​សួនកម្សាន្ត​ចំការ​នាគ​ខ្មៅទាក់ទាញ​ភ្ញៀវ​​ទេសចរ ដោយសំបូរដំណាំហូបផ្លែធម្មជាតិស្រស់ៗច្រើន!

0
2369

សួន​កម្សាន្ត​នាគ​ខ្មៅ​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ដាំ​ប្រហែល ៣០ ហិកតា​នៃ​តំបន់​បែក​អន្លូង​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង។ ​សួន​កម្សាន្ត​នាគ​ខ្មៅ​ស្ថិតនៅ​ភាគ​ខាងជើង និង​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម​គឺ​បាននិងកំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​តាមរយ​:​ការបង្កើត​សំណង់​ជា​កន្លែង​លេង​និង​ដំណាំ​ហូប​ផ្លែ​ជាច្រើន​មុខ​។​

​លោក នៅ ចាន់​មង្គល ហៅ រ៉ូ ជា​ម្ចាស់​សួន​កម្សាន្ត​ឈ្មោះ «​នាគ​ខ្មៅ​»​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៧ ឧសភា​ឆ្នាំ​២០១៨​នេះ​ថា សួន​កម្សាន្ត​នាគ​ខ្មៅ​បាន​បង្កើតឡើង​រយ​:​ពេល​ប្រហែល ប្រាំបី ឆ្នាំ​ហើយ​។ ដោយ​ក្នុង​មួយឆ្នាំៗ​មាន​ភ្ញៀវ​មកលេង​កម្សាន្ត​ចន្លោះ​ពី​ពីរម៉ឺន​ទៅ​ពីរម៉ឺន​ប្រាំ​ពាន់​នាក់​។​ពេលវេលា​ដែល​ភ្ញៀវ​ទាំងនោះ​និយម​មកលេង​ច្រើនជាងគេ​ចាប់​ខែមេសា ដល់​ខែសីហា គឺជា​រដូវ​សម្បូរ​ផ្លែឈើ​ហូប​ផ្លែ​ដូចជា ទុរេន សាវម៉ាវ មង្ឃុត ជាដើម​។

​ម្ចាស់​សួន​កម្សាន្ត​ម្នាក់នេះ​បាន​ឲ្យ​ដឹង​ទៀតថា​ដើម្បី​បង្កើន​ភាព​ល្បីឈ្មោះ​ដល់​ភ្ញៀវ​ឲ្យ​មក​ទស្សនា និង​លេង​កម្សាន្ត​កាន់​ច្រើន​នោះ ក្រៅពី​ចម្ការកៅស៊ូ​ព័ទ្ធជុំវិញ​ជាង​១០ ហិកតា និង​គ្រប់​ដណ្តប់​ដោយ​ចម្ការ​ទុរេន សាវម៉ាវ និង​មង្ឃុត​សរុប​ជាង ១០​ហិកតា​បន្ថែមទៀត​។​គឺ​បាន​សាងសង់​បង្កើតជា​សំណង់ និង​សម្ភារ​:​កែច្នៃ​ដូចជា ផ្ទះសំណាក់ អាហា​រដ្ឋា​ន រោង​កម្សាន្ត អាងទឹក​សម្រាប់​ភ្ញៀវ​ជិះ​ទា​ទឹក សួរ​ច្បារ និង​ទឹកជ្រោះ​ធ្លាក់​សិប្ប​និមិត្ត …​ជាដើម​។​

លោក​នៅ​ចាន់​មង្គល​បាន​បន្តថា​បូកសរុប​នៃ​ចំណាយ​បង្កើត​សួន​កម្សាន្ត​បន្ត​ពី​ឳ​ពុក​ក្មេក​មាន​ព្រះនាម​អេកូ​ម​« នាគ​ខ្មៅ​»​ជា​ឈ្មោះ​សួន​កម្សាន្ត​នេះ​ឡើង គឺជា​មួយ​លាន​ដុល្លារ​។ ប៉ុន្តែ​ទូទាត់​ចំណូល​ទទួលបាន​ពី​អាជីវកម្ម​សួន​កម្សាន្ត​នេះ​វិញ​ជា​មធ្យម​ក្នុង​មួយឆ្នាំ​ប្រហែល ១៥.០០០ ដុល្លារ​។ ភាគច្រើន​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មកលេង​សួន​កម្សាន្ត​នាគ​ខ្មៅ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ជុំ​តំបន់ និង​មួយចំនួនទៀត​មកពី​បណ្តា​ខេត្ត​ជាប់​ខេត្តកំពង់ចាម​មាន ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​។​

​លោក​ម៉េង​ជូ​វ័យ​២៧​ឆ្នាំ​ជា​អ្នករស់នៅ​ក្នុង​ទីប្រជុំជន​ស្រុក​ស្ទឹងត្រង់​ឃ្លាត​ពី​សួន​កម្សាន្ត​នាគ​ខ្មៅ​ប្រហែល​ជាង​១០​គីឡូម៉ែត្រ​បាន​ឲ្យ​ដឹងថា ខ្លួន និង​មិត្តភក្តិ​ពេលទំនេរ និង​ថ្ងៃ​ឈប់សម្រាក ឬ​ថ្ងៃបុណ្យ​តែងតែ​បបួល​គ្នីគ្នា​ជិះ​រថយន្ត​ពីរ​ទៅ​បី​គ្រឿងក្នុង​មួយ​លើក ដើម្បី​ទៅលេង​សប្បាយ លំហែកាយ និង​ទទួលទាន​ផ្លែឈើ​ពី​ធម្មជាតិ​គឺ​មិន​បារម្ភ​ពី​ការប៉ះពាល់​ដល់​សុខភាព​ឡើយ​។​

​បុរស​រូបនេះ​បាន​បន្តថា ការដែល​លោក និង​មិត្តភក្តិ​ជ្រើស​រើសយក​ការដើរ​លេង​ក្នុង​មួយឆ្នាំ​បី ទៅ បួន ដង​នៅ​សួន​កម្សាន្ត​នាគ​ខ្មៅ​តំបន់​បែក​អន្លូង​នេះ គឺ​ព្រោះ​ទីនោះ​មានការ​រៀប​ស្អាត មាន​ខ្យល់អាកាស​បរិសុទ្ធ​បរិស្ថាន​ល្អ​ម្លប់​ដើមឈើ​ហូប​ផ្លែ​ត្រឈឹងត្រឈៃ​សម្បូរ​កន្លែង​លេង​មាន​សុវត្ថិភាព ពិសេស​បាន​ទទួលទាន​ផ្លែឈើ​ដូចជា ផ្លែ​ទុរេន សាវម៉ាវ មង្ឃុត មាន​រសជាតិ​ឆ្ងាញ់ និង​មាន​សុវត្ថិភាព​។​

​គួរបញ្ជាក់​ថា​សួន​កម្សាន្ត​នាគ​ខ្មៅ​នេះ​ខាង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​នៅ​មិនទាន់​ចាត់ទុកជា​ខ្នាត​រមណីយដ្ឋាន​នោះទេ គឺ​មានតែ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ រមណី​ដ្ឋា​ន​ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ ប្រាំ​កុម្ភ​: ស្រុក​ចម្ការលើ​សរុប​ចំនួន ១៦ កន្លែង​៕ ប្រភព : កម្ពុជាថ្មី