៤កន្លែងពេញនិយមបំផុតសម្រាប់ដើរលេងថ្ងៃឆ្លងឆ្នាំនេះ

0
1775

ភ្នំពេញៈ ខណៈដែលវេលាដំណាច់ឆ្នាំជិតមកដល់ មនុស្សភាគច្រើនកំពុងរកនឹកទីកន្លែងសមស្របមួយសម្រាប់ដើរកម្សាន្ត។ ថ្ងៃនេះយើងសូមបង្ហាញទីតាំងនៅក្នុងស្រុកយើងចំនួន ៤ កន្លែងដែលអាចក្លាយជាទិសដៅដ៏សំខាន់ក្នុងថ្ងៃឆ្លងឆ្នាំរបស់អ្នក។

១. មាត់ព្រែកនៅកំពត: ទីតាំងនៅតាមមាត់ព្រែកក្នុងខេត្តកំពតមានទេសភាពស្រស់ស្អាត ត្រជាក់កាយ ត្រជាក់អារម្មណ៍ ស័ក្តិសមបំផុតសម្រាប់អ្នកដែលមានចំណូលចិត្តខ្លាំងជាមួយនឹងធម្មជាតិ ស្រលាញ់ភាពស្ងប់ស្ងាត់ ជិះទូកលេងកម្សាន្តនៅតាមដងព្រែក មើលអំពិលអំពែកនៅពេលរាត្រី ស្តាប់ស្នូរទឹករលកបោកច្រាំង អង្គុយមើលផ្កាយនៅយប់ឆ្លងឆ្នាំ ពិតជានាំឲ្យអារម្មណ៍ដក់ដាមជាប់ជានិច្ច បន្សល់ការចងចាំល្អៗមិនអាចបំភ្លេចបាន។

២. ផាប់ស្ទ្រីតក្នុងក្រុងសៀមរាប: ផាប់ស្ទ្រីតជាកន្លែងដ៏ពេញនិយមបំផុតនៅរាត្រីឆ្លងឆ្នាំ។ ពេញមួយរាត្រីឆ្លងឆ្នាំនៅផាប់ស្ទ្រីត អ្នកប្រាកដជាទទួលអារម្មណ៍ស្រស់ស្រាយ ប្លែកភ្នែកជាមួយនឹងទិដ្ឋភាពភ្លើងពណ៌ចម្រុះ អាចអង្គុយមើលគេមើលឯង ញ៉ាំអាហារ និងភេសជ្ជៈឆ្ងាញ់ៗស្តាប់តន្ត្រីកំដរអារម្មណ៍យ៉ាងរ៉ូមែនទិក។ អ្វីដែលមិនអាចបំភ្លេចបាន គឺការរាំលេងកម្សាន្តក្រោមដំណក់ទឹកជុំគ្នាជាមួយភ្ញៀវជាតិ និងអន្តរជាតិ ច្រើនចម្រុះជាតិសាសន៍ សប្បាយរីករាយពេញមួយរាត្រីតែម្តង។ សម្រាប់អ្នកចូលចិត្តបរិយាកាសបែបអ៊ូអរ មានមនុស្សម្នាច្រើន អាចទៅឆ្លងឆ្នាំនៅផាប់ស្ទ្រីតក្នុងក្រុងសៀមរាបបាន ធានាថា ប្រាកដជាជាប់ចិត្តលែងចង់មកផ្ទះវិញជាមិនខានទេ។

3. កោះរ៉ុងសន្លឹម: សម្រាប់អ្នកចូលចិត្តបរិយាកាសនៅសមុទ្រ កោះរ៉ុងសន្លឹមអាចជាទិសដៅដ៏ល្អមួយដែលអាចនាំឲ្យអ្នក បានលំហែអារម្មណ៍នៅថ្ងៃសម្រាកចុងឆ្នាំជាមួយនឹងការជិះទូក ហែលទឹក ស្ទូចត្រីលេងកម្សាន្ត ឬដើរលេងតាមឆ្នេរវែងអន្លាយ គ្របដណ្តប់ទៅដោយគ្រាប់ខ្សាច់ពណ៌ស និងពណ៌ក្រហម។ ម្យ៉ាងទៀតយើងអាចអាំងត្រី មឹក បង្កង បង្គា ក្តាមស្រស់ៗដែលទើបនេសាទបានភ្លាមៗពីសមុទ្រញ៉ាំយ៉ាងឆ្ងាញ់។ សម្រាប់កន្លែងគេងវិញ យើងអាចជួលផ្ទះគេងក៏បាន ឬជួលតង់សម្រាប់គេងក៏បាន ទៅតាមចំណូលចិត្ត និងរសនិយមរៀងៗខ្លួន។

4. ខេត្តមណ្ឌលគិរី: ចូលចិត្តទេសភាពខៀវស្រងាត់បែបធម្មជាតិ អាកាសធាតុត្រជាក់ៗ គេងក្នុងតង់ អង្គុយក្បែរភ្នក់ភ្លើងនៅរាត្រីឆ្លងឆ្នាំមែនទេ? មណ្ឌលគិរីអាចឲ្យអ្នកទទួលបាននូវបរិយកាសទាំងអស់នោះគួរជាទីពេញចិត្ត។ ភាគច្រើនអ្នកដែលធ្លាប់បានទៅដល់ហើយ តែងតែសរសើរមិនដាច់ពីមាត់ពីសម្រស់ដ៏អស្ចារ្យដែលលាក់ខ្លួនពួនកាយ នៅឆ្ងាយពីរាជធានី នាកណ្តាលព្រឹក្សព្រៃលើទឹកដីប៉ែកឥសានប្រទេស។ ចំណុចសំខាន់ដែលមិនគួរភ្លេច គឺត្រៀមដាក់អាវក្រាស់ៗទៅជាមួយផងពេលទៅលេងមណ្ឌលគិរី ព្រោះនៅទីនោះមានអាកាសធាតុត្រជាក់ខ្លាំងសឹងតែគ្រប់រដូវ។ សាកល្បងទៅម្តងអ្នកប្រាកដជាដឹងថា មណ្ឌលគិរីអាចធ្វើឲ្យអ្នកសាងអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រលាញ់បានច្រើនប៉ុណ្ណា។

តើមានពេល១០ឆ្នាំប៉ុន្មានដងសម្រាប់ការដើរកម្សាន្តនៅកន្លែងបែបនេះ? ដូច្នេះ! ការចំណាយពេលខ្លះដើម្បីនាំខ្លួនឯងឲ្យបានទៅដល់កន្លែងល្អៗ ក្នុងឱកាសពិសេសដូចជាថ្ងៃឆ្លងឆ្នាំក៏ល្អម្យ៉ាងដែរ។ តើកន្លែងមួយណាដែលអ្នកពេញចិត្ត ចង់ទៅកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំខាងមុខនេះ?