ភ្នំពេញ: តាមកត់សម្គាល់ក្រោយលំហូរជាច្រើននូវគ្រឿងសង្ហារឹមពីបរទេសមកទីផ្សារកម្ពុជា។ ក្រុមអាជីវករលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវសុធារស់ ខណ្ឌចំការមន រាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ការលក់សង្ហារឹមដែលផលិតចេញពីផ្តៅនិងកំប្លោកថយចុះច្រើនបើធៀបនឹងឆ្នាំកន្លងៗទៅ។
អ្នកនាង ព្រំ សុជាតា អាជីវករលក់និងធ្វើគ្រឿងសង្ហារឹមគ្រប់ប្រភេទប្រមាណ២០ឆ្នាំមកនេះ បានរៀបរាប់ប្រាប់ថា ការលក់ផលិតផលពីផ្តៅនិងកំប្លោក ដូចជា៖ តុ ទូ សាឡុង និងកៅអីជាដើមមានការធ្លាក់ចុះបន្តិចដោយសារលំហូរច្រើននូវគ្រឿងសង្ហារឹមពីបរទេស ម្យ៉ាងផលិតផលធ្វើពីផ្តៅនិងកំប្លោកមានកម្រិតសោភណភាព បច្ចេកទេស ក៏ដូចជាគុណភាព។ ប៉ុន្តែ ផលិតផលទាំងនេះបានទាញការចាប់អារម្មណ៍ជាច្រើនវិញពីសំណាក់ភ្ញៀវបរទេសដែលមកទិញផ្ទាល់និងធ្វើការកម្ម៉ង់ធ្វើតុ កៅអី និងសាឡុង។ល។សម្រាប់ប្រើប្រាស់ក្នុងភោជនីយដា្ឋន ហាងកាហ្វេ និងនៅក្នុងខុនដូជាដើម។
ទាក់ទងអាជីវកម្មនេះ លោក លឹម សំបូរ ជាអាជីករលក់សង្ហារឹមដូចគ្នាដែលស្ថិតនៅក្បែរភ្លើងស្តុបចំការមន បានលើកឡើងថា ការលក់ផលិតផលទាំងពីរប្រភេទនេះទាបជាង ឆ្នាំកន្លងទៅដោយសារកើនឡើងនៃគ្រឿងសង្ហារឹមពីបរទស។ លោកឲ្យដឹងទៀតថា សម្រាប់ផលិតផលធ្វើពីផ្តៅភាគច្រើនមកពីតំបន់វាលរេញ និងស្រុកឈូក ខេត្តកំពត ដោយឡែកផលិតផលធ្វើពីកំប្លោកគឺនាំមកពីស្រុកកោះក្របី។
ទោះជាយ៉ាងនេះក្តី ក្រុមអាជីវករលក់គ្រឿងសង្ហារឹមទាំងនេះ បានអំពាវនាវបន្ថែមដល់អ្នកប្រើប្រាស់ទាំងអស់គាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកបន្តទៀត ដោយផលិតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ ព្រោះថាទាំងតម្លៃនិងគុណភាពគឺអាចទទួលយកបាន ជាពិសេសបង្កើនឱកាសការងារដល់អ្នកខ្វះការងារធ្វើផងដែរ ចៀសវាងការចំណាកស្រុក៕ ប្រភព : រស្មីកម្ពុជា