អន្ទង់សមុទ្រកម្ពុជា ប្រជានេសាទ អាចលក់បានក្នុង​​១គីឡូ៣០ដុល្លារអាមេរិកឡើង

0
2818
អន្ទង់សមុទ្រ ដែល​ប្រជានេសាទ​ នេសាទបាន​នៅ​ខេត្ដកោះកុង។

កោះកុង៖ ប្រជានេសាទនៅភូមិ​ព្រែក​ខ្សាច់ ខេត្ដ​កោះកុង បាន​ថ្លែង​ប្រាប់ Cambotrips នាពេលថ្មីៗនេះ អន្ទង់​សមុទ្រដែល​ពួកគាត់នេសាទបាន​ អាចលក់​បាន​តម្លៃថ្លៃ ដែល​អាច​លក់ចេញ​ក្នុង១គីឡូ ចាប់ពី តម្លៃ ៣០ ដុល្លារអាមេរិកឡើងទៅ។

លោក ពូ ម៉ៅ ប្រជានេសាទម្នាក់ ក្នុង​ចំណោម​ប្រជានេទសាទ​ជាង​២០០គ្រួសារ​ផ្សេង​ទៀត​នៃទឹក​ដី​ភូមិ​ព្រែកខ្សាច់ នៃខេត្ដ​កោះកុង បាន​ប្រាប់​ឲ្យដឹង​ថា អន្ទង់សមុទ្រនេះ​ មិន​ងាយ​រកបាន​ទេ ពេល​ខ្លះ​រក​មិនមាន​ផង​។ ដូច្នេះ​ទើបលក់បាន​ថ្លៃ។

អន្ទង់សមុទ្រ ដែល​ប្រជានេសាទ​ នេសាទបាន​នៅ​ខេត្ដកោះកុង។

លោក​បន្ដថា «ជាទូទៅ​យើង​ចុះទៅ​នេសាទ បាន​មួយថ្ងៃ​ តែជាង​១គីឡូ​ប៉ុណ្ណោះ ទើប​យក​មកលក់​ឲ្យ​ឈ្មួញ ដែលគេទិញយកទៅលក់​បន្ដទៅ​ស្រុក​ដងទង​នៃ​ខេត្ដ​កោះកុង​»។

បើ​តាម​លោក ពូម៉ៅ ប្រជាជន​នៅ​ភូមិព្រែកខ្សាច់​ភាគច្រើន​សុទ្ធតែអ្នកមាន​ប្រកប​របរ​នេសាទ​នៅ​សមុទ្រទាំង​អស់។ របរនេសាទនៅព្រែកខ្សាច់​កាក់កប​គួរសម ទោះ​រដូវ​នេះ កំពង​ឈាន​ចូល​រដូវ​វស្សា ដែល​អាច​ជះឥទ្ធិពលមិន​ល្អ​ដល់​របរ​នេសាទក៏ដោយ ក៏​ប្រជានេសាទ​អា​ចុះនេសាទ​បាន​ខ្លះដែរ​។

កំពុងប្រមូលទិញគ្រឿង​សមុទ្រ​ពី​ប្រជានេសាទ បងស្រី ពៅ ដែល​ជាឈ្មួញ​កណ្ដាល​ម្នាក់​ ​ប្រមូលទិញ​គ្រឿង​សមុទ្រពី​ប្រជានេសាទនៅភូមិ​ព្រែក​ខ្សាច់​ ទៅលក់បន្ដនៅស្រុក​ដងទង បាន​ឲ្យដឹងថា រដូវ​នេះ មិន​សូវ​ទិញ​បាន​ផលនេសាទ​​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​អ្នក​នេសាទ នេសាទ​មិន​សូវ​បាន​ផល​។

បងស្រី ពៅ អ្នក​ប្រមូលទិញ​ផល​នេសាទពីប្រជាជន។

បងស្រី ពៅ បន្ដថា «អ្នកនេសាទនៅទីនេះ ក្រៅពី​នេសាទ​បាន​អន្ទង់សមុទ្រដែលមាន​តម្លៃថ្លៃ ក្ដាម​សមុទ្រ​ ក៏ពួកគាត់​អាច​រក​បានន​ច្រើន​ដែរ និង​លក់​បាន​ក្នុង​មួយគីឡូ ជាង ១៥ ដុល្លារថែមទៀត»។

​ទោះនៅ​ក្នុង​ភូមិ​ព្រែក​ខ្សាច់​ប្រជានេសាទអាចនៅសេសាទបាន​ខ្លះក៏ដោយ តែក្រុម​នេសាទ​សមុទ្រ​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បានលើកឡើងថា ពួកគាត់​មិន​ហ៊ាន​ចេញ​ទូក​ទៅ​នេសាទ ត្រី ក្តាម មឹក និង​បង្គារ ដូច​សព្វដង​ឡើយ ខណៈ​កំពុង​រង​ឥទ្ធិពល​ព្យុះភ្លៀង​ជា​បន្តបន្ទាប់​។

ការប្រែប្រួល​អាកាសធាតុ​នេះ ក៏ត្រូវ​បាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ប្រកាស ព័ត៌មាន​ហាមប្រាម​មិនឲ្យ​ពលរដ្ឋ​នេសាទ​ទេ ជៀសវាង​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។​

