អាជ្ញាធរជាតិព្រះវិហារ បើកការដ្ឋានអភិរក្សទល់ទ្ររចនាសម្ព័ន្ធ ប្រាសាទព្រះវិហារ

0
46

ព្រះវិហារ៖ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ លោកបានដឹកនាំមន្ត្រីបច្ចេកទេស និង ក្រុមពលករជំនាញអភិរក្សនៃអាជ្ញាធរជាតិព្រះវិហារ ដើម្បីរៀបចំពិធីសែនព្រេន បើកការដ្ឋានសម្រាប់ការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទព្រះវិហារ ដែលមានហានិភ័យខ្ពស់ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ។

លោកបណ្ឌិត អ៊ា ដារិទ្ធ បានឱ្យដឹងទៀតថា ការរៀបចំបើកការដ្ឋានសម្រាប់ការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធ ប្រាសាទព្រះវិហារ ដែលមានហានិភ័យខ្ពស់ ក្នុងនោះមានការទល់ទ្រសសរថ្មភក់នៅគោបុរៈទី២ ចំនួន៥ទីតាំង ទល់ទ្រសសរផ្អោបនៅគោបុរៈទី៣ ចំនួន១ទីតាំង និង ទល់ទ្ររចនាសម្ព័ន្ធធ្នឹមនៅគោបុរៈទី៤ ចំនួន៣ទីតាំង។ ទីតាំងដែលមានហានិភ័យខ្ពស់ទាំងនេះ បានសិក្សាដោយក្រុមមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ ដែលបានទទួលការផ្តល់អនុសាសន៍ គាំទ្រដោយអ្នកជំនាញអន្តរជាតិ យូណេស្កូ (UNESCO) តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC- Preah Vihear)។

ចំពោះការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទទាំងនេះ ក្រុមការងារយើងរំពឹងថានឹងអាចកាត់បន្ថយនូវហានិភ័យកម្រិតខ្ពស់ ហើយរក្សាបាននូវលំនឹងរចនាសម្ព័ន្ធប្រាសាទ និង​ ការពារសុវត្ថិភាពដល់ភ្ញៀវទេសចរទៅថ្ងៃអនាគត ៕

ដោយ ណយ នឿន (ប្រភពៈអាជ្ញាធរជាតិព្រះវិហារ)