អាជ្ញាធរជាតិអប្សរារកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ន នៅជញ្ជាំងខាងជើងស្ពានហាលខាងលិចនៃខ្លោងទ្វារតាកាវ

0
308

MC. កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័ន ព្រម ទាំងថ្មចម្លាក់ផ្សេងទៀតនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វារតាកាវ ក្រោយពេលក្រុមការងារសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ព័ន្ធផ្នែកខាង ក្រោមនៃស្ពានហាលជាយូរឆ្នាំ មកហើយ។

លោកស្រី គឹម សេងភក្តី បុរាណវិទូបានឱ្យដឹងថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល ដោយរូបចម្លាក់អប្សរាទាំងអស់នេះ មានលក្ខណៈដូចគ្នាទៅនឹងរូប ចម្លាក់អប្សរា នៅតាមសសរប្រាសាទបាយ័ន រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោង ទ្វារតាកាវ។

លោកស្រីបញ្ជាក់ថា តាមការសន្និដ្ឋានទី១ បំណែកថ្មដែលមានរូបចម្លាក់ទាំងនេះប្រហែលជាត្រូវបានសាងសង់ដំណាលគ្នានឹងខ្លោងទ្វារ និងប្រាសាទបាយ័ន ដោយយកថ្មពីប្រាសាទបាយ័នយកមកបំពេញចំណុចខ្វះខាតនៅស្ពានហាលនេះ ព្រោះរូប ចម្លាក់អប្សរា ស្ថិតក្នុងរចនា ប័ទ្មបាយ័ន ចុងស.វ.ទី១២ និងដើមស.វ.ទី១៣។ និងទី២ ស្ពានហាលនេះ អាចមានការសាង សង់បន្ថែមនៅដំណាក់ កាលណាមួយដោយបានរុះរើយកថ្មពីប្រាសាទបាយ័នមកប្រើប្រាស់។

សម្រាប់ដែលយើងរកឃើញនេះ យើងអាចសន្និដ្ឋានថា ប្រហែលក្នុងសតវត្សរ៍ទី១៣ ឧទាហរណ៍នៅខាងជើងស្ពានហាលនេះ នៅពេលយើងសម្អាតគំនរដីចាក់បង្គោល ដែលយើងឃើញថ្មមិនស៊ី ក្នុងអំឡុង ពេលទឹកស្រកនេះ យើងចង់ដឹងមានរូបទម្លុះធ្លាក់មកច្រើនអត់ អ៊ីចឹងនៅពេលយើងសម្អាតទៅមានឃើញរូបចម្លាក់អប្សរានៅតាមជញ្ជាំងស្ពានហាលនេះ ថ្មនេះយើងអត់ដឹងថា យកកពីទីតាំងណាយកមកដាក់នៅកន្លែងនេះទេ អ៊ីចឹងការរៀបថ្មនៅជញ្ជាំងស្ពានហាលនេះ ដូចគ្នានេះដែរនឹងរូប ចម្លាក់រលុះធ្លាក់នេះ អ៊ីចឹងមិនប្រាកដថារូបអសុរៈនៅខាង ត្បូងស្ពានហាលវានៅខាងហ្នឹងទេ។

សូមបញ្ជាក់ថា ក្រុមអ្នកបុរាណវិទូនឹងធ្វើកំណាយស្វែងរកថ្មរូបចម្លាក់ទេវតាជាច្រើន ដែលបានធ្លាក់ចូលទៅក្នុងកសិន្ធុផ្នែកខាងជើងនៃស្ពានហាល ដើម្បីយកថ្មចម្លាក់ដែលកប់បាត់នៅក្នុងដីទាំងអស់នោះ មកជួសជុលនិងរៀបដាក់ទៅតាមទីកន្លែងដើមវិញ៕

វិទ្យុជាតិកម្ពុជា: លោក អេង យូ ភ្នាក់ងារខេត្តសៀមរាប