​ជាង​១​សប្តាហ៍​មកនេះ ឥទ្ធិពល​ខ្យល់ព្យុះ និង​ភ្លៀង​ខ្លាំង នៅតែ​បន្ត​បោកបក់ និង​បង្ក​ការរំខាន​ដល់​ប្រកប​អាជីវកម្ម រកស៊ី បម្រើ​ការងារ ពិសេស​ប្រជា​នេសាទ​សមុទ្រ​ខ្នាតតូច​នៅក្នុង​ខេត្តកោះកុង​តែម្តង ភាគច្រើន​ពួកគាត់​ពុំ​ហ៊ាន​ចរាចរណ៍​ទូក​ទៅ​ប្រមូល​ផល ទោះបី​ដឹងថា ពួកគាត់​ត្អូញត្អែរ​ពី​ការបាត់បង់​ប្រាក់ចំណូល​ដែល​បានមកពី​ការ​ផល​នេសាទ​ក៏ដោយ​។​

​លោក ចម្រើន លាភ និង​យុវជន ខុន រឿន ជា​ក្រុម​ប្រជា​នេសាទ នៅក្នុង​ក្រុង​ខេ​ម​ភូមិន្ទ បានឲ្យដឹង​នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា ពួកគាត់​ស​ម្រេ​ចិត្ត​ឈប់សម្រាក​៦​ថ្ងៃ​មកហើយ មិន​ចូល​ទូក​ទៅ​នេសាទ​រក ក្តាម មឹក បង្គា និង​ត្រី ទេ ដោយសារតែ​អាកាសធាតុ​ខ្យល់ព្យុះ និង​ភ្លៀង​ខ្លាំង​នា​រដូវវស្សា​។ ពោលគឺ​ពួកគាត់​តែង​ស្តាប់​សេចក្តី​ព័ត៌មាន​ពី​ការពន្យា​ករ​ណ៍​អាកាសធាតុ​ប្រចាំថ្ងៃ​មិនដែល​ខាន នៅ​ព្យុះភ្លៀង​អន់ថយ ទើប​ចេញ​នេសាទ​បន្ត​។ ដោយឡែក ទូក​នេសាទ​ធំៗ គេ​ហ៊ាន​ប្រថុយប្រថាន​ចេញទៅ​នេសាទ​នៅឯ​សមុទ្រ​។

​ខេត្តកោះកុង​មួយ ក្នុងចំណោម​ខេត្ត​ចំនួន​៣​ផ្សេងទៀត​ដែល​នៅជាប់​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។ ក្រៅពី​បង្ក​ឱ្យ​រំខាន​ដល់​មុខរបរ​រកស៊ី និង​ការនេសាទ ឥទ្ធិពល​ព្យុះភ្លៀង​មិន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ ឬ​មាន​ទឹកជំនន់​ឡើយ ត្ប​តិ​មាន​ពពក​ខ្មៅ​អួរ​អាប់​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​ស្ទើរតែ​មិន​ដាច់​គ្រប់​ក្នុង​បរិមាណ​ពី​តិច​ទៅ​ច្រើន​ក្នុង​រដូវវស្សា​។​

ការ​ទទួលរង​សម្ពាធ​ឥទ្ធិពល​ព្យុះភ្លៀង​នេះដែរ ត្រូវបាន​លោក សាញ់ មុន្នី​រ័ត្ន ប្រធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម​ខេត្តកោះកុង ក៏បាន​បញ្ជាក់ថា លោក​តែង​តាមដាន​ព្យាករ​ណ៍ះ​អាកាសធាតុ និង​ប្រកាស​ជូនដំណឹង​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ​ទាំងអស់​ឲ្យដឹង​អំពី​ការ​បម្រែបម្រួល​អាកាសធាតុ​។

​បន្ថែម​លើ​ការជូនដំណឹង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ក៏បាន​ហាមប្រាម​ដល់​អ្នកធ្វើដំណើរ​តាម​ឆ្នេរសមុទ្រ និង​ប្រជា​នេសាទ​មិនឲ្យ​ចេញ​នេសាទ​ជាដាច់ខាត ដើម្បី​ទប់ស្កាត់​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង គ្រា​ចេញ​ដើរ​កម្សាន្ត និង​ទៅ​នេសាទ​។ ទោះបី​មានការ​ព្យាករ​ណ៍​អាកាសធាតុ​ក្តី ក៏​បញ្ហា​អាកាស​នា​នៅ​កោះកុង នា​រដូវវស្សា​បាន​ប្រែប្រួល​លឿន​ឆាប់រហ័ស​ណាស់ ដូច្នេះ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទាំងអស់គ្នា​។​

​បើតាម​សេចក្តីជូនដំណឹង​ចេញផ្សាយ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១២ ខែកក្កដា នេះ បង្ហាញថា កម្ពុជា​នឹង​បន្ត​ទទួលរង​ឥទ្ធិពល​បាត​ភូត​ធម្មជាតិ គឺ​ខ្យល់មូសុង​និរតី និង​ជ្រង​សម្ពាធ​ទាប​បោក​មកលើ​តំបន់​មាត់សមុទ្រ​បង្កឲ្យមាន​ភ្លៀងខ្យល់​បក់​ខ្លាំង​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខណ្ឌ​ស្ទើរតែ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែកក្កដា ខាងមុខ​៕