សត្វក្ងោកទេពឈ្មោល១ក្បាល ត្រូវបានព្រលែងចូលតំបន់ការពារទេសភាព ទំនាបខាងជើងទន្លេសាប ក្រោយទទួលការព្យាបាល

0
1999

ភ្នំពេញ ៖ អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) សហការជាមួយមជ្ឈមណ្ឌល អង្គរសម្រាប់ការអភិរក្សជីវចម្រុះខេត្តសៀមរាប (ACCB) និងសមាគមមគ្គុទ្ទេសក៍សត្វស្លាប (CBGA) កាលពីថ្ងៃទី២៤ កក្កដា បានព្រលែងសត្វខ្សឹបឬក្ងោកទេពឈ្មោល១ក្បាលចូលក្នុងជម្រកធម្មជាតិនៃតំបន់ការពារទេសភាព ទំនាបខាងជើងទន្លេសាប ស្ថិតនៅក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីការព្យាបាលរយៈពេលប្រមាណ១ខែកន្លងមក។

បើតាមសមាគម មគ្គុទ្ទេសក៍សត្វស្លាប (CBGA) បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមិថុនាក្មេងៗ ក្នុងភូមិបានប្រទះឃើញ សត្វក្ងោកទេព ក្នុងសភាពទ្រុឌទ្រោម នៅក្នុងស្រែមួយ ស្ថិតនៅក្នុងឃុំសានគ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សត្វក្ងោកទេពនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដើម្បីយកទៅព្យាបាល។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់អង្គការ WCS នៅថ្ងៃទី២៥ កក្កដានេះ បានឲ្យដឹងទៀតថា សត្វខ្សឹប (ក្ងោកទេព) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត ខណៈចំនួនរបស់វា នៅលើសាកលលោក មានតិចជាង ៨០០ក្បាល។

WCS បញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏សំខាន់បំផុត នៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះ កុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹប នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១២ មានប្រមាណ៤៣២ក្បាល។ ទីជម្រកវាលស្មៅ នៃតំបន់ទំនាបទន្លេសាប ក្នុងខេត្តកំពង់ធំគាំទ្រ ដល់ការរស់នៅ របស់សត្វខ្សឹប ច្រើនជាងគេបង្អស់ នៅលើពិភពលោក និងមានសារៈសំខាន់បំផុតសម្រាប់ ការរស់រានមានជីវិត របស់ក្ងោកទេព៕