ខេត្តមណ្ឌលគីរី៖ ទឹកធ្លាក់ក្បាលព្រះ គឺជាតំបន់គួរជាទីទាក់ទាញភ្ញៀវទេសចរណ៍ ទាំងជាតិនិងអន្តរជាតិ ដែលបានបង្កប់ខ្លួនក្នុងព្រៃធម្មជាតិមួយ មានទីតាំងក្នុងភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ។
តំបន់ទឹកធ្លាក់ក្បាលព្រះ មានចម្ងាយតែប្រមាណ១៣គីឡូម៉ែត្រប៉ុណ្ណោះ ពីរូបសំណាកគោព្រៃ នៃក្រុងមនោរម្យ ។ អ្នកទេសចរដែលបានទៅដល់ទីនោះ តែងតែទទួលបានបទពិសោធន៍ ពីការដើរកម្សាន្តព្រៃព្រឹក្សាធម្មជាតិដ៏ស្រស់បំព្រង ទាំងនៅរដូវវស្សា និងរដូវប្រាំង ។នេះបើតាមគេហទំព័រក្រសួងបរិស្ថានឲ្យដឹងនៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៧ ។
ពួកគេអាចងូតទឹកធ្លាក់ដ៏ស្រស់ស្អាតនេះ ក្រោមម្លប់ព្រៃឈើត្រជាក់ល្ហឹម ។ ក្នុងអំឡុងពេលនារដូវវស្សា គឺទឹកធ្លាក់ក្បាលព្រះ មានទំហំមុខកាត់ជិត៤០ម៉ែត្រ នឹងកម្ពស់ប្រមាណ៨ម៉ែត្រ រីឯនៅរដូវប្រាំងវាបង្រួមនៅត្រឹម២០ម៉ែត្រ នឹងកម្ពស់ប្រមាណជិត១០ម៉ែត្រ ។
បើទោះបីយ៉ាងណាក៏ដោយ ក៏សម្រស់ធម្មជាតិនៃទឹកធ្លាក់ក្បាលព្រះ នៅតែស្រស់ស្អាត ជាមួយនឹងទឹកត្រជាក់ល្ហឹមក្រោមម្លប់ត្រឈឹងត្រឈៃ នៃដើមឈើតូចធំ ដែលអាចឲ្យអ្នកទេសចរចុះងូតទឹក និងហែលក្នុងថ្លុកអាងទឹកធម្មជាតិយ៉ាងសប្បាយរីករាយ ជាពិសេស នៅរដូវកាលដែលមានបុណ្យជាតិ និងពេលសម្រាកពីការងារ ៕

ប្រភព : ភ្នំពេញប៉ុស្តិ៍