អតីតរាជធានីសម័យអង្គរ ប្រែប្រួលដូចម្ដេចក្រោយជួសជុលជិត២០ឆ្នាំ?

0
2473

​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០០​មក ប្រាសាទ​ ចំនួន​៣ក្នុង​តំបន់​រលួស​គេ​ស្គាល់​ថា​ជា​អតីត​រាជធានី​ដើម​សម័យ​អង្គរ ត្រូវ​បាន​ជួសជុល​មាន​ដូចជា​ ប្រាសាទ​លលៃ ប្រាសាទ​ព្រះ​គោ ​និង​ប្រាសាទ​បាគង​ ក្រោម​ជំនួយ​​គាំទ្រ​របស់​អង្កការ​អាយស៊ីស៊ី។​

​​ លោក តាន់ សុផល ​អនុ​ប្រធាននាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​ និង​បុរាណ​វិទ្យាបង្ការ​ នៃ​អាជ្ញាធរជាតិ​អប្សរា ឲ្យដឹងថា ​ការជួសជុលទាំងនោះភាគច្រើនជាការជួសជុលប្រាសាទឥដ្ឋ ដោយមានទាំងការទល់ទ្រ និងការជួសជុលផ្នែករចនាសម្ពន្ធ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការខូតខាតតទៅមុខទៀត។ ​ ​​ ប្រាសាទជួសជុលទាំងបី បច្ចុប្បន្នបានវិវត្តបែបណាហើយ សូមតាមដូចទៅ​៖

១. ការជួសជុលប្រាសាទព្រះគោការជួសជុលប្រាសាទព្រះគោ ចាប់ផ្តើមពីឆ្នាំ២០០១មក ដោយបានជួសជុលតួប្រាង្គកណ្តាល ដែលជាប្រាង្គធំជាងគេរួចរាល់ជាស្ថាពរនៅឆ្នាំ២០០៩។ ចំណែកប្រាង្គនៅជុំវិញទាំង៥ទៀត ក៏ទទួលបានការជួសជុលផ្នែកខ្លះដែរ ដូចជាសសរពេជ្រ និងសសរផ្អោប ហើយនៅឆ្នាំ២០១៦-២០១៧ ការជួសជុលបណ្ណាល័យនៅប្រាសាទព្រះគោ ក៏ត្រូវបានរួចរាល់ជាស្ថាពរ។

២. ការជួសជុលប្រាសាទលលៃការជួសជុលប្រាសាទលលៃគឺចាប់ពីឆ្នាំ២០០០មក ដោយផ្តើមពីកាងារតូច រហូតដល់ការងារធំ។ នៅទីនោះអ្នកជំនាញការខ្មែរបានរៀបចំទល់ទ្រ និងជួសជុលរចនាសម្ពន្ធប្រាសាទឥដ្ឋ។ តួប្រាង្គចំនួន២ ដែលទទួលបានការជួសជុលបានជាង ៥០ភាគរយ ដូចជាប្រាង្គនៅជ្រុងពាយ័ព្យមួយ និងនៅជ្រុងឦសានមួយ ហើយក្រុមការងាររំពឹងថា គម្រោងនេះនឹងអាចបញ្ចប់នៅក្នុងឆ្នាំ២០១៨នេះ។៣. ការជួសជុលប្រាសាទបាគងប្រាសាទបាគងដូចទៅនឹងប្រាសាទផ្សេងទៀតដែរក្នុងតំបន់រលួស គឺប្រាសាទភាគច្រើនសង់ពីដីឥដ្ឋ។ ការងារជួសជុលនៅប្រាសាទនេះ គឺបានជួសជុលប្រាង្គធំនៅជ្រុងពាយ័ព្យ ដែលជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការអាឡឺម៉ង់ GACP ដែលបានបញ្ចប់នៅដើមឆ្នាំ២០១៨។ បច្ចុប្បន្ន គម្រោងកំពុងបន្តជួសជុលប្រាង្គលេខ៨ ដែលជាប្រាសាទឥដ្ឋ ហើយនេះជាការងារមួយដ៏ធំសម្រាប់អាជ្ញាធរជាតិអប្សរា ដែលត្រូវការទាំងពេលវេលា និងថវិកា ដោយសារនៅទីតាំងនោះមានផ្តែធំមួយបានធ្លាក់នៅឆ្នាំ២០១០។ បច្ចុប្បន្នផ្តែនោះបានជួសជុលរួចរាល់ ហើយយើងនឹងរៀបចំឱ្យមានឡើងវិញ។បើតាមអ្នកជំនាញការងារជួសជុលប្រាសាទ លោក តាន់ សុផល ការជួសជុលប្រាសាទក្នុងតំបន់រលួស មានជួបបញ្ហាមួយចំនួនផងដែរ។ លោកបញ្ជាក់ថា អ្នកបច្ចេកទេស ត្រូវគិតគូរឱ្យបានល្អិតល្អន់លើផ្នែកអ្វីមួយ ដូចជារចនាសម្ពន្ធ គឺការជួសជុលត្រូវគោរពទៅតាមទម្រង់ដើម ទាំងសោភណ្ឌភាព និងភាពរឹងមាំ គឺត្រូវបញ្ចូលធាតុផ្សំទាំងនេះតែមួយ ទើបការងារជួសជុលទទួលបានជោគជ័យ និងមានភាពយូរអង្វែង៕