(វៀតណាម)៖ វៀតណាមកំពុងក្លាយជាប្រទេសដ៏ល្បីល្បាញជាងគេនៅអាស៊ី ខាងប្រើប្រាស់សារធាតុគីមីលើផលិតផលកសិកម្ម ផលិតផលកែច្នៃកសិឧស្សាហកម្ម និងម្ហូបអាហារក្នុងកម្រិតខ្ពស់ ដែលជះឥទ្ធិពលខ្លាំងដល់សុខភាពអ្នកទទួលទាន។
រឿងដែលកំពុងតែល្បីមួយទៀតនោះ គឺម្ទេសម៉ត់វៀតណាម ត្រូវអាជ្ញាធរវៀតណាម រកឃើញថាមានផ្ទុកសារធាតុម្យ៉ាងឈ្មោះថា carcinogen ដែលអាចបង្កហានិភ័យខ្ពស់ចេញដល់សុខភាពអ្នកដែលបានទទួលទាន ក្រោយធ្វើតេស្តរកសារធាតុគីមីសាកល្បងប្រមាណ ២៦២ សំណាក ឃើញថាមានផ្ទុកសារធាតុនេះទាំងអស់។
អាជ្ញាធរវៀតណាម បានប្រកាសឲ្យប្រជាពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នចំពោះផលិតផលម្ទេសម៉ត់ដែលគ្មានស្លាកសញ្ញា និងមិនមានធ្វើការវ៉ិចខ្ចប់បានត្រឹមត្រូវ។ បន្ថែមពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើការប្រមូលយកនូវផលិតផលម្ទេសម៉ត់នេះដែលរកឃើញមានផ្ទុកសារធាតុគីមីទាំងនេះ យកទៅកម្ទេចចោល ដែលគិតជាទឹកប្រាក់ប្រមាណ១១០លានដុង (ជិត៥ពាន់ដុល្លារអាមេរិក)។
អាជ្ញាធរវៀតណាមបានបញ្ជាក់ផងដែរថា ការទទួលទានអាហារដែលមានផ្ទុកសារធាតុគីមីខាងលើ អាចបណ្តាលឲ្យអ្នកទទួលទានកើតជំងឺមហារីកថ្លើម និងមហារីកពោះវៀនធំក្នុងកម្រិតខ្ពស់។
គួរជម្រាបផងដែរថា សារធាតុ Carcinogen ច្រើនរកឃើញមាននៅក្នុងបារី ភេសជ្ជៈដែលមានជាតិអាកុល និងប្រភេទអាហារមួយចំនួន ដូចជាសាច់ក្រជាដើម៕
អត្ថបទដោយ៖ Jimmy