កំពង់ឆ្នាំង ៖ របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៨មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង១៥ម៉ឺននាក់ បានដើរកម្សាន្ត ទៅកាន់តំបន់ទេសចរនានា ក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងនោះ ភ្ញៀវទេសចរជាតិ ១៥២.៨០២នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៩០៦នាក់។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់១៦ មេសា ២០១៨ គឺសភាពការណ៍ទូទៅនៅក្រុងកំពង់ឆ្នាំង មានស្ថានភាពល្អប្រសើរ ជាពិសេសការងារសន្តិសុខ និងសណ្តាប់ធ្នាប់ ដូចជា អំពើលួចឆក់ប្លន់ និងលូកហោប៉ៅយកលុយជាដើម។ និយាយជារួមមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេគឺមានតែការចូលរួមកម្សាន្តសប្បាយរបស់មហាជនមានការកើនឡើងប្រកបដោយស្នាមញញឹម និងមានភាពរីករាយ៕