ដើម្បីទាក់ទាញកំណើន អ្នកទេសចររាជរដ្ឋាភិបាលនិងក្រសួងទេសចរណ៍ក៏បានជំរុញឱ្យអាជ្ញាធរ និងមន្ទីរជំនាញខេត្តកោះកុងបង្កើនការយកចិត្តទុកលើការងារជួសជុលកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឱ្យបានទាន់ពេលវេលា។ លោក ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញក្តីរំពឹងទុកជាមុនថា ពិធីបុណ្យសមុទ្រជុំទី២នៅខេត្តកោះកុងនឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់ពី២៥ម៉ឺនទៅ៣០ម៉ឺននាក់ និយាយដោយមិនស្ទាក់ស្ទើរឡើយនៅចំពោះមុខក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៧លោកថោងខុងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប៉ាន់ស្មានជាបឋមភ្លាមៗអំពីតួនាទីភ្ញៀវទេសចរពី២៥ម៉ឺននាក់ទៅ៣០ម៉ឺននាក់ដែលនឹងមកលេងកម្សាន្តបុណ្យសមុទ្រជុំទី២ នៅខេត្តកោះកុង ចុងឆ្នាំ២០១៨នេះ។
បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៤បុណ្យសមុទ្រជុំទី១គឺមានភ្ញៀវទេសចរសរុបតែ១០ម៉ឺននាក់ប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រាប់ពីមូលហេតុអាចមានភ្ញៀវទេសចរច្រើនបែបនេះ ដោយសារតែខេត្តកោះកុងជាខេត្ត មួយមានសក្តានុពលរមណីដ្ឋានអេកូទេសចរធម្មជាតិជាច្រើនកន្លែង និងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតទៀតផង។
ជាក់ស្តែង ជាង៤ខែទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រជុំទី២ សម្រាប់ខេត្តកោះកុងនឹងចូលមកដល់ ដើម្បីទាក់ទាញភ្ញៀវទេសចរលេងកម្សាន្តច្រើន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏ជំរុញឱ្យអាជ្ញាធរខេត្តកោះកុង ចាំបាច់បង្កើនការកែលម្អនូវសោភ័ណ្ឌបរិស្ថានសណ្តាប់ធ្នាប់ល្អ សេវាកម្មម្ហូបអាហារស្នាក់នៅ និងផ្លូវថ្នល់ធ្វើដំណើរអោយស្អាត។
គួរបញ្ជាក់ថា បុណ្យសមុទ្រចុងឆ្នាំ២០១៨នៅកោះកុង នឹងធ្វើរៀបចំរយៈពេល៣ថ្ងៃ ដោយប្រព្រឹត្តទៅតាមទីរមណីដ្ឋានកម្សាន្តជាច្រើនគោលដៅដែលបានកំណត់ទុករួចជាស្រេច ដូច្នេះអាចខុសប្លែកពីកាលបុណ្យសមុទ្រជុំទី១។
អ្វីដែលជាក្តីព្រួយបារម្ភរបស់រដ្ឋមន្ត្រីទេសចរណ៍ គឺស្ថានភាពផ្លូវជាតិលេខ៤៨ ដែលលំបាកធ្វើដំណើរទៅមកបន្តិច ទោះយ៉ាងណា ក្រសួងសាធារណការ នឹងខិតខំសហការគ្នាពន្លឿនការជួលជុលអោយបានទាន់ពេលវេលា។
ប៉ុន្តែមិនធានាសម្រេចបានល្អ១០០ភាគរយទេគឺអាស្រ័យអាកាសធាតុផ្ទាល់តែម្តង។ទាក់ទិននឹងការទទួលរៀបចំបុណ្យសមុទ្រជុំទី២ នេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានឱ្យដឹងថា អាជ្ញាធរ និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តរបស់លោកស្រីបានត្រៀមខ្លួនស្វាគមន៍បដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ទិសទី។
តាមរយៈការងារកែលម្អសោភ័ណ្ឌសួនច្បារផ្លូវថ្នល់សេវាកម្មស្នាក់នៅហូបចុកសន្តិសុខសណ្តាប់ធ្នាប់តម្លើងបង្គោលភ្លើងបំភ្លឺដងផ្លូវសំខាន់ៗនិងសម្អាតបរិស្ថានតាមតំបន់ឆ្នេរសមុទ្រជាដើម។បើគ្មានអ្វីកែប្រែទេនោះ ពិធីបុណ្យសមុទ្រជុំទី២នៅទីរួមខេត្តកោះកុង ពាក់កណ្តាលខែធ្នូ ចុងឆ្នាំ២០១៨ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នឹងអញ្ជើញជាអធិបតីភាពបើកដំណើរការពិធីបុណ្យសមុទ្រជាមួយនឹងភ្ញៀវទេសចរ។
ជាផែនការកម្ពុជាក៏នឹងសម្របសម្រួលជាមួយភាគីអាជ្ញាធរថៃផងដែរក្នុងគោលដៅទាក់ទាញបរទេសអាចឆ្លងដែនមកលេងកម្សាន្តឱ្យកាន់តែច្រើនថែមទៀត៕