រមណីយដ្ឋាន​ប្រវត្តិសាស្រ្តវត្ត​ភ្នំ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិ​នៃ​ការ​កកើត​រាជធានី​ភ្នំពេញ​របស់​ប្រទេស​កម្ពុជា​​

0
5597

 

ភ្នំពេញ៖ វត្តភ្នំ​គឺជា​បេះដូង​នៃ​ទីក្រុងភ្នំពេញ ដែល​ផ្តល់​ឈ្មោះ​ដល់​ទី​ក្រុង​នេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រ​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៣៧៣ និង​ជា​សំណង់សាសនា​ដែល​មាន​កំពស់​ខ្ពស់​ជាង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ។ មាន​រឿង​ព្រេង​មួយ​តំណាល​ថា មាន​ស្រ្តី​មេមាយ​ម្នាក់​ឈ្មោះ ពេញ ថ្ងៃ​មួយ​បាន​ដើរ​លេង​តាម​ដង​ ទន្លេមេគង្គ ក៏​បាន​ឃើញ​ដើម​គគី​មួយ​ដណ្តែត​ជិត​ច្រាំង​ទន្លេ គាត់​ក៏​បាន​ហៅ​អ្នក​ជិត​ខាង​មក​ជួយ​ទាញ​យក​ដើម​គគី​នោះ។ នៅ​ក្នុង​ដើម​គគី​នោះ គាត់​ក៏​បាន​រក​ឃើញ​ពុទ្ធបដិ​មាករ​ដ៏​មាន​តំលៃ​ចំនួន​៤អង្គ។ ក្នុង​ឆ្នាំ ១៣៧២ គាត់​ក៏​នាំ​អ្នកស្រុក​ពូន​ជា​ភ្នំ និង សាង​សង់​វិហារ​មួយ​ដើម្បី​តម្កល់​ពុទ្ធដិមាករ​នោះ។ នៅ​ឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បាន​មក​ដល់​ទី​នេះ ហើយ​បាន​កសាង​ទីក្រុង​មួយ​ដោយ​យក​ឈ្មោះ​តាម​កន្លែង​នោះ។ នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ មាន​ចេតីយ៏​ធំ​មួយ​នៅ​ក្រោយ​ព្រះវិហារ ដែល​តំកល់​ព្រះធាតុ​របស់ព្រះបាទ​ពញាយ៉ាត និង​ ចេតីយ៏​សំរាប់​តំកល់​ព្រះធាតុ​របស់​ព្រះញាតិវង្ស​ព្រះអង្គ។ នៅ​ក្នុង​ចេតីយ៏​នោះ នៅ​មាន​សល់​បដិមា​ព្រះពុទ្ធ​នៅ​សម័យ​អង្គរផង​ដែរ។ ចេតីយ៏ និង ព្រះវិហារ នៅ​វត្តភ្នំ បាន​កសាង​ជាច្រើន​ដង គឺ​នៅ​ឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែល​ពី​ម្តង​ទៅ​ម្តង​កាន់​តែ​ធ្វើ​ឲ្យ​វា​មាន​សំរស់​ប្រសើរ​ឡើងៗ ។

ទន្ទឹម​នឹង​នេះ​ រមណីយដ្ឋាន​វត្ត​ភ្នំ ក៏​មាន​រូប​សំណាក់​​សក្ការបូជា​ជា​ច្រើន​អង្គ តួ​យ៉ាង​ដូចជា រូប​សំណាក់​លោក​យាយ​ពេញ រូប​សំណាក់​ព្រះ​ចៅ​ធំ​ជាដើម។ ដែល​ក្នុង​នោះ​រាល់​ភ្ញៀវ​ទេសចរ​ស្ទើរ​តែ​ទាំង​អស់ តែង​តែ​អុច​ធូប​បន់​ស្រន់ សូម​សេចក្ដី​សុខ និង​ប្រាថ្នា​រក​អ្វី​មួយ ដែល​ពួក​គេ​ជឿ​ថា​នឹង​ទទួល​បាន​សម្រេច​ក្នុង​ពេល​ណា​មួយ​ជាក់​ជា​មិន​ខាន។

ក្រៅ​ពី​កន្លែង​គោរព​បូជា​ហើយ យើង​ក៏​ឃើញ​មាន​សារមន្ទីរ​ប្រវត្តិសាស្រ្ត​មួយ​ដែល​បាន បង្កើត​ឡើង​នៅ​ក្នុង​រមណីយដ្ឋាន​វត្តភ្នំ​នេះ​ផង​ដែរ។