ស្វាព្រាម ជាសត្វជិតផុតពូជ បច្ចុប្បន្នមានវត្តមានជាង៣ពាន់ក្បាលនៅកម្ពុជា

0
163
ស្វាព្រាម​ជា​សត្វ​ជិត​ផុត​ពូជ​មាន​នៅ​កម្ពុជា​។ រូបថត Birdlife
ស្វាព្រាម​ជា​សត្វ​ជិត​ផុត​ពូជ​មាន​នៅ​កម្ពុជា​។ រូបថត Birdlife

ភ្នំពេញៈ ខណៈ​ពិភពលោក​កំពុងមាន​ការថយចុះ​នូវ​ចំនួន​សត្វស្វា​ព្រាម (Silvered Langur) ប្រមាណ ៥០ ភាគរយ ​ដែល​ជា​ប្រភេទ​សត្វ​ស្វា​ជិត​ផុត​ពូជ ក៏ប៉ុន្ដែ​នៅ​ប្រទេស​កម្ពុជា​ព្រោះ​តែ​កត្ដា​អំណោយផល​វត្ដមាន​ស្វា​នេះ​នៅតែ​មាន​ចំនួន​ច្រើន​បង្គួរ​ប្រមាណ​ជាង ៣ ​ពាន់​ក្បាល ​ដែល​វា​កំពុង​រស់នៅ​ភាគ​ខាងកើត​នៃ​ប្រទេស ​កម្ពុជា​ នាពេល​បច្ចុប្បន្ន​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១២ ខែមេសា ​ថា វត្ដមាន​ស្វាព្រាម​នេះ​ភាគច្រើន​មាន​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស ​កម្ពុជា ដូចជា​ដែនជម្រក​សត្វព្រៃ​កែវសីមា លំផាត់ និង​ស្រែពក​។ ពួកវា​ចូលចិត្ដ​រស់នៅ​តាម​តំបន់​ទន្លេ និង​ព្រែក ដូចជា​ទន្លេ​សេកុង និង​ស្រែពក​ជាដើម​។

លោក​ថ្លែងថា​៖ «​ចំនួន​សត្វស្វា​នេះ​ជា​សកល​មាន​ការថយចុះ​ប្រមាណ ៥០ ​ភាគរយ ក៏ប៉ុន្ដែ​នៅ​ប្រទេស​កម្ពុជា​ទោះបី​ចំនួន​មានការ​ថយចុះ​ដោយសារ​កត្ដា​គំរាម​គំហែង​មួយ​ចំនួន ក៏ប៉ុន្ដែ​ចំនួន​ស្វា​ព្រាម​នេះ​វា​មាន​នៅ​ច្រើន​បង្គួរ​។ វា​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​មែន​ក៏ប៉ុន្ដែ​នៅ​កម្ពុជា​យើង ដោយសារ​តែមាន​លក្ខខណ្ឌ​អំណោយផល​ច្រើន​ចំនួន​វា​នៅតែ​មាន​ចំនួន​ច្រើន​ដែរ​។ ច្រើនជាង ៣ ​ពាន់​ក្បាល​»​។

លោក សិរីរដ្ឋា បានឱ្យ​ដឹងថា មុខងារ​មួយ​ក្នុង​ចំណោម​មុខងារ​ផ្សេងៗ​របស់​ស្វាព្រាម​នេះ​គឺ​វា​ជា​សត្វ​ស៊ី​ផ្លែឈើ ស្លឹកឈើ​។ ដូច្នេះ​វា​គឺជា​ភ្នាក់ងារ​ ១ ​ក្នុង​ការនាំ​គ្រាប់ពូជ​រុក្ខជាតិ​ពី​ ១ ​កន្លែង​ទៅ​ ១ ​កន្លែង​ពី​តំបន់​ ១ ​ទៅ​តំបន់​ ១ ដើម្បី​អាចឱ្យ​រុក្ខជាតិ ព្រៃឈើ​អាច​បន្ត​ដុះ​លូតលាស់​បាន​។

លោក​ថ្លែងថា ការ​គំរាមកំហែង​ចំពោះ​សត្វ​ស្វាព្រាម​គឺ​មាន​ការគំរាមកំហែង​ធំ​បណ្ដាល​មកពី​ការបាត់បង់​ជម្រក​របស់​ពួកវា​តាមរយៈ​ការប្រែក្លាយ​តំបន់​នោះ​ទៅជា​តំបន់កសិកម្ម និង​កសិឧស្សាហកម្ម​ជាដើម​។ ក្រៅពីនេះ​កត្ដា​ភ្លើង​ឆេះ​ព្រៃ ការបរបាញ់​យក​ទៅ​បរិភោគ និង​យក​ទៅ​ធ្វើជា​ឱសថ​បុរាណ​ក៏​ជាហេតុ​នាំឱ្យ​មាន​ការបាត់បង់​ប្រភេទ​ស្វាព្រាម​នេះ​ផងដែរ​។

