អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើលោក​លើក​ទី​៥

0
1840

ភ្នំពេញ៖ ​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨​។ ​នេះ​យោងតាម​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បី​បំផុត​នៅលើ​ពិភព​លោក Trip advisor​។​

​ប្រភព​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​២៤​ ខែឧសភា​នេះ ​បាន​បញ្ជាក់ថា ​ក្រោយ​ការចូលរួម​បោះឆ្នោត​ពី​ភ្ញៀវទេសចរ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​ គេហទំព័រ​ដ៏​ល្បីល្បាញ​TripAdvisor​បានផ្តល់​ចំណាត់ថ្នាក់លេខ​១​ ​ដល់​​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​ជា​សំណង់​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ និង​ចំណាត់​ថ្នាក់​លេខ​១៣​​ជា​គោលដៅ​ទេសចរណ៍​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​នេះ​។​

​ប្រភព​ដដែល​បន្តថា​ នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ​ដែល​អង្គរ​ត្រូវបាន​ភ្ញៀវទេសចរ​លើ​ពិភពលោក​បោះឆ្នោត​គាំទ្រ​ហើយ​ទទួលបាន​ចំណាត់​លេខ​១​ ជាប់ៗ​គ្នា​តាមរយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេងៗ​គ្នា​។​ កាលពី​ឆ្នាំ​២០១៤​អង្គរ​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១​ នៅលើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណវិទ្យា​និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា នោះ​គឺ​គេហទំព័រ ArchaeoMadness​។​

​បន្ទាប់មកទៀត នៅ​ដើមឆ្នាំ​២០១៥ អង្គរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ម្តងទៀត នៅលើ​គេហទំព័រ​អន្តរជាតិ​មួយ ដែលជា​គេហទំព័រ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​លើ​ពិភពលោក នោះ​គឺ​គេហទំព័រ TripAdvisor​។ នៅ​ឆ្នាំ​២០១៦ អង្គរ​បាន​បន្ត​ជាប់​លេខ​១​បន្ថែមទៀត នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែលជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភពព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វែបសាយ ទស្សនា​វ​ដ្តី និង​សៀវភៅ​ជាដើម​។​នៅ​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨​នេះ​TripAdvisor​ក៏បាន​បន្ត​ផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ក្នុងឋានៈ​ជា​សំណង់​ដ៏​មាន​សារសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ក្នុង​លោក​។​

​អាជ្ញាធរ​អប្សរា​បានបញ្ជាក់​ថា ​នេះ​ជា​មោទនភាព​មួយ​របស់​ជាតិខ្មែរ​យើង​ទាំងមូល​ដែល​អង្គរវត្ត​របស់​ក​ម្ពុ​ជា​ទទួល​បាន​ការគាំទ្រ​ពី​បណ្តា​ប្រជាជន​ជុំវិញ​ពិភពលោក​។ ក្នុងនាម​ស្ថាប័ន​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា សូម​ចូលរួម​អបអរសាទរ និង​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​បន្ត​ចូលរួម​ថែរក្សា​ការពារ​នូវ​បេតិកភណ្ឌ របស់​ដូនតា​យើង​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ភាព​គង់វង្ស​យូរអង្វែង​តទៅ​។​

​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំនេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាង​៨៥​ម៉ឺន​នាក់ កើនឡើង​ជាង​១២​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន​។​
​ ​
​លោក​ធួន ស៊ីណាន​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ថ្លែងថា ការចាត់​ចំណាត់ថ្នាក់​នេះ​ជាការ​ជួយ ច្រើនណាស់​ក្នុងការ​ផ្សព្វផ្សាយ​ផ្នែក​ទីផ្សារ​និង​កេ​រ្ត៍​ឈ្មោះ​របស់​កម្ពុ​ជាពិសេស​ប្រាសាទអង្គរវត្ត​ហេតុនេះ​នៅ​ពេល​គេ​លើក​យើង​ឡើងដល់​កំពូល​បែបនេះ​ ទាំង​ប្រជាជន​និង​រដ្ឋាភិបាល​របស់​យើង​គួរតែ​ធ្វើ​អ្វី​ឲ្យ​បានល្អ​ថែម​ទៀត​ស័ក្តិសម​នឹង​កេ​រ្ត៍​ឈ្មោះ និង​អ្វីដែល​គេ​លើកតម្កើង​។​

​លោក​បន្តថា​ក្រុង​សៀមរាប​មិនគួរ​ឲ្យ​មាន​ផ្លូវដី​ទៀត​ទេ​ហើយ​គួរ​ពង្រឹង​អនាម័យ​បន្ថែមទៀត​ដែល​នេះ​ជាការ​ងារ​របស់​អាជ្ញាធ​រ​ថ្នាក់ក្រោម​ជាតិ​ព្រោះ​អាជ្ញាធរ​ថ្នាក់ ជាតិ​បាន​ខិតខំ​ហើយ​។​សម្តេច​តេ​ជោ​លោក​បាន​ខិតខំ​ហើយ​ហេតុនេះ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ គួរ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​បន្ថែម​។​

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​លោក​ហូ​វណ្ឌី​បាន​សម្តែង​ក្តី​រីករាយ​នឹង​ព៌​ត​មាន​ដ៏​ល្អ​នេះហើយ​លោក​​រំពឹង តាមរយៈ​ការបោះឆ្នោត​នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នឹង​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​នៅក្នុង​ឆ្នាំនេះ​៕