី ប្រភេទសត្វស្លាបព្រៃនៅប៉ែកអាស៊ី។

សូមរម្លឹកថា រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញ អនុក្រឹត្យបង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅដែលមានផ្ទៃដីទំហំ ៨.៣០៥ ហិកតាដែលស្ថិតនៅ ក្នុងភូមិសាស្ត្រខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែលសម្បូរ ទៅដោយសត្វស្លាបព្រៃ។

ជាមួយគ្នានេះ មូលហេតុដែលរដ្ឋាភិបាលដាក់បឹងព្រែកល្ពៅទៅជាតំបន់ការពារទេសភាព គឺដើម្បីធានា ថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និង ជីវៈចម្រុះ សម្រាប់ផ្តល់ ផលិតផល និងសេវាកម្មធម្មជាតិក្នុងការ ប្រើប្រាស់ប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកម្ពស់ការចូលរួម របស់សហគមន៍មូលដ្ឋាននិង សេវាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