លោក សិរីរដ្ឋា បាន​អំពាវនាវ​ដល់​កសិករ ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​ទប់ស្កាត់​ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឱ្យមាន​ភ្លើង​ឆេះ​ព្រៃ ការដាក់​ថ្នាំ​បំពុល ការបរបាញ់ សត្វ​ស្វាព្រាម​ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នេះ ដោយ​បែរមក​ចូលរួម​អភិរក្ស​ទាំងអស់គ្នា​។

លោក សិរីរដ្ឋា​៖ «​សរុប​មកវិញ​ខ្ញុំ​ចង់​ជម្រាប​ថា មិនមែន​មាន​ត្រឹម ៣ ​ពាន់​ក្បាល​ទេ វា​អាច​មាន​ច្រើនជាង​ ៣ ​ពាន់​។ ព្រោះ​គ្រាន់តែ​ស្ថិត​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​មួយ ការសិក្សា​របស់​យើង​ឃើញ​មាន​ចាប់ពី ១ ​ពាន់​ទៅ​ ៣ ​ពាន់​ក្បាល ដោយ​អាស្រ័យ​ទៅ​តាម​ទិន្នន័យ​ប្រចាំឆ្នាំ​។ ដូច្នេះ​បើ​បូក​ជាមួយ​ដែនជម្រក​សត្វព្រៃ​ព្រែក​ទាល់ និង​តំបន់​មួយចំនួន​ក្នុង​ខេត្ដ​ព្រះវិហារ​ទៀត វា​អាច​មាន​ចំនួន​លើសពី ៣ ​ពាន់​ក្បាល​»​។

អង្គការ BirdLife International Cambodia Programme បានឱ្យ​ដឹងថា ត្រឹម​ដើមខែ​មេសា​នេះ ក្រុមមន្ដ្រី​ឧទ្យានុរក្ស​បាន​កត់ត្រា​ចំនួន​សត្វ​ស្វា​ព្រាម​ដែលជា​សត្វ​ជិត​ផុត​ពូជ​បាន​ចំនួន ៩០ ​ក្បាល​ផងដែរ​ នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​លំផាត់​។

អង្គការ​នេះ​បាន​បញ្ជាក់ថា​៖ «​ស្វាព្រាម​ជា​ប្រភេទ​ជិត​ផុត​ពូជ ​វា​ត្រូវបាន​ប្រទេះ​ឃើញ​នៅ​ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​តាម​ដង​ទន្លេ​ជាដើម​។ ក្នុង​ដើមខែ​មេសា​នេះ​សត្វ​ស្វា​ព្រាម​ប្រមាណ​ជា ៩០ ​ក្បាល​ ត្រូវ​បាន​កត់ត្រា​ដោយ​ឧទ្យានុរក្ស​ក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់ និង​ដកហូត​មង និង​អន្ទាក់​បាន​មួយចំនួន​»​។ អង្គការ​នេះ​អះអាង​ថា កត្តា​គំរាមកំហែង​ដែល​កំពុង​កើតមាន​ដល់​ពួកវា គឺ​ការបាត់បង់​ព្រៃ​ជា​ទីជម្រក​តាម​ដងទន្លេ ការ​ដាក់មង ដើម្បី​ចាប់​​ពួកវា​ជាដើម​។

លោក ប៊ូ វរសក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (BirdLife International Cambodia Programme) ថ្លែងថា កន្លងមក​ក្រុមការងារ​របស់លោក​តែងតែ​បានឃើញ​សត្វ​ស្វាព្រាម​នេះ​នៅតាម​ដងទន្លេ​សេកុង ទន្លេស្រែពក និង​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​លំផាត់​ជាដើម​។

