
រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំជាសួនច្បារចំនួន ៤កន្លែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើយោងតាមការឲ្យដឹងពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។
លោក យន្ត មីន បានបង្ហើបពីទីតាំង សួនច្បារថ្មីទាំង៤ កន្លែង ដែលរួមមាន៖
- ទីតាំងទី១ គឺ សួនកូនសោរនៅក្បែរវិមានឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
- ទីតាំងទី២ គឺ សួនច្បារនៅក្បែរអតីតមហោស្រព សង្កាត់លេខ២ ក្រុង ខេត្តព្រះសីហនុ ដោយរដ្ឋបាលខេត្ត នឹងរៀបចំឲ្យផ្លាស់ប្តូរចំណតរថយន្តបច្ចុប្បន្នទៅចំណតរថយន្តថ្មី នៅភូមិ១ (ក្បាលឆាយ) សង្កាត់លេខ១ ក្រុងព្រះសីហនុវិញ។
- ទីតាំងទី៣ គឺ សួនច្បារកន្ទុយនាគ នៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។
- ទីតាំងទី៤ គឺ សួនកុមារនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ កែលម្អឲ្យទៅជាសួនកុមារថ្មី និងបន្ថែមឧបករណ៍ សម្រាប់កុមារតូចៗលេងកម្សាន្ត។

លោកអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា នៅក្នុងសួនច្បារនីមួយៗ គ្រោងនឹងរៀបចំឲ្យមានឧបករណ៍សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ បំប៉នសុខភាព បន្ថយភាពតានតឹង ភាពហត់នឿយ។
លោក យន្ត មីន បានអំពាវនាវដល់ ស្ថាបត្យករ ដែលមានចំណាប់អារម្មណ៍ ចូលរួមក្នុងការជួយក្នុងគម្រោងទាំងនេះផងដែរ៕
អត្ថបទ៖ ខ្លីៗ