សត្វ​រមាំង​ជិត១០ក្បាលបង្ហាញវត្តមាននៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ​ខេត្ត​ក្រចេះ

0
55

រូបភាពដែលបង្ហាញវត្តមានរបស់សត្វរមាំង (Rucervus eldii) យ៉ាងហោចណាស់ចំនួន ៧ក្បាល ត្រូវបានបញ្ជូនមកពីដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ កាលពីម្សិលមិញដោយក្រុមអ្នកស្រាវជ្រាវសត្វព្រៃរបស់មន្ទីរបរិស្ថាននៃក្រសួងបរិស្ថាន និងអង្គការ WWF ។

រូបភាពដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះជាភ័ស្តុតាងនៃការរស់រានរបស់សត្វដ៏សំខាន់មួយប្រភេទនេះ និងបានបង្ហាញថាហ្វូងសត្វនេះកំពុងមានលទ្ធភាពបន្តពូជនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃសំបូរ។ ជាក់ស្តែង ភ័ស្តុតាងនៃការបន្តពូជនេះបានស្តែងចេញយ៉ាងច្បាស់តាមរយៈរូបភាពរាប់រយសន្លឹកដែលក្រុមអ្នកស្រាវជ្រាវសត្វព្រៃបានពិនិត្យយ៉ាងម៉ត់ចត់ និងបានកត់ត្រាទុកនូវវត្តមានរបស់៖ សត្វរមាំងពេញវ័យ មានញីនិងឈ្មោល សរុបចំនួន ៤ក្បាល សត្វវ័យជំទង់ មានញីនិងឈ្មោល ចំនួន ២ក្បាល ព្រមទាំងកូនសត្វរមាំងចំនួន ១ក្បាល។

ការតាមដានសត្វព្រៃដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិត្រូវបានអនុវត្តដោយអ្នកជំនាញស្រាវជ្រាវក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១នេះ និងដោយមានការចូលរួមផងដែរពីប្រជាជនមូលដ្ឋាននៃក្រុមល្បាតសហគមន៍ដែលរស់នៅក្បែរតំបន់នៃដែនជម្រក។ ក្រុមការងារបានពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតាមទីតាំងសំខាន់ៗចំនួន១១កន្លែងដែលជាទីម្រករបស់សត្វរមាំងនៅក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា ហើយមានភូមិសាស្រ្តស្ថិតនៅតាមបណ្តាយដងទន្លេមេគង្គ។ កំណត់ត្រានៃសត្វរមាំងនាពេលនេះបានផ្តល់ជាព័ត៌មាននិងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដ៏សំខាន់បន្ថែមទៀតដល់កំណត់ត្រាដំបូងបង្អស់នៃសត្វនេះនៅក្នុងដែនជម្រកកាលពីឆ្នាំ២០២០ ដើម្បីរួមចំណែកគាំទ្រដល់ការរស់រានមានជីវិតតទៅអនាគតទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ សម្រាប់សត្វដែលជា ប្រភេទរងគ្រោះថ្នាក់ជិតផុតពូជមួយនេះ។

 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថានេះគឺជាដំណឹងដ៏ល្អសម្រាប់ កម្ពុជាដែលប្រភេទសត្វរម៉ាំងនៅមានវត្តមានតាមតំបន់ការពារធម្មជាតិនានា។ វត្តមានសត្វព្រៃជាច្រើនក្នុងនោះ រួមទាំងប្រភេទសត្វកម្រនៅលើពិភពលោកត្រូវបានរកឃើញមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ យើងមានពេលវេលាគ្រប់គ្រាន់រួមនឹងធនធានដែលមានក្នុងការគិតគូរពីផែនការការពារនិងអភិរក្សធនធានធម្មជាតិ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រភេទសត្វមួយចំនួនរួមនឹងប្រភេទសត្វកម្រត្រូវបានការពារនិងអភិរក្ស ប្រភេទសត្វខ្លះមានចំនួនកើន និងប្រភេទសត្វខ្លះនៅមានចំនួនថេរ និងប្រភេទសត្វមួយចំនួនបន្តរងការគំរាមកំហែង។ ប៉ុន្តែជារួម យើងមានមោទនភាពដែលបានចូលរួមក្នុងការអភិរក្សថែរក្សាសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ។ បញ្ហាចម្បងដែលជាកត្តាគំរាមកំហែងលើសត្វព្រៃគឺអន្ទាក់ ការបរបាញ់ដោយកាំភ្លើងកែច្នៃ។

ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានសូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលនិយមពិសាសាច់សត្វព្រៃត្រូវបញ្ឈប់ជាបន្ទាន់ ​និងចូលរួមក្នុងការការពារនិងអភិរក្សសត្វព្រៃដោយនិយាយថាទេចំពោះសាច់សត្វព្រៃដើម្បីបញ្ឈប់ការបរបាញ់សត្វនិងសម្លាប់សត្វដោយអន្ទាក់។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថាកាលពីឆ្នាំ២០២០ កន្លងទៅអន្ទាក់ជិត ៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ហើយសម្រាប់ រយៈពេល ៣ ខែដើមឆ្នាំ២០២១ អន្ទាក់ជាង ១១០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់៕