លោក​ថ្លែងថា​៖ «​អង្គការ​របស់​យើង​គឺ​បាន​យក​ការអភិរក្ស​សត្វ​ស្លាប​ជា​គោល ប៉ុន្ដែ​ក្នុង​នោះ​យើង​ក៏​ធ្វើ​ទៅលើ​ការអភិរក្ស​ទាំង​សត្វព្រៃ​ផ្សេងៗ និង​ព្រៃឈើ​នៅក្នុង​តំបន់​ដែល​យើង​អភិរក្ស​នោះ​ផងដែរ​។ ដោយ​អង្គការ​យើង​ធ្វើការ​នៅ​ ២ ​ទីតាំង គឺ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ និង​សៀមប៉ាង ហើយ​យើង​តែងតែ​ឃើញ​មាន​វត្ដមាន​របស់​សត្វ​ស្វាព្រាម​នេះ​។ ពួកវា​ចូលចិត្ដ​រស់នៅ​តាម​ព្រៃ​តាម​ដង​ទន្លេ​ដូចជា​ទន្លេ សេកុង និង​ស្រែពក​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹងថា សត្វ​ស្វាព្រាម​ជា​សត្វ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ កត្តា​គំរាមកំហែង​របស់​វា​គឺ​ការបាត់បង់​ទីជម្រក ការបរបាញ់​ខុសច្បាប់​ដើម្បី​ធ្វើ​អាជីវកម្ម​សាច់ ការយក​ទៅ​ធ្វើ​ឱសថ​បុរាណ ឬ​ភ្លើង​ឆេះ​ព្រៃ​ដែល​បណ្តាលឱ្យ​​ពួក​ស្វា​នេះ​ស្លាប់​។

លោក​ថ្លែងថា ជម្រក​ដែល​វា​ចូលចិត្ត​រស់នៅ​គឺ​ក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃជ្រុះស្លឹក និង​ព្រៃលិច​ទឹក​។ ទីកន្លែង​ដែល​វា​ចូលចិត្ត​រស់នៅ​គឺ​នៅតាម​អូរ ព្រែក បឹងទន្លេ​ដែលមាន​ទឹក មាន​រុក្ខជាតិ​លាស់​។ ចំណី​របស់​វា​គឺ​ស្លឹក​ត្រួយ​ខ្ចី និង​ដំណាំ​រុក្ខជាតិ​ខ្លីៗ ហើយ​និង​ផ្លែឈើ​។

លោក​បញ្ជាក់ថា​៖ «​វត្តមាន​ស្វាព្រាម​មាននៅ​ប្រទេស ​ថៃ ភូមា និង​ឥណ្ឌូចិន និង​នៅ​កម្ពុជា​។ វត្តមាន​ស្វា​ព្រាម​នេះ​មាន​ច្រើនជាងគេ​នៅ​កម្ពុជា​។ តាម​ការសិក្សា​ឆ្នាំ​ ២០១៨ របស់​អង្គការ WCS និង​ក្រសួងបរិស្ថាន​នៅ​តំបន់​ព្រែកទាល់ មាន​វត្តមាន​ស្វាព្រាម​ចន្លោះ​ពី ៣៥០ ទៅ ៤៥០ ​ក្បាល​ ក្នុង​ផ្ទៃដី​អភិរក្ស​ប្រមាណ​ជាង ២ ​ម៉ឺន​ហិកតា និង​ដែនជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី​មាន​ចន្លោះ ១ ០០០ ទៅ ៣ ០០០ ​ក្បាល និង​មាន​ឃើញ​វត្តមាន​នៅក្នុង​ខេត្តព្រះវិហារ​ផងដែរ និង​នៅ​តំបន់​ផ្សេងៗ​ទៀត​»​។ លោក​បន្តថា តាម​ការសង្កេត​ចំនួន​នៃ​សត្វ​ស្វា​ព្រាម​មាន​ការធ្លាក់ចុះ​ប្រមាណ ៥០ ​ភាគរយ ដោយសារ​តែ​សកម្មភាព​ខុសច្បាប់​របស់​មនុស្ស​។

លោក ភក្ត្រា ថ្លែងថា​ក្រសួងបរិស្ថាន​បាននិង​កំពុង​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​កម្រ​ជិត​ផុត​ពូជ​នេះ​ឱ្យបាន​គង់វង្ស​ដោយ​ការពារ​ដែនជម្រក​របស់​សត្វ​ទាំងនោះ និង​ការបន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ទប់ស្កាត់​មិន​ឱ្យ​មាន​ការបរបាញ់​ដោយ​ខុសច្បាប់ ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​ភាពខុស​ច្បាប់​នៃ​ការលក់ដូរ​សាច់សត្វ និង​ការខិតខំ​របស់​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ការដោះ​អន្ទាក់​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នានា​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​។ នៅ​ឆ្នាំ​ ២០១៩ មន្ត្រី​ឧទ្យានុរក្ស​បាន​ដោះ​អន្ទាក់​បាន​ ១៧ ១៧៥ អន្ទាក់​។ ជាមួយ​ការអភិរក្ស និង​ការអនុវត្ត​ច្បាប់​ដ៏តឹងរ៉ឹង​៕

ដោយ វ៉ន ដារ៉ា