ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨ ភ្ញៀវទេសចរអន្តរជាតិជាង ៧៧ម៉ឺននាក់ បានមកទស្សនាតំបន់ឆ្នេរសមុទ្រនៅប្រទេសកម្ពុជា ក្នុងកំណើន ២៦,៩ភាគរយ។ នេះបើតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
ឯកឧត្តម ថោង ខុន បានរំពឹងទុកថា សម្រាប់ឆ្នាំ២០១៨នេះ តំបន់ឆ្នេរសមុទ្រកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩២ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣.៥លាន់នាក់ ក្នុងនោះខេត្តកោះកុងអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៦០ម៉ឺននាក់។ តាមការប៉ាន់ស្មាន តំបន់ឆ្នេរសមុទ្រ កម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤.៥លាននាក់នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួល បានភ្ញៀវអន្តរជាតិជាង ៣លាននាក់ និងភ្ញៀវជាតិប្រមាណ ៦លាននាក់។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា តួលេខខាងលើនេះ គឺជាសារប្រកាស ជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធឱ្យចូលរួមគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច សង្គមជាអតិបរិមាពីតំបន់នេះ តាមរយៈវិស័យទេសចរណ៍។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា បុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨ នៅខេត្តកោះកុងនឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរសមុទ្រស្អាត ពលរដ្ឋរមណីយ – Beautiful Bay, Happy Citizen» ក្រោមពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ពាក្យស្លោកនេះគឺការគូសបញ្ជាក់ឱ្យកាន់តែច្បាស់ នូវចំណងពាក់ព័ន្ធរវាងធនធានធម្មជាតិតំបន់ឆ្នេរ និងមនុស្ស ដែលមានន័យថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ឆ្នេរសមុទ្រទទួលបានភាពសប្បាយរីករាយ ក្នុងបរិយាកាសរស់ នៅល្អមានកម្រិតជីវភាពរស់នៅសុខដុមរមនា អាស្រ័យនឹងធនធានសមុទ្រ ខណៈដែលធន ធានសមុទ្ររបស់កម្ពុជាអាចរក្សាបាននូវភាពទាក់ទាញ ស្អាតល្អ និងសម្បូរបែប ដោយសារ កត្តាមនុស្ស។
ឯកឧត្តមបញ្ជាក់ទៀតថា ប្រធានបទនេះក៏ស្របតាមទិសដៅយុទ្ធសាស្រក្នុងការ អភិវឌ្ឍខេត្តតំបន់ឆ្នេរទាំង៤គឺ៖ ខេត្តកោះកុង ត្រូវបានចាត់ទុកជាគោលដៅអេកូ ទេសចរណ៍តំបន់ឆ្នេរលំដាប់ខ្ពស់ និងប្រណីត។ ខេត្តព្រះសីហនុ ជាគោលដៅទីក្រុង ទេសចរណ៍សម្រាកលំហែ និងជាបណ្តុំសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។ ខេត្តកែប ជាគោល ដៅទីក្រុង ទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត និងខេត្តកំពត ជាគោលដៅទីក្រុងទេស ចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ។
ទន្ទឹមនឹងនោះ ខេត្តកោះកុង ជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ និងអេកូ ទេសចរណ៍ជាច្រើនដូចជា តំបន់អេកូទេសចរណ៍អារ៉ែង សហគមន៍អេកូទេសចរណ៍ជីផាត សហគមន៍អេកូទេសចរណ៍ត្រពាំងរូង សហគមន៍អេកូទេសចរណ៍តាតៃក្រោម សហគមន៍ ទេសចរណ៍ពាមក្រសោប និងមានរមណីយដ្ឋានអេកូទេសចរណ៍ ខ្នាតធំជាច្រើនទៀត ដូចជា រមណីយដ្ឋានវិសមកាលតារាសាគរ រមណីយដ្ឋានទេសចរណ៍តាតៃ និងបណ្តារមណីយដ្ឋាន ធំៗដទៃទៀតជាច្រើនបាន។ តាមរយៈសកម្មភាពនេះ បាន និងកំពុងនាំមកនូវប្រភព សេដ្ឋកិច្ចជាច្រើនដល់សហគមន៍មូលដ្ឋាន ក៏ដូចជាកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ។
ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំង អស់យកចិត្ត ទុកដាក់លើកិច្ចការមួយចំនួនផងដែរ ដើម្បីរក្សាបាននូវលំនឹងសេដ្ឋកិច្ច សង្គម និងបរិស្ថានធម្ម ជាតិតំបន់ឆ្នេរ ពិសេសតំបន់ឆ្នេរខេត្តកោះកុង ក្នុងនោះរួមមានត្រូវពង្រឹង ការគ្រប់គ្រងការ អភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ពិសេសឆ្នេរខ្សាច់កម្សាន្តស្អាត ដើម្បីស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនថែមទៀត៕