រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឱ្យដឹងថា នៅចុងសប្ដាហ៍ទី៤ ខែមេសា ទទួលបានភ្ញៀវទេសចរជាង៣១ម៉ឺននាក់

0
193

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ — ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងសប្តាហ៍នេះ ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបាន ភ្ញៀវ ទេសចរសរុបចំនួន៣១៤,០៨១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន២៩៦,០៤២នាក់ និងភ្ញៀវ បរទេសផ្ទៃក្នុងចំនួន១៨,០៣៩នាក់។

ឯកឧត្ដមបន្តថា គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖  ខេត្តព្រះសីហនុ ទទួលបានភ្ញៀវចំនួន៦០,៧៤១នាក់,  ខេត្តកំពត ៤១,៣៦៤នាក់,  ខេត្តបាត់ដំបង ៣៨,១១២នាក់,  រាជធានីភ្នំពេញ ៣៥,០៦៤នាក់,  ខេត្តកែប ២៦,៩២៦នាក់,  ខេត្តសៀមរាប ២៥,៤១៣នាក់ និងខេត្តពោធិ៍សាត់ទទួលបានភ្ញៀវចំនួន ១៧,០៤៤នាក់។

ឯកឧត្តមបានបញ្ជាក់ថា ចរន្តភ្ញៀវនាចុងសប្តាហ៍កន្លងមកនៅតែមានចំនួនច្រើន បើធៀបនឹងចុងសប្តាហ៍ធម្មតាពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះពី២០-២៥ម៉ឺននាក់ ខណៈដែលចុងសប្តាហ៍កន្លងមក ភ្ញៀវសរុបមានប្រមាណ៣២ម៉ឺននាក់។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា សរុបរយៈពេល ពីរសប្តាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ភ្ញៀវសរុបមានចំនួនប្រមាណ៦៤ម៉ឺននាក់ ខណៈដែលរយៈពេល៣ថ្ងៃនៃពិធីចូលឆ្នាំរួមទាំងថ្ងៃអាទិត្យផងនោះ មានភ្ញៀវសរុបចំនួនប្រ មាណ៥.១៧លាននាក់នៅទូទាំងប្រទេស៕

ដោយ សាយ សុន (ប្រភព៖ ក្រសួងទេសចរណ៍)