អង្គការសមាគមអភិរក្សសត្វព្រៃ WCS បន្តអភិរក្សសត្វទោច ថ្ពាល់លឿងជាង ១ពាន់ក្បាល នៅដែនជម្រកសត្វព្រៃមួយ

0
1924

ដែនជម្រកសត្វព្រៃកែវសីមា គឺជាទីជម្រកដ៏សំខាន់ សម្រាប់សត្វទោចថ្ពាល់លឿង ទាំងនៅប្រទេសកម្ពុជា និងសាកលលោក បច្ចុប្បន្នសត្វទោចថ្ពាល់លឿង ប្រមាណជាង ១២០០ក្បាល កំពុងរស់នៅក្នុងតំបន់នោះ ក្រុមការងារស្រាវជ្រាវសត្វព្រៃ របស់អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) រំពឹងថា នឹងមានការកើនឡើងទៀត ទៅថ្ងៃខាងមុខបើប្រជា សហគមន៍ចូលរួមអភិរក្ស និងការពារតំបន់នេះ ពីការកាប់ឈើខុសច្បាប់ ការរុករានធ្វើដីកសិកម្ម និងការបរបាញ់ខុសច្បាប់ ។ នេះបើយោងតាម ហ្វេសប៊ុករបស់ WCS ។

សត្វទោចថ្ពាល់លឿង គឺជាប្រភេទសត្វរងគ្រោះជិតផុតពូជ នៅលើសាកលលោកដែល ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ គេប្រទះឃើញវត្ដមាន របស់ទោចថ្ពាល់លឿង រស់នៅតំបន់ភាគខាងកើត ទន្លេមេគង្គដូចជានៅ ភាគឦសាន្ដប្រទេសកម្ពុជា ប្រទេសវៀតណាមភាគខាងត្បូង និងភាគខាងត្បូងប្រទេសឡាវ ។

លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃ ប្រចាំដែនជម្រកសត្វព្រៃ កែវសីមារបស់អង្គការ WCS បាននិយាយថា “នេះជាដំណឹងល្អមួយក្រោយ ពីមានការតាមដានរកឃើញថា ចំនួនរបស់សត្វទោច ថ្ពាល់លឿងនៅដដែល ។ សត្វទោចថ្ពាល់លឿងប្រមាណជាង ១២០០ក្បាល កំពុងរស់នៅក្នុងដែល ជម្រកសត្វព្រៃកែវសីមា ។ វាពិតជាមានសារៈសំខាន់ ក្នុងការបន្តការអភិរក្សពួកវា ដែលជាប្រភេទសត្វរងគ្រោះ ជិតផុតពូជលើសាកលលោក” ។
លោកបន្ដថាចំនួនរបស់ ពួកវាបានធ្លាក់ចុះយ៉ាង ឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ កន្លងមកនេះដោយ សារការរុករានដីធ្វើកសិកម្ម និងការកាប់ឈើខុសច្បាប់ ។ សត្វទោសថ្ពាល់លឿង ចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើ និងផ្លែឈើជាចំណីអាហារ និងតែងតែបញ្ចេញសម្លេង ឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាង គ្រលួចនាពេលព្រឹកព្រលឹម។

លោកបន្ថែមថា ភ្ញៀវទេសចរអាចមកទស្សនា និងស្តាប់សំនៀងដ៏ពីរោះរណ្តំ របស់សត្វទោចថ្ពាល់លឿងនៅជំរំ Jahoo Gibbon នៅសហគមន៍អេកូទេសចរណ៍ ធម្មជាតិអណ្តូងក្រឡឹងដែល មានទីតាំងស្ថិតនៅ ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ សត្វទោចឈ្មោលមានរោមពណ៌ខ្មៅ ហើយថ្ពាល់ទាំងសងខាង មានពណ៌លឿង ចំណែកសត្វទោចញី មានរោមពណ៌លឿងស្លាទុំ។ ពួកវាមានដៃជើងវែងៗ ហើយគ្មានកន្ទុយនោះទេ លើសពីនេះគេកម្រឃើញ សត្វទោចចុះមកដីណាស់។ សត្វទោចថ្ពាល់លឿងជា ទម្លាប់តែងតែរស់នៅជាក្រុមចាប់ពី ២ក្បាលទៅ៥ក្បាល។

លោក សូត្រ វ៉ាន់ឌឿន បានបញ្ជាក់ថា មេទោចត្រូវចំណាយពេល ពពោះរយៈពេល ២១០ថ្ងៃក្រោយ ពីកើតកូនហើយយ៉ាងហោចណាស់ ២ឬក៏៣ឆ្នាំដែរ ទើបមេទោចថ្ពាល់លឿង មានកូនម្ដងទៀត ។ ប្រធានក្រុមស្រាវជ្រាវ សត្វព្រៃរូបនេះបានសង្កេតឃើញថា ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់អភិរក្សនេះបានយល់ដឹងច្រើន ពីសារប្រយោជន៍របស់សត្វព្រៃ ហើយពួកគាត់បានចូលរួម យ៉ាងសកម្មក្នុងអភិរក្សសត្វព្រៃ ។ លោកក៏បានសំណូមពរ ឲ្យមានការចូលរួមថែរក្សាសត្វព្រៃ គ្រប់ប្រភេទទាំងអស់គ្នា ដោយបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ៕