អាជ្ញាធរកោះកុង ផ្តើមជួសជុលកែលម្អសួនច្បារ សម្រាប់ត្រៀមពិធីបុណ្យសមុទ្រជុំទី២

0
2099

កោះកុង ៖ ថ្វីត្បិតពិធីបុណ្យសមុទ្រជុំទី២នៅសល់ជាង៥ខែទៀត ទើបចូលមកដល់យ៉ាងណាក្តី អាជ្ញាធរ​ខេត្ត​កោះ​កុង បាន​​ចាត់​មន្រ្តី និងមេការសំណង់ជំនាញ ផ្តើមចុះពិនិត្យជួសជុលកែលម្អសួនច្បារចាស់ និងហេដ្ឋា​រចនាសម្ព័ន្ធដ៏ទៃ​ឱ្យថ្មី​ល្អឡើងវិញ ដើម្បីត្រៀម​អបអរ​សាទរ​ទទួល​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

៥ខែទៀតជារយៈពេលមិនយូរនោះទេ សម្រាប់រដ្ឋបាលខេត្តកោះកុង ដែលចាំបាច់​ត្រៀមលក្ខណៈរៀបចំ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី២ ពោលគឺ១ខែមកនេះ ពលរដ្ឋ និងសាធារណជនទូទៅ កត់សម្គាល់ថា អាជ្ញាធរ​ផ្តើម​ណែនាំ​​ដល់​មេ​ការ​សំណង់​​រុះរើ​ការ៉ូ​ឡា​ចាស់ៗទល់មុខអគាររដ្ឋបាលខេត្តចេញ ដោយដាក់​ជំនួស​នូវ​កម្រាល​ការ៉ូឡាថ្មី។

លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានប្រាប់ cambotrips ឱ្យដឹងនៅថ្ងៃទី១០ កក្កដា នេះថា ពេល​វេលា កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបម្រើការដល់ពិធីបុណ្យសមុទ្រពុំមានច្រើនប៉ុន្មានទេ ខណៈ​ចាប់​ពីខែនេះ​​​ទៅ​ជា​រដូវ​ភ្លៀង​ធ្លាក់។ ដូច្នេះ ចាំបាច់គិតគូរជួលជុលសំណង់ហេដ្ឋារ ចនាប្លង់ គោល ជាបណ្តើរៗឡើងវិញ។

ក្រៅពីការកែលម្អការ៉ូឡាសួនច្បារ ផ្លូវធ្វើដំណើរ និងតម្លើងបង្គោលភ្លើងអគ្គិសនី អភិបាលរងខេត្តកោះកុង បាន​បន្ថែ​មថា អាជ្ញាធរក៏នឹង​ត្រៀមដាក់តាំងបង្ហាញ​កប៉ាល​​​​ល្បាត​​​​​សមុទ្រ​អំឡុង​​​​​ឆ្នាំ​១៩៨០ និងទូកនេសាទ លើសួន​ច្បារ​​ទី​តាំងផ្សេងគ្នា ដើម្បីបង្កើនភាពទាក់​ទាញ​ភ្ញៀវ​​ទេស​ចរ និង​​លើកកម្ពស់សោភ័ណ្ឌទីរួមខេត្តអោយ​បាន​សណ្តាប់​​ធ្នាប់បរិស្ថានល្អ។

អាជ្ញាធរក៏នឹង​ត្រៀមដាក់តាំងបង្ហាញ​កប៉ាល​​​​ល្បាត​​​​​សមុទ្រ​អំឡុង​​​​​ឆ្នាំ​១៩៨០។

ដោយឡែក ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ពេញចិត្តអ្វីដែលជាការខិតខំរបស់អាជ្ញាធរ ដោយពួក​គាត់​រំពឹងថា សំណង់ហេដ្ឋារចនាសម្ព័ន្ធដែលបានជួសជុលកែលម្អរួចរាល់ នឹងបង្កើនចំនួនភ្ញៀវទេសចរមក លេង កម្សាន្ត​ក្នុង​ខេត្ត​កាន់តែច្រើនឡើងៗ គ្រាដែលខេត្តមានសក្តានុពលខាងផ្នែកវិស័យទេសចរណ៍។

ពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ បើតាមការបញ្ជាក់ក្នុងលិខិតរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ ពិធីបុណ្យ​សមុទ្រលើកទី៧ ដោយខេត្តកោះកុងម្ចាស់ផ្ទះរៀបចំឡើងជុំទី២ នឹងប្រារព្ធចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០​១៨​ខាងមុខ។

បើតាមគម្រោងសម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ជា​ផ្លូវការ។

ពិធីបុណ្យ​សមុទ្រនៅកម្ពុជា ​ត្រូវបាន​រាជរដ្ឋាភិបាលអនុញ្ញាត​ឲ្យ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ រៀបចំ​ប្រារព្ធ​ឡើង​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង ៤ ជា​រៀងរាល់ឆ្នាំ រួមមាន៖ ខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ ​ចាប់​ផ្តើម​ឆ្នាំ​២០១២ម្ល៉េះ ក្នុងគោលបំណងដើម្បី​អបអរសាទរតំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​បាន​​​ក្លាយជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក កាលពី​ឆ្នាំ​២០១១​៕

អត្តបទៈ សេរីវឌ្ឍនៈ