រដ្ឋាភិបាលកម្ពុជា-ថៃ សម្រេចបើកច្រកព្រំដែន៣បន្ថែមទៀត ដើម្បីជម្រុញពាណិជ្ជកម្ម

0
1952

ភ្នំពេញ៖ កម្ពុជា-ថៃ បានបន្ដកិច្ចព្រមព្រៀងគ្នា ក្នុងការបើកឱ្យដំណើរការ នូវច្រកទ្វារព្រំដែនអន្ដរជាតិ៣បន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែងាយស្រួល និងស្របតាមអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នា កាលពីឆ្នាំ២០១៧កន្លងទៅ។

កិច្ចព្រមព្រៀងគ្នានេះ ធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ជាមួយនិង ឯកឧត្ដម Panyarak Poolthup ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ដែលទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

ជាមួយគ្នានេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឱ្យដឹងថា នៅពេលដែលច្រកព្រំដែនអន្តរជាតិទាំង៣នេះ បើកឱ្យដំណើរការហើយ នឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រត្តិបត្តិការផ្នែកទេសចរណ៍ និងការដឹកជញ្ជូន រួមទាំងផ្លាស់ប្តូរពាណិជ្ជកម្ម រវាងកម្ពុជា-ថៃ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនផងដែរ។

គូសបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរបានឯកភាពគ្នាក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីចម្រុះរវាងកម្ពុជា-ថៃ សម្រាប់ការបើកច្រកព្រំដែនអន្តរជាតិចំនួន៣ រួមមាន៖ ច្រកព្រំដែនអានសេះ ស្ថិតក្នុងខេតព្រះវិហារ, ច្រកថ្មដា ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងច្រកជប់ គគីរ ស្ថិតនៅខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា៕