ក្រុងហាណូយ ៖ ចំទើតលើជ្រលងព្រៃភ្នំនៃភាគកណ្ដាលប្រទេសវៀតណាម បាតដៃបេតុងយក្ស ១ គូដែលផុសចេញពីព្រៃព្រឹក្សា កាន់ទ្រស្ពានពណ៌មាសឆ្អិនឆ្អៅ ខណៈភ្ញៀវធ្វើដំណើរឆ្លងកាត់ទេសភាពព្រៃភ្នំ និងថតរូបសែលហ្វ៊ីនៅទីឋានទេសចរណ៍ពេញនិយមចុងក្រោយរបស់ប្រទេស។
រចនាឡើងដើម្បីឲ្យភ្ញៀវទទួលនូវបទពិសោធព្រឺព្រួចអារម្មណ៍ ហាក់បីដូចជាព្រះហស្តរបស់ព្រះ «ស្ពានមាស» ក្លាយជាតំបន់ពេញនិយមតាំងពីបើកសម្ពោធនៅតំបន់ព្រៃបាណា ក្បែរទីក្រុងដាណាង កាលពីខែមិថុនា។
រូបភាពស្ពានទ្របាតដៃ ទាក់ទាញចិត្ដអ្នកប្រើបណ្ដាញសង្គម ដោយពួកគេកោតស្ញប់ស្ញែងស្ថាបត្យករ ដែលនឹកឃើញគំនិតកៀរគរទេសចរ។
លោក វូ វៀតអាញ ជាអ្នកឌីហ្សាញស្ពានមាស បានប្រាប់ AFP ថា៖ «យើងមានមោទនភាពដែលផលិតផលយើងត្រូវបានចែករំលែកដោយមនុស្សជុំវិញពិភពលោក»។
ប្រវែង ១៥០ ម៉ែត្រ ស្ពានមាសរត់កោងកាត់ព្រៃព្រឹក្សាលើជួរភ្នំ ដែលត្រូវបានកសាងដំបូងដោយអាណានិគមបារាំងជាស្ថានីយលើកំពូលភ្នំក្នុងឆ្នាំ ១៩១៩។
បច្ចុប្បន្ន តំបន់នេះប្រែក្លាយជាគោលដៅទេសចរណ៍ចម្បង ដោយមានទាំងកន្ដ្រកខ្សែកាប ភូមិបុរាណចម្លងពីបារាំង សួនផ្កា និងសារមន្ទីរក្រមួន រំលេចរូបសំណាក ឡេឌី ហ្គាហ្គា និងមីឆែល ចូដេន។
ប៉ុន្ដែ ភ្ញៀវចំណាប់អារម្មណ៍ខ្លាំងលើស្ពានមាស (ខូ វ៉ាង) ទើបកសាងថ្មី។ លោក ង្វៀង ត្រុង ភុក បានប្រាប់ AFP ថា៖ «ស្ពាននេះមានទិដ្ឋភាពស្អាតជាមួយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ដោយពីទីនេះ យើងអាចមើលឃើញក្រុងដាណាង វាពិតជាស្អាតណាស់»។
គម្រោងអភិវឌ្ឍន៍ជួរភ្នំបាណា ត្រូវបានកសាងដោយក្រុមហ៊ុន Sun Group ដែលក្នុងឆ្នាំ ២០១៦ បានបើកកន្ដ្រកអគ្គិសនីលើភ្នំហ្វានស៊ីផាន ដ៏ខ្ពស់បំផុតនៅវៀតណាម ក្នុងតំបន់ទេសចរណ៍ សាប៉ា ដោយបានបង្កជាការតវ៉ាពីសំណាក់ពលរដ្ឋ ដែលយល់ថា វាធ្វើឲ្យខូចតំបន់ធម្មជាតិ និងរំខានរបរមគ្គុទ្ទេសក៍ឡើងភ្នំ។
ប្រទេសកុម្មុយនីស្ដមួយនេះទទួលបានទេសចរបរទេស ១៣ លាននាក់កាលពីឆ្នាំមុន ភាគច្រើនជាភ្ញៀវចិន ទាបជាងថៃដែលទទួលភ្ញៀវ ៣៥ លាននាក់ក្នុងឆ្នាំ ២០១៧។
លោក អាញ ថា លោកកំពុងសាងសង់គម្រោងមួយទៀត ជាស្ពានប្រាក់ ស្រដៀងសរសៃកេសាទេវតា៕
ទស្សនាវីដេអូខាងក្រោម៖