សន្សំលុយ១ថ្ងៃ១$ អាចដើរលេងបាន៣ប្រទេសនៅអាស៊ានក្នុង១ឆ្នាំ

0
3185

(កម្ពុជា)៖ មនុស្សត្រូវការផ្សងព្រេង សិក្សារៀនសូត្របង្កើនចំណេះដឹង គំនិត និងសមត្ថភាពឲ្យបានច្រើន ហើយមេរៀនដែលអ្នកនឹងរៀនបានច្រើនបំផុត គឺការធ្វើឆ្លៀតពេលធ្វើដំណើរទៅកាន់បណ្តាប្រទេសផ្សេងៗនៅលើពិភពលោកយ៉ាងហោចណាស់ឲ្យបានមួយ ឫពីរប្រទេសក្នុងមួយឆ្នាំ ពិសេសប្រទេសដែលមានការអភិវឌ្ឍន៍ជឿនលឿន។​

ថ្ងៃនេះ Cambotrips នឹងធ្វើការចែករំលែកពីតិចនិកសន្សំលុយ១ថ្ងៃ១ដុល្លារ និងវិធីដើរកម្សាន្តប្រទេសចំនួន៣ក្នុងមួយឆ្នាំចំណាយឲ្យអស់តិចបំផុត។

ប្រទេសទី១៖ វៀតណាម

សម្រាប់ការដើរលេងកម្សាន្តនៅក្នុងប្រទេសវៀតណាម​រយៈពេល២យប់៣ថ្ងៃ ត្រូវការឲ្យអ្នកមានលុយត្រឹមតែ១០០ដុល្លារអាមេរិកប៉ុណ្ណោះ ដោយសារតែមធ្យោបាយធ្វើដំណើរ លោកអាចជិះរថយន្តចេញនៅពេលយប់ នឹងទៅប្រទេសវៀតណាមនៅពេលថ្ងៃ ចំណាយពេលប្រមាណ១០ម៉ោងសម្រាប់ការធ្វើដំណើរ និងចំណាយអស់១៥ដុល្លារ បូកទាំងទៅទាំងមកសរុប៣០ដុល្លារ។

ចំពោះការកក់បន្ទប់សណ្ឋាគារ លោកអ្នកអាចរកកក់តាមគេហទំព័រ agoda.com ដែលប្រជុំដោយសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានលក្ខណៈស្តង់ដាតម្លៃថោក និងផ្តល់ជម្រើសច្រើនឲ្យលោកអ្នក។ សម្រាប់មនុស្សពីរអ្នក លោកអ្នកអាចកក់បន្ទប់សណ្ឋាគារតម្លៃត្រឹម ២០ ឫ២៥ដុល្លារក្នុងមួយយប់ ដូចនេះការចំណាយស្នាក់នៅអ្នកអាចចំណាយអស់ជាង២០ដុល្លារក្នុងមួយនាក់ ក្នុងរយៈពេល៣យប់។

ការហូបចុក ក្នុងមួយពេលអាចចំណាយប្រមាណ២ ទៅ៥ដុល្លារប៉ុណ្ណោះ ដូចនេះទឹកប្រាក់ដែលនៅសល់ជិត៥០ លើការ គឺគ្រប់គ្រាន់សម្រាប់ការចំណាយនេះ។ ក្នុងករណីអ្នកទៅគ្នា៣ ឫ ៤នាក់ ការចំណាយកាន់តែអស់តិច ដោយសារថ្លៃបន្ទប់ និងការហូបចុករួមគ្នា។

Related image

ប្រទេសទី២៖ ថៃ

មធ្យោបាយក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ មានពីរជម្រើសដោយរថយន្ត ឫដោយយន្តហោះ ប៉ុន្តែបើលោកអ្នកធ្វើដំណើរទៅដោយយន្តហោះ ខ្ទង់ចំណាយលោកអ្នកអាចលើសពី១៥០ដុល្លារ ប៉ុន្តែបើលោកអ្នកធ្វើដំណើរដោយរថយន្តការចំណាយអាចអស់ត្រឹមតែ១០០ដុល្លារប៉ុណ្ណោះសម្រាប់រយៈពេល២យប់៣ថ្ងៃ។

ការធ្វើដំណើរដោយរថយន្តទៅមកប្រទេសថៃចំណាយប្រមាណ៤៥ដុល្លារអាមេរិក បន្ទប់ស្នាក់នៅមួយយប់២០ដុល្លារ សម្រាប់គ្នាពីរនាក់ ដូចនេះការស្នាក់ចំណាយត្រឹមតែ២០ដុល្លារប៉ុណ្ណោះ។ នៅសល់៣៥ដុល្លារទៀត សម្រាប់ការហូបចុក ដែលមួយពេលអ្នកអាចចំណាយត្រឹមតែ២ ឫ៣ដុល្លារប៉ុណ្ណោះ។ អ្នកគួរត្រៀម២០ដុល្លារបន្ថែម ប្រសិនបើអ្នកចង់ធ្វើដំណើរបានលឿន ដោយជិះរថភ្លើងលើអាកាស ដោយតម្លៃនៃការជិះ ជាទូទៅមានតម្លៃ១ដុល្លារ ទៅ ១.៦០ដុល្លារច្រើនបំផុតសម្រាប់មួយជើង។

Image result for indonesia city

ប្រទេសទី៣៖ ឥណ្ឌូនេស៊ី

សម្រាប់ប្រទេសឥណ្ឌូណេស៊ី អ្នកចាំបាច់ត្រូវតែធ្វើដំណើរដោយជើងយន្តហោះ ប្រសិនបើអ្នកកក់សំបុត្រយន្តហោះមុនមួយខែតម្លៃជើងយន្តហោះទៅមកអាចមានតម្លៃត្រឹមតែពី៥០ ទៅ ៨០ដុល្លារអាមេរិកប៉ុណ្ណោះ។ ក្រៅពីនេះ តម្លៃផ្ទះសំណាក់ក៏មិនលើសពីប្រទេសថៃ និងវៀតណាមប៉ុន្មានដែរ ដោយលោកអ្នកជ្រើសរើសបន្ទប់សណ្ឋាគារដែលមានតម្លៃ២០ដុល្លារក្នុងមួយយប់សម្រាប់គ្នាពីរនាក់ នោះការចំណាយថ្លៃបន្ទប់ពីរយប់ អស់ត្រឹមតែ២០ដុល្លារប៉ុណ្ណោះក្នុងមួយនាក់។

រីឯការហូបចុកវិញ អ្នកចំណាយអស់ច្រើនបំផុត៥ដុល្លារក្នុងមួយពេល សរុបអ្នកអាចចំណាយអស់៤៥ដុល្លារ លើថ្លៃអាហារ។ នោះការចំណាយសរុបសម្រាប់ទៅដើរលេងនៅឥណ្ឌូនេស៊ី អស់ត្រឹម១៥០ដុល្លារប៉ុណ្ណោះ។

ប្រសិនបើលោកអ្នកព្រួយបារម្ភខ្លាចខ្វះខាតលើការចាយវាយ លោកអ្នកអាចត្រៀមលុយសាគួ៥០ដុល្លារសម្រាប់មួយប្រទេស ចៀសវាងត្រូវការចំណាយអ្វីផ្សេង ឫទិញវត្ថុអនុស្សវរី៍ជាដើម។

Admin សុំរំលឹកដាស់តឿនអ្នកដែលទៅលេងកម្សាន្តប្រទេសវៀតណាម និងប្រទេសថៃ មិនចាំបាច់ចំណាយលុយជួលគេឲ្យវាយPassport អោយនោះទេ ពិសេសព្រំដែនថៃ ដែលជាទូទៅនាំគ្នាចំណាយអស់ប្រមាណ៥០០បាត (ប្រមាណ១៥ដុល្លារ) ព្រោះចង់បានលឿន តែធាតុពិត បើអ្នកទ្រាំចាំប្រមាណ២០ ទៅ ៣០នាទី នោះអ្នកនឹងសល់លុយ៥០០បាត សម្រាប់ចាយវាយលើអាហារឆ្ងាញ់ៗបានពេញមួយថ្ងៃហើយ។

បន្ថែមពីនេះ ពេលទៅដល់ព្រំដែនថៃ អ្នកគប្បីទិញស៊ីមថៃឲ្យហើយ ដើម្បីអាចប្រើប្រាស់អ៊ីនធើណេត ព្រោះថា នៅក្នុងប្រទេសថៃ អ៊ីនធើណេតមិនសូវប្រើសេរីដូចនៅវៀតណាមទេ។ វៀតណាម មានអ៊ីនធើណេតប្រើប្រាស់ដោយសេរីច្រើនកន្លែងណាស់ ទោះជាអ្នកមិនទិញស៊ីមប្រើ ក៏មិនបាច់បារម្ភដែរ។

ជារួម បីប្រទេសនេះអ្នកដើរបានដោយសេរី និងងាយស្រួលប្រសិនបើអ្នកសន្សំមួយថ្ងៃមួយដុល្លារ ស្មើនឹង៣៦៥ដុល្លារក្នុងមួយឆ្នាំ៕

 

អត្ថបទដោយ៖ មករា

Cambotrips Writer