លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ការហាមឃាត់ចូលមកកម្ពុជានៅពេលនេះគឺធ្វើតែប្រទេសឥណ្ឌាមួយសិនប៉ុណ្ណោះ

0
65

AKP ភ្នំពេញ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ ក្រសួងសុខាភិបាល ពុំទាន់សម្រេចថានឹងបញ្ចូលប្រទេសផ្សេងទៀតក្រៅពីឥណ្ឌា នៅឡើយទេ សម្រាប់ការហាមឃាត់រាល់ជនបរទេសទាំងអស់ ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា ពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬក៏មានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេលបីសប្តាហ៍មុនចូលមកប្រទេសកម្ពុជា។

ការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត គឺឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ពាក់ព័ន្ធនឹងការបន្ថែមប្រទេសដែលអាចនឹងបង្កហានិភ័យដល់ប្រទេសកម្ពុជា នូវវីរុសបំប្លែងថ្មី B1617 ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា និងមានភាពឆ្លងខ្លាំងជាង និងគ្រោះថ្នាក់ខ្លាំងជាង វីរុសបំប្លែងថ្មី B117 ដែលមានប្រភពមកពីប្រទេសអង់គ្លេសទៅទៀត។ លោកជំទាវ បានបញ្ជាក់ថា « នៅក្នុងកាលៈទេសៈនេះ យើងគិតត្រឹមជនបរទេសដែលមកពីប្រទេសឥណ្ឌា ឆ្លងកាត់ និងមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា មុនមកកម្ពុជា សិនប៉ុណ្ណោះ »។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាម និងប្រទេសថៃ សុទ្ធតែបានរកឃើញករណីវិជ្ជមាន នូវវីរុសបំប្លែងថ្មីរបស់ឥណ្ឌា ក្នុងនោះប្រទេសថៃ បានរកឃើញវីរុសនេះលើស្រីម្នាក់ និងកូនតូចរបស់ស្ត្រីរូបនោះ ដែលអ្នកទាំងពីរបានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន។ ជាមួយគ្នាដែរ ប្រទេសមួយចំនួនទៀត ដូចជានេប៉ាល់ បង់ក្លាដេស សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏បានរកឃើញវីរុសបំប្លែងថ្មីរបស់ឥណ្ឌានេះផងដែរ។

គួររម្លឹកថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជា ចំពោះជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយ:ពេលបីសប្តាហ៍មុនចូលមកកម្ពុជា តាមផ្លូវអាកាស រឺផ្លូវគោក៕

ដោយ ផែន រតនៈ