សិប្បករ​ផលិត​ក្អម​ឆ្នាំង​នៅ​ខេត្ត​កំពង់ឆ្នាំង​ត្អូញពិបាក​រក​ដី​ស្អិត​ដើម្បី……….

0
3742

ខេត្តកំពង់ឆ្នាំង៖​ សិប្បករ​ផលិត​ក្អម​ឆ្នាំង និង​កសិករ​ឡើង​ភ្នំ​ជីក​ដី​ស្អិត ឬ​ដី​ស្កាត​សម្រាប់​ធ្វើ​ក្អម​ឆ្នាំង​ដើម្បី​លក់ ត្អូញត្អែរ​ថា ប្រភេទ​ដី​សិប្បកម្ម​នេះ​លំបាក​រក​ជាង​មុន ហើយ​មាន​តម្លៃ​ថ្លៃ។ ពួក​គេ​អះអាង​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​សព្វថ្ងៃ​មាន​រោង​សិប្បកម្ម​ធ្វើ​ចង្ក្រាន​ច្រើន​ជាង​ធ្វើ​ក្អម​ឆ្នាំង ឬ​ផលិត​វត្ថុ​អនុស្សាវរីយ៍ ដែល​ត្រូវ​ការ​អាចម៍​ដី​ច្រើន​ទ្វេដង ដើម្បី​ផលិត​ចង្ក្រាន​លក់​ឲ្យ​ទាន់​តម្រូវការ​នៅ​លើ​ទីផ្សារ។ ក្រាំងដីមាស គឺ​ជា​ភ្នំ​មួយ​ស្ថិត​នៅ​ភាគ​ខាង​លិច​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង។ ភ្នំ​នេះ​ពុំ​មាន​ព្រៃ​ស្រោង ឬ​ប្រភេទ​ឈើ​ប្រណីត​នោះ​ទេ ប៉ុន្តែ​ភ្នំ​នេះ​ជា​ប្រភព​ដី​យ៉ាង​សំខាន់​សម្រាប់​អ្នក​ភូមិ​រស់នៅ​ក្បែរ​នោះ និង​សិប្បករ​តាម​តំបន់​ខ្លះ​ទៀត​នៃ​ខេត្ត​កំពង់ឆ្នាំង នាំ​គ្នា​យក​ដី​ទៅ​ធ្វើ​ក្អម​ឆ្នាំង។ ក្រៅ​ពី​នេះ ពលរដ្ឋ​ក៏​ជីក​ដី​ពី​លើ​ភ្នំ​ទៅ​ប្រើ​ក្នុង​រោង​សិប្បកម្ម​ឡ​ឥដ្ឋ និង​សិប្បកម្ម​ធ្វើ​ចង្ក្រាន​ទៀត​ផង។

កសិករ​ជីក​ដី​សម្រាប់​ធ្វើ​ក្អម​ឆ្នាំង​លក់​ឲ្យ​អ្នក​ភូមិ​អណ្ដូងឫស្សី ម្នាក់​ដែល​ឡើង​ភ្នំ​ក្រាំងដីមាស ញឹកញាប់ លោក សូរ សូល មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​មនុស្ស​យ៉ាង​តិច ១០​នាក់​ក្នុង​មួយ​ថ្ងៃ​ដែល​ឡើង​លើ​ភ្នំ​ជីក​ដី​លក់។ តម្រូវការ​ដី​ធ្វើ​ក្អម​ឆ្នាំង ឬ​កុលាលភាជន៍​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ដី​ដែល​ជីក​បាន​ភាគច្រើន គឺ​យក​ទៅ​ប្រើប្រាស់​ក្នុង​រោង​ធ្វើ​ចង្ក្រាន ដែល​កាល​ពី​ដើម ដី​ធ្វើ​ចង្ក្រាន​យក​ពី​ទន្លេ​មក​លាយ​ប៉ុណ្ណោះ៖ «មុន​ដី​មាន​នៅ​ក្រោម ឥឡូវ​ដី​ទាល់​តែ​ឡើង​ទៅ​រក​លើ ហើយ​ដី​ម៉ា​ធ្វើ​ក្អម​ឆ្នាំង​មិន​សូវ​ចុះ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដី​យក​ទៅ​ធ្វើ​ចង្ក្រាន​ច្រើន​ជាង។ ឥឡូវ​ដី​ធ្វើ​ចង្ក្រាន គេ​យក​ដី​ហ្នឹង​ដែរ»

លោក​បញ្ជាក់​ថា បើ​មាន​សិប្បករ​ណា​កុម្ម៉ង់​ដី​ស្អិត ឬ​ដី​ស្កាត​សម្រាប់​ធ្វើ​ក្អម​ឆ្នាំង​ភ្លាមៗ​នោះ លោក​រក​មិន​បាន​ភ្លាម​ឡើយ ដ្បិត​ផ្ទះ​លោក​នៅ​ក្បែរ​ភ្នំ។ លោក​ត្រូវ​ចំណាយ​ពេល​ជីក​លុង​ដី​នៅ​ចង្កេះ​ភ្នំ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​រណ្ដៅ​ជីក​យក​ដី​ស្អិត ឬ​ដី​ស្កាត​នោះ កាន់​តែ​ជ្រៅ​កាន់​តែ​មាន​គ្រោះថ្នាក់ ជាពិសេស​នៅ​រដូវ​វស្សា។ លោក​ថា បើ​មាន​រណ្ដៅ​យក​ដី​ស្រាប់ ហើយ​លោក​អាច​ដឹក​បាន​មួយ ឬ​ពីរ​រទេះ​ក្នុង​មួយ​ថ្ងៃ។