ប្រទេសថៃ៖ ភោជនីយដ្ឋាន Dinner In The Sky Thailand ចាប់ផ្តើមបើកជាផ្លូវការក្នុងទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ទី៦មករា។ នេះគឺជាលើកទីមួយហើយដែលភោជនីយដ្ឋានអាហារលើអាកាសដ៏ល្បីលើសកលលោកនេះត្រូវបានផ្តល់ជូនអតិថិជនថៃនិងភ្ញៀវអន្តរជាតិដែលមកទស្សនាប្រទេសថៃ។ ដោយមានតែតុអាហារពេលល្ងាចមួយព្យួរពីលើអាកាសរបស់ពិភពលោក ភ្ញៀវត្រូវបានដាក់ឱ្យអង្គុយលើកៅអីយ៉ាងមានសុវត្ថិភាពនៅកម្ពស់ ៥០ ម៉ែត្រ កន្លែងដែលពួកគេរីករាយជាមួយនឹងអាហារពេលល្ងាច ៤ មុខ អមជាមួយទេសភាពដ៏អស្ចារ្យនៃទីក្រុងបាងកក។
Dinner In The Sky Thailand នេះមានទីតាំងស្ថិតនៅចន្លោះផ្សារទំនើប The Emporium Shopping Complex សួនច្បារបិនចាសិរី និង សួនដាយណូស័រ។ កម្មវិធីបើកសម្ពោធនេះរួមមានទាំងពិធីជប់លឿងដ៏ធំសម្បើម ចូលរួមដោយភ្ញៀវ VIP និងអ្នកសារព័ត៌មាន តារាល្បីល្បាញរួមទាំងរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក វីរៈសាក់ កៅស៊ូរ៉ាត់ នាយកគ្រប់គ្រងភោជនីយដ្ឋាន លោកស្រី ភ្លឺនភីត មឿនផន និងអាជ្ញាធរទេសចរណ៍ថៃ លោក វូដឌី រួមទាំងមិត្តភក្តិរបស់គាត់។
ដោយបើកប្រតិបត្ដិការនៅក្នុងបណ្តាប្រទេសប្រមាណ ៤៥ ដែលរួមមានបារាំង អាមេរិក ហូឡង់ ចិន ម៉ាកាវ ដាណឺម៉ាក ហ្វាំងឡង់ ជប៉ុន តៃវ៉ាន់ ព័រទុយហ្គាល់ ម៉ាឡេស៊ី និងស៊ុយអែត ភោជនីយដ្ឋាន Dinner In The Sky Thailand បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន DITS ASIA ក្រុម Emporium Group ក្រុមហ៊ុន Sheraton Grande Sukhumvit និង ក្រុមហ៊ុន Uber Thailand៕
ប្រភព : រស្មីកម្ពុជា