ស្រុកបន្ទាយស្រី ជាស្រុកមួយមានសក្តានុពលលើដំណាំកសិកម្ម និងវិស័យទេសចរណ៍

0
485
សៀមរាប៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ដើម្បីឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចទទួលបានជំនាញ ឬការងារដែលអាចផ្ដល់ប្រាក់ចំណូលក្នុងគ្រួសារ អាជ្ញាធរត្រូវតែធ្វើការសិក្សា និងស្វែងយល់ពីសក្តានុពលក្នុងមូលដ្ឋាន ដែលអាចទាញយកផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ តាមរយៈភ្ញៀវទេសចរណ៍ ដូចជាដំណាំកសិកម្មតម្រូវតាមទីផ្សារ ឬការទទួលបានជំនាញវិជ្ជាជីវៈមួយឲ្យសមស្របទៅនឹងបរិបថក្នុងសហគមន៍ បើមិនដូច្នោះទេ ជំនាញដែលប្រជាពលរដ្ឋទទួលបាន ក៏មិនអាចបម្រើដល់ការងារក្នុងស្រុកបាននោះដែរ។
លោកអភិបាលស្រុក បានបន្ថែមថា ស្រុកបន្ទាយស្រី ជាស្រុកមួយមានសក្តានុពល លើដំណាំកសិកម្មផង និង វិស័យទេសចរណ៍ផង ដូចនេះ លោកបានធ្វើការអភិវឌ្ឍន៍យ៉ាងណា ដើម្បីឲ្យប្រជាពលរដ្ឋ អាចទាញយកប្រាក់ចំណូលពីវិស័យទាំងនេះ ដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារ ដូច្នេះការដាំដុះ និងចិញ្ចឹមសត្វ សម្រាប់ភ្ញៀវទេសចរណ៍ នឹងផ្ដល់ឱកាសការងារ និងចំណូលកាន់តែច្រើនបន្ថែមទៀត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ដែលបច្ចុប្បន្ននេះ អាជ្ញាធរស្រុក បាននឹងកំពុងតម្រង់ទិសដល់ប្រជាពលរដ្ឋ ឲ្យចាកចេញពីការដាំដុះបែបបុរាណ និងឧស្សាហកម្ម ទៅជាកសិទេសចរណ៍ ខណៈប្រជាពលរដ្ឋមួយចំនួន បានសាកល្បងដាំដំណាំ ទុរេន ល្មើ សាវម៉ៅ ឪឡឹកពូជ និងត្រសក់ផ្អែមជាដើម ។
លោក ឃឹម ហ្វីណង់ បានបន្ថែមទៀតថា ជាមួយគ្នានេះ អាជ្ញាធរស្រុកក៏បានស្វែងដៃគូពាក់ព័ន្ធ និងចងក្រងសហគមន៍ប្រាក់សន្សំ ដើម្បីជួយជាបច្ចេកទេស ពូជ ទុនផលិត រកទីផ្សារផងដែរ ហើយអាជ្ញាធរស្រុក ក៏គ្រោងនឹងរៀបចំភូមិដ្ឋានមួយចំនួន ឲ្យក្លាយជាភូមិទេសចរណ៍ ដោយរំពឹងថា រយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ ស្រុកបន្ទាយស្រី នឹងមានការផ្លាស់ប្ដូរមុខមាត់ថ្មី ហេតុនេះនៅពេលការងារក្នុងស្រុក ដែលអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបាន ការចំណាកស្រុកទៅក្រៅប្រទេស ក៏មិនមែនដោយសារភាពគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋទៀតនោះឡើយ៕