(ភំ្នពេញ) ៖ ប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បាននឹងកំពុងត្រៀមខ្លួន ធ្វើការនាំចេញកសិផល៥ប្រភេទ រួមមាន ផ្លែស្វាយ ស្វាយចន្ទី មៀន ម្រេច និងទឹកមាត់ត្រចៀកកាំ ចូលទៅកាន់ទីផ្សារប្រទេសចិនឲ្យបាន នាពេលខាងមុខនេះ។
ការលើកឡើងរបស់ភាគីចិននេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង លោក Liang Yi អគ្គនាយករងនៃភ្នាក់ងារជំរុញការវិនិយោគខេត្តក្វាងស៊ី កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោក Liang Yi បានឱ្យដឹងថា លោក នឹងរាយការណ៍ទៅមន្រ្តី និងអាជ្ញាធរចិនពាក់ព័ន្ធដើម្បីចូលរួមដោះស្រាយឱ្យកម្ពុជាអាចនាំផលិតផលស្វាយ ស្វាយចន្ទី មៀន និងម្រេច ចូលប្រទេសចិនបាន។ ដោយឡែក ចំពោះផលិតផលទឹកមាត់ត្រចៀកកាំវិញ ភាគីចិន នឹងសហការជាមួយប្រទេសម៉ាឡេស៊ី បង្កើតជាក្រុមជំនាញមួយ ដើម្បីជួយសម្របសម្រួលយ៉ាងណាឱ្យកម្ពុជាអាចនាំចេញទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិនបានដូចប្រទេសម៉ាឡេស៊ីដែរ។
ជាចុងក្រោយ លោកបន្ថែមថា នៅកម្ពុជាមានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីជាច្រើន បាននឹងកំពុងធ្វើប្រតិបត្តិការអាជីវកម្ម ហើយនៅថ្ងៃខាងមុខ លោក នឹងខិតខំកៀងគរវិនិយោគិនខេត្តក្វាងស៊ី ឲ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
ជាក់ស្តែង មានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីដ៏ធំមួយ កំពុងបោះទុនវិនិយោគលើកំពង់ផែក្រុងព្រះសីហនុ ប្របើសិនជាគម្រោងនេះ ទទួលបានជោគជ័យ កម្ពុជាអាចដឹកជញ្ជូនទំនិញតាមផ្លូវទឹកត្រង់ទៅប្រទេសចិនតែម្តង។
គូសបញ្ជាក់ផងដែរថា នៅកម្ពុជាបច្ចុប្បន្ន ត្រូវបានអនុញ្ញាតិឲ្យនាំចេញកសិផលទៅកាន់ប្រទេសចិន គឺមានត្រឹមតែ អង្ករ ដំឡូងមី និងពោតតែប៉ុណ្ណោះ៕