សិប្បកម្ម​កូន​ជ្រូក​​​សន្សំ​លុយ​រូប​តុក្កតា​ល្បីៗ​ កំពុងទាក់​ចិត្ត​ភ្ញៀវទេសចរនៅ​សៀមរាប

0
2114

សៀមរាប ៖ សិប្បកម្ម​ផលិត​កូនជ្រូក​សន្សំ​លុយ ជាទី​សំចត​មួយ ក្នុង​ចំណោម​គោល​ដៅ​ទេសចរណ៍​ជាច្រើន​កន្លែង​សម្រាប់​ភ្ញៀវទេសចរ ជាតិ និង​អន្ដរជាតិ ដែល​ប្រាថ្នា​ស្វែង​យល់​ពី​ជីវភាព និង​ភ្លក្ស​បទ​ពិសោធ​ផ្ទាល់​អំពី​ការ​រស់នៅ​បែប​ស្រុក​ស្រែ​ចម្ការ​ក្នុង​ទឹកដី​សៀមរាប​អង្គរ។

ដោយ​ផ្ដើម​សិប្បកម្ម​ជា​មុខរបរ​ចិញ្ចឹមជីវិត​ក្នុង​ឆ្នាំ ២០០៥ អ្នកស្រី អុង ពិសី អាយុ ៥៣ ឆ្នាំ​ស្ថិត​ក្នុង​ក្រុម​ទី ៥ ភូមិ​ក្រវាន់ ឃុំ​អង្គរធំ ស្រុក​អង្គរធំ ខេត្ដ​សៀមរាប បាន​ទាក់​ចិត្ដ​ភ្ញៀវទេសចរ​ចង់​ស្គាល់​ពី​វិធី​ផលិត​សម្ភារ​សន្សំ​លុយ​កាក់​ពី​បុរម​បុរាណ ដែល​រំលេច​រូបរាង​សត្វ​ប្លែកៗ​ចាប់​ពី​សត្វ​ឆ្នាំ​ទាំង ១២ ក្នុង​តម្រា​ខ្មែរ រហូត​ដល់​សត្វ​ក្នុង​ភាពយន្ដ​តុក្កតា​ដ៏​ពេញ​និយម ដូចជា Angry Birds និង Minions ជាដើម។

សិប្បករ​កូនជ្រូក​សន្សំ​លុយ រូបនេះ បាន​និយាយ​ថា៖ «រូប​ចម្លាក់​សត្វ​ទាំង​អស់ទាំង​នៅ​ក្នុង​តម្រា​ឆ្នាំ និង​តុក្កតា​បរទេស​សុទ្ធ​តែ​ជា​ប្រភេទ​កូន​ជ្រូក​សន្សំ​លុយ លើក​លែង​តែ​កូន​ដំរី​បែប​បុរាណ រចនាប័ទ្ម​សតវត្សរ៍​ទី ១៩ (តម្លៃ​បោះ​ដុំ ៣ ដុល្លារ) ដែល​ភ្ញៀវ​បរទេស​ចូល​ចិត្ដ​ទិញ​យក​ទៅ​តាំង​លើ​តុ ឬ​អាច​ដោត​ផ្កា​បាន​មួយ​ទង»។ អ្នកស្រី​ប្រាប់ថា៖ «ចំពោះ​កូនជ្រូក​រូប​សត្វធំៗ មាន​តម្លៃ​បោះ​ដុំ​ចាប់ពី ១ ម៉ឺន​រៀល ខណៈ​កូន​ជ្រូក​តូចៗ ដូចជា Angry Bird និង Minions មាន​តម្លៃ​ចាប់​ពី ៥ ពាន់​រៀល​ទៅ​ដល់ ៨ ពាន់​រៀល»។

ចំពោះ​ដំណើរការ​នៃ​ការសម្អាត​ដីឥដ្ឋ​សម្រាប់​សូន្យ​ជា​រូប​សត្វ​ផ្សេងៗ​រហូត​ដល់​ការ​ដុត​ក្នុង​ឡ និង​លាប​ពណ៌ ដែល​មាន​រយៈពេល ១៥ ថ្ងៃ អ្នកស្រី​ពិសី​ទទួល​បាន​ប្រាក់​កម្រៃ ១១៥០០០០រៀល ក្នុង​មួយ​ឡ​នេះ។ ប៉ុន្ដែ​អ្នកស្រី​ប្រាប់​ថា នៅ​រដូវ​វស្សា​នេះ ការ​ផលិត​កូន​ជ្រូក​សន្សំ​លុយ​មាន​ការ​ធ្លាក់​ចុះ​មក​ត្រឹម​មួយ​ឡ មាន​កូន​ជ្រូក​ធំ ១២ គ្រាប់ និង​កូន​ជ្រូក​តូចៗ​ពី ៣០ ទៅ ៣៥ គ្រាប់តែប៉ុណ្ណោះ។