របររត់រម៉កនៅ​តំបន់ទេសចរណ៍​ភ្នំនាងកង្រី ជួយ​ពលរដ្ឋ​រកចំណូលបាន​១ថ្ងៃ​ជាមធ្យម​៦ម៉ឺនរៀល​

0
2129
លោក ពូ មឿន រូបទី១ខាងឆ្វេង ពេលដឹក​ភ្ញៀវទេចរទៅកម្សាន្ដ​នៅ​តំបន់ភ្នំនាងកង្រី។

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ​ដែលទទួល​ផល​ពី​របររត់​រម៉ក​នៅ​តំបន់ទេសចរណ៍ភ្នំនាងកង្រី អាច​ទទួល​បាន​ចំណូលជាមធ្យម​ចាប់ពី ៦-៨ម៉ឺនរៀល ​ក្នុង​១ថ្ងៃ នេះបើតាម​ក្រុមការងារ ​Cambotribnews បាន​ចុះ​ទៅជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ទេស​ចរណ៍​ល្បី​នៃខេត្ដ​កំពង់ឆ្នាំងមួយនេះ​កាលពីថ្ងៃ​សៅរ៍ ម្សិលមិញ។

បើ​យើង​ទៅលេង​ខេត្ដ​កំពង់ឆ្នាំង ទៅដល់​ត្រង់​រង្វង់មូល​វិមាន​​ឯករាជ្យ បន្ដដំណើរ​ត្រង់ទៅកាន់​ផ្សារលើ​នៃខេត្ដ​កំពង់ឆ្នាំង រួច​បត់ទៅ​ខាងស្ដាំ​បន្ដ​ដំណើរ​ប្រហែល​ ៣គីឡូម៉ែត្រ យើងនឹងទៅដល់​កំពង់​ចម្លង ផ្ញៀវ​ទេសចរណ៍​១ ដែល​ជាកន្លែង​ទូកទេសណ៍​ជាច្រើន​កំពុង​រងចាំ​ដឹកភ្ញៀវទេសចរណ៍​ទៅលេង​បន្ដ​ទៅ​រម្មណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នៃ​ទឹកដី នៅឃុំពង្រ ស្រុករលាប្អៀរ នៃ​ខេត្ដ​កំពង់ឆ្នាំង​មិនខាន​។

បន្ទាប់ពី​ឆ្លងទូក​ទៅ​ដល់​ត្រយ​ម្ខាងទៀត​នៃ​តំបន់ទេស​ចរណ៍នៃ​រម្មណីយដ្ឋានទេសចរណ៍​ភ្នំនាងកង្រី យើង​នឹង​បាន​ឃើញ​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​តែ​ឈរ​រងចាំ​ភ្ញៀវ​ទេសចរណ៍​ពី​គ្រប់​មជ្ឍដ្ឋាន​នៅ​ទីនោះ ដើម្បី​ផ្ដល់សេវាកម្មនានា​។

ជាមួយគ្នានោះ ក្រុម​ប្រជាពលរដ្ឋដែល​ប្រកបរបរ​រត់រម៉ង សកម្មជាង​គេចំពោះ​ការ​រាកទាក់ជាមួយ​ភ្ញៀវ តាមរយៈការផ្ដល់សេវាកម្ម​ដឹក​ភ្ញៀវទៅកម្សាន្ដនៅតាមរម្មណីយដ្ឋាន​នានានៃតំបន់ទេសចរណ៍​ធម្មជាតិនៃ​ទឹកដីខេត្ដ​កំពង់ឆ្នាំងនេះ​មិនខាន​។

តាមរយៈបទសម្ភាសន៍ជាមួយ​ក្រុម​ការងារ Cambotripnews លោក ពូ មៀន ដែល​ប្រកប​របររត់​រម៉កនេះ ជាង​១០ឆ្នាំមកហើយ​នៅលើទឹកដី​នៃខេត្ដ​កំពង់ឆ្នាំងនេះ បាន​ប្រាប់​ឲ្យ​ដឹងថា តាមរយៈនេះ គាត់​អាច​រក​ចំណូល​ជាមធ្យម​បាន​ចាប់ពី ៦ម៉ឺន ទៅ ៨ម៉ឺនរៀល​ក្នុង​១ថ្ងៃ​ពី​ការ​ផ្ដល់សេវាកម្ម​ដឹក​ភ្ញៀវ​ទៅ​កម្សាន្ដ​នៅតាម​រម្មណីយដ្ឋាន​នានា ជុំវិញ​ភ្នំនាង​កង្រី​។

ជាទូទៅយើង​ធ្លាប់តែឃើញ​គេរត់រម៉កនៅភ្នំពេញ ឬនៅ​តាម​កន្លែង​មួយ​ចំនួន ដោយ​ដឹកគ្នា​បាន​តែ ៤ទៅ៥នាក់ប៉ុណ្ណោះ តែ​ផ្ទុយ​មកវិញ ពលរដ្ឋ​នៅ​តំបន់ទេស​ចណ៍​ភ្នំនាង​កងរី អាច​ឆ្នៃ​រម៉កសណ្ដោងដោយ​ម៉ូតូ ដឹក​ភ្ញៀវ​បាន​រហូត​ដល់​២០នាក់​ក៏មាន​នៅ​តំបន់​ទេសចរណ៍​ភ្នំនាង​កង្រីនេះ​។

លោក​ ពូ មឿន បាន​ឲ្យដឹង​ថា បើ​ភ្ញៀវ​ជួល​គាត់​ដឹក​ផ្ដាច់​ក្នុង​មួយថ្ងៃ​ដើម្បី​កម្សាន្ដ​ឲ្យអស់​នៃ​តំបន់​ទេសចរណ៍ ភ្នំនាងកង្រីនេះ លោកពូ​បាន​កំណត់​តម្លៃ​១០ម៉ឺនរៀល​ចំពោះ​សេវាកម្ម​ដឹក​កម្សាន្ដ​នេះ​។

តែទោះជាយ៉ាង​ណា លោកពូបាន​ឲ្យដឹងថា នៅតំបន់ទេសចណ៍នេះមិនមែន​មានភ្ញៀវទេសចរណ៍​គ្រប់​ពេល​នោះទេ។ ពូ មឿន​ បន្ថែមថា «ថ្ងៃខ្លះ​ក៏​រកមិន​សូវ​បាន​ដែរ​ព្រោះ​គ្មានភ្ញៀវ​មក​កម្សាន្ដ​។ ពេល​ខ្លះ​១មួយថ្ងៃ​រកបាន​តែ ២-៣ម៉ឺនរៀលក៏មាន​ដែរ តែមិនដែល​អត់​បានសោះទេ»។

នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំ ១ ខ្ពស់ ជាងគេ មើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួន ។ នៅលើភ្នំនោះ មានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះម្អមដុះច្រើនណែនណាន់តាន់តាប់, អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគម្អមនោះទេ ព្រោះគេឮចាស់ៗ ដំណាលថា ភ្នំនោះកើតពីរូបនាង កង្រីយក្ខិនី ជាមហេសី ព្រះពុទ្ធិសែន ហើយគេសន្មតថាម្អមនោះ ជារោមយោនីនៃនាង កង្រី នោះឯង ។ មិនតែប៉ុណ្ណោះនៅជើងភ្នំនោះ មានត្បាល់ថ្ម ១ អង្រែថ្ម ១ ធំតាំងពីបុរាណមក មិនដឹងជានរណាសាងទេ ។ ពួកជនអ្នកឡើងទៅដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនចាញ់ ហើយនឹងបានសុខសប្បាយ ។ (នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាល) ។

រឿងនាង កង្រី មានសេចក្ដីសង្ខេបដូចតទៅនេះ ៖

កាលពីព្រេងនាយ មានសេដ្ឋីម្នាក់ នៅនគរមួយ ជាមនុស្សឥតកូន បាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ ។ ក្រោយពីបន់មក ប្រពន្ធមានកូន ១២ នាក់ សុទ្ធតែស្រី ។ លុះបានកូនហើយ សេដ្ឋីធ្លាក់ខ្លួនជាអ្នកទាល់ក្ររកអាហារចិញ្ចឹមគ្មាន ក៏បររទេះដឹកកូនទាំង ១២ ទៅប្រោសចោលក្នុងព្រៃជ្រៅ ។

ក្រោយពីឪពុកប្រោសចោល កូនទាំង ១២ នាក់ ក៏នាំគ្នាដើរក្នុងព្រៃទៅដល់នគរមួយ ជានគរយក្សស្រីឈ្មោះនាង សន្ធមារ ។ យក្សស្រីនោះ មានកូនស្រីមួយឈ្មោះនាង កង្រី ។ នាង សន្ធមារ បានឃើញនាងទាំង ១២ ក៏តំណែងខ្លួនជាមនុស្សស្រី នាំយកនាងទាំងនោះ ទៅទុកនៅប្រាសាទរបស់ខ្លួន ឲ្យបម្រើនាង កង្រី ជាកូន ។

កាលនាងទាំង ១២ ដឹងថា នគរនោះជានគរយក្ស នាង សន្ធមារ ជាយក្ខិនី ហើយក៏នាំគ្នារត់ចេញ ។ នាង សន្ធមារ តាមរកទៅឃើញនាងទាំង ១២ បានជាមហេសីព្រះបាទ រថសិទ្ធ នៅនគរមនុស្ស ក៏តំណែងខ្លួនជាស្រីក្រមុំ បានធ្វើជាមហេសីព្រះបាទ រថសិទ្ធ នោះដែរហើយនាង សន្ធមារ ពុតធ្វើជាឈឺធ្ងន់ ញុះញង់ពេទ្យឲ្យទូលព្រះបាទ រថសិទ្ធ ឲ្យឆ្កៀលភ្នែកនាងទាំង ១២ យកមកធ្វើជាថ្នាំព្យាបាលរោគខ្លួន និងឲ្យយកនាង ១២ ដែលមានគភ៌គ្រប់គ្នាទៅទុកក្នុងរណ្ដៅមួយជាមួយគ្នា បង្អត់អាហារ ហើយឲ្យយកគ្រាប់ភ្នែកនាងទាំង ១២ ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួន ឲ្យនាងកង្រីជាកូនខ្លួនថែរក្សា ។

បណ្ដានាងទាំង ១២ នោះ នាងបងៗ ១១ នាក់ត្រូវគេឆ្កៀលភ្នែកទាំងសងខាង ឯនាងពៅត្រូវគេឆ្កៀលភ្នែកតែម្ខាង ដោយមកពីជាតិមុន នាងពៅឆ្កៀលភ្នែកត្រីម្ខាងដែរ ។ នាងទាំង ១២ ដែលមានគភ៌នោះ នាងពៅមានព្រះពោធិសត្វមកចាប់ផ្ទៃ ។ វេលានាងបងៗ កើតកូនមកភ្លាម គេហែកសាច់កូនចែកគ្នាស៊ីអស់ ។ ចំណែកនាងពៅកើតកូនមកឲ្យឈ្មោះថា “ពុទ្ធិសែន” ហើយលាក់ទុកមិនឲ្យនាងបងៗដឹង ។

ចំណេរកាលមកខាងក្រោយ វេលា ពុទ្ធិសែន ធំពេញជំទង់ឡើងនាង សន្ធមារ ដឹងថាជាកូននាង ១២ ក៏ប្រើឲ្យជិះសេះនាំសំបុត្រទៅឲ្យនាង កង្រី ដោយដាក់សេចក្ដីថា “បើ ពុទ្ធិសែន មកដល់យប់ឲ្យស៊ីទាំងយប់ ដល់ថ្ងៃឲ្យស៊ីទាំងថ្ងៃ ” ។ តែជាភ័ព្វរបស់ពុទ្ធិសែន នៅពេលជិះសេះទៅដល់ពាក់កណ្ដាលព្រៃ មហាឫស្សីបានឃើញ ពុទ្ធិសែន កំពុងផ្ទំលក់ នឹងឃើញសំបុត្រដែលចងនៅកសេះក៏ហែកសំបុត្រចោល ហើយសរសេរសំបុត្រជាថ្មីថា “បើ ពុទ្ធិសែន មកដល់យប់ឲ្យរៀបការទាំងយប់ ដល់ថ្ងៃឲ្យរៀបការទាំងថ្ងៃ ជាមួយនាងជាកូន” ។ ពេលដែល ពុទ្ធិសែន ទៅដល់នគរយក្ស នាង កង្រី បានឃើញសំបុត្រក៏រៀបការជាមួយ ពុទ្ធិសែន ភ្លាម ។ ព្រះ ពុទ្ធិសែន បានសោយរាជ្យនៅនគរយក្សមិនយូរប៉ុន្មាន ដោយនាង កង្រី ថ្វាយដំណឹងអំពីប្រស្រីភ្នែកមាតាលោក និងអំពីថ្នាំសម្រាប់ដាក់ភ្នែកឲ្យជា ហើយនិងថ្នាំសម្រាប់បោះទៅកើតជាទឹកសមុទ្រ ជាភ្នំបាន ក៏ទ្រង់លួចរត់ចោលនាង កង្រី ទាំងអធ្រាត្រមកនគរវិញ ។ នាង កង្រី តាមមក ព្រះ ពុទ្ធិសែន បោះថ្នាំឲ្យកើតជាទឹកសមុទ្រខាំងផ្លូវ ។ នាង កង្រី ក៏យំសោកស្លាប់ខ្លួននៅកណ្ដាលព្រៃ ហើយព្រះ ពុទ្ធិសែន មកដល់នគរវិញដោយសុវត្ថិភាព ទ្រង់ដាក់ថ្នាំភ្នែកមាតា និងមាតាធំទាំងអស់ឲ្យជាឡើង ហើយទ្រង់សម្លាប់នាង សន្ធមារ ទៅ ទ្រង់បានសោយរាជ្យជំនួសព្រះបិតាជាសុខក្សេមក្សាន្ត រហូតដល់ទ្រង់ព្រះទិវង្គត៕