ឧត្តរមានជ័យ៖ យ៉ាងហោចណាស់មានសត្វព្រៃជាច្រើនប្រភេទ ត្រូវបានមន្ទីរបរិស្ថានខេត្តឧឧត្តរមានជ័យ សហការជាមួយព្រះសង្ឃ និងអង្គការ បាននាំយកទៅលែងក្នុងដែនជំរកសត្វព្រៃសង្ឃរុក្ខវ័ន។
ការលែងសត្វទាំងនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលព្រៃសង្ឃរុក្ខវ័ន មានទីតាំងក្នុងព្រៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បាននិយាយថា សត្វទាំងនោះរួមមានចំនួន២៦ក្បាល ដែលក្នុងនោះមានកូនពស់ថ្លាន់ចំនួន២០ក្បាល សត្វត្រដក់ចំនួន២ក្បាល សត្វរអាតត្នោតចំនួន៣ក្បាល និងសត្វអកច្រើនពណ៌ចំនួន១ក្បាល។
លោក ភួង លីណា បាននិយាយទៀតថា នេះជាសមាជិកថ្មី ដែលមន្ទីរបរិស្ថានសហការគ្នានាំយកសត្វល្មូន និងសត្វស្លាប ទៅលែងក្នុងព្រៃសង្ឃរុក្ខវ័ន ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាដែនជម្រកសត្វព្រៃ ក៏ដូចជាព្រៃឈើកំពុងត្រូវបានការពារ។
លោកនិយាយទៀតថា កន្លងមកមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ធ្លាប់យកនៅសត្វជាច្រើនប្រភេទ ទៅលែងនៅទីនោះជាបន្តបន្ទាប់រួចមកហើយ ដើម្បីជាការលើកស្ទួយប្រភេទសត្វដ៏កម្រ អោយមានពូជពង្សវង្សត្រកូលឡើងវិញ